ព័ត៌មានអន្ដរជាតិ
លោក Biden បញ្ជាក់ជាថ្មីថា អាមេរិក នឹងប្រើកម្លាំងយោធាពាំង តៃវ៉ាន់ បើ ចិន ហ៊ានលុកលុយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចេញមកបញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងមិនបោះបង់ចោលចិត្តគំនិត ក៏ដូចជាលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីពាំងការពារតៃវ៉ាន់នោះទេ ប្រសិនបើចិនហ៊ានបើកការលុកលុយទៅលើដែនកោះមួយនេះ ។
ថ្លែងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទស្សនាវដ្ដី Time នៅឯសេតវិមានកាលពីពេលថ្មីៗនេះ, លោក Biden បានលើកឡើងថា លោកបានបញ្ជាក់ច្បាស់ៗទៅកាន់លោកប្រធានាធិបតីចិន Xi Jinping រួចហើយ សហរដ្ឋអាមេរិកមិនបានស្វែងរកឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់នោះទេ ប៉ុន្តែលោកក៏មិនបោះបង់ការប្រើកម្លាំងយោធាអាមេរិកក្នុងករណីមានការលុកលុយណាមួយនោះដែរ ។
លោកប្រធានាធិបតីវ័យ ៨២ ឆ្នាំរូបនេះបានកត់សម្គាល់ថា ការមិនស្វែងរកឯករាជ្យភាពតៃវ៉ាន់ គឺជាគោលនយោបាយរបស់អាមេរិកជាយូរយារណាស់មកហើយ ហើយវាក៏អាចទៅរួចផងដែរដែលថា យោធាអាមេរិកនឹងធ្វើជាខ្នងបង្អែកការពារតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងព្យាយាមបង្រួបបង្រួមជាមួយដែនកោះមួយនេះដោយការប្រើកម្លាំងបាយ ។
វោហារសាស្ត្ររបស់លោកប្រធានាធិបតីទី ៤៦ របស់អាមេរិករូបនេះកើតមានឡើង បន្ទាប់ពីសុន្ទរកថាដ៏ក្ដៅគគុករបស់ប្រមុខការពារជាតិចិនលោក Dong Jun នៅឯកិច្ចប្រជុំសន្តិសុខ Shangri-La ពាក់ព័ន្ធនឹងការប្រើកម្លាំងបាយទៅលើការទាមទារឯករាជ្យភាពតៃវ៉ាន់ ហើយក្នុងនោះលោកបានបញ្ជាក់ថា យោធាចិនបានរៀបជើងព្រួលរួចជាស្រេចដើម្បីប្រើកម្លាំងយោធាបញ្ឈប់ការចិញ្ចឹមចិត្តទាមទារឯករាជ្យភាពរបស់តៃវ៉ាន់ ។
ទន្ទឹមនោះ ចិននៅតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានម្តងហើយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនមិនគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តៃវ៉ាន់នោះទេ ព្រោះវាជាផលប្រយោជន៍ស្នូល រួមទាំងជាបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយចាត់ទុកការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់ជាការបង្កហេតុ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលតៃវ៉ាន់ក្រោមការកាច់ចង្កូតនាវាដោយប្រធានាធិបតីថ្មីគឺលោក Lai Ching-te ក៏បានចេញការឆ្លើយតបចំពោះការប្រកាសឥតញញើតមាត់របស់ប្រមុខការពារចិនរូបនេះផងដែរ ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងដែរថា តៃវ៉ាន់ពិតជាមានការសោកស្ដាយជាពន់ពេកចំពោះការលើកឡើងដែលមានលក្ខណៈបង្ករឿង និងមិនសមហេតុផលយ៉ាងដូច្នេះ ។
គួរបញ្ជាក់ថា លោក Lai Ching-te បានស្បថចូលកាន់តំណែងជំនួសប្រធានាធិបតីផុតអាណត្តិគឺលោកស្រី Tsai Ing-wen កាលពីថ្ងៃទី២០ ខែឧសភា ខណៈមេដឹកនាំមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ (DPP) រូបនេះត្រូវចិនចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់