Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អំពាវនាវ​ឲ្យ​​បោះឆ្នោត​លើ​សំណើ​បទ​ឈប់​បាញ់​​នៅ​ហ្គាហ្សាក្នុងក្រុម​ប្រឹក្សា​​សន្តិសុខ UN

បានផុស

នៅ

សហរដ្ឋ​អាមេរិក កាល​​ពី​ថ្ងៃ​​ទី​៩ ខែ​មិថុនា បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​​សហ​ប្រជាជាតិ​លើ​​​បទ​​ឈប់​បាញ់​៣​ដំណាក់​កាល​សម្រាប់​សង្គ្រាម​កំពុង​មាន​​នៅ​តំបន់​ហ្គាហ្សា។ នេះ​បើ​យោង​តាម​​លោក​ Nate Evans អ្នក​​នាំ​ពាក្យ​​អាមេរិក​ប្រចាំ​ការ​នៅ​ UN។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Evans ថា សំណើ​បទ​​ឈប់​បាញ់​៣​ដំណាក់​កាល​នេះ ត្រូវ​បាន​ប្រកាស​​ចេញ​​ដោយ​លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក និង​​រៀប​ចំ​ឡើង​ដោយ​អ៊ីស្រាអែល។ មន្ត្រី​អាមេរិក​រូប​នេះ បាន​រៀបរាប់​ថា “ដូច​ដែល​យើង​​បាន​សង្កត់​ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ឲ្យ​មាន​បទ​ឈប់​បាញ់​ភ្លាមៗ ការ​ដោះ​លែង​ចំណាប់​ខ្មាំង ការ​ដក​កង​​កម្លាំង​ទ័ព​អ៊ីស្រាអែល​ពី​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​សម្រាប់​ដំណាក់​កាល​ដំបូង ការ​កើន​ឡើង​ភ្លាមៗ​នៃ​ជំនួយ​មនុស្សធម៌ និង​ការ​ស្ដារ​ឡើង​វិញ​នូវ​សេវា​​មូលដ្ឋាន ព្រមទាំង​​ការ​ឲ្យ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ត្រឡប់​ទៅ​​កាន់​ភាគ​ខាង​ជើង​ហ្គាហ្សា​វិញ រួម​ទាំង​​ការ​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ភាព​បញ្ចប់​វិបត្តិ​​​ទាំង​ស្រុង និង​ផែន​ការ​កសាង​​ឡើង​វិញ​ដោយ​មាន​ការ​គាំទ្រ​​ពី​អន្តរជាតិ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ”។

លោក Evans បាន​​​បញ្ជាក់​ថា អ៊ីស្រាអែល បាន​ទទួល​យក​សំណើ​នេះ​រួច​​ហើយ នៅ​ឡើយ​ចាំ​តែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​បើក​ឱកាស​និយាយ​​ចរចា​​ប៉ុណ្ណោះ​ជាមួយ​ភាគី​ជម្លោះ​​ទាំង​សងខាង​ម្ដង​ម្នាក់ៗ។

បើ​តាម​ប្រភព​ចេញ​ពី​អង្គការ​សហ​ប្រជាជាតិ បាន​​បង្ហើប​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​លើ​បទ​ឈប់​បាញ់​អាច​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​របៀប​វារៈ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​ នា​ដើម​សប្ដាហ៍​នេះ។

តំបន់​ហ្គាហ្សា (រូបភាព៖ Getty Images)

សូម​បញ្ជាក់​ថា ​អ៊ីស្រាអែល បាន​បន្ត​ការ​វាយលុក​ដ៏​ឃោរឃៅ​របស់​ខ្លួន​លើ​តំបន់​ហ្គាហ្សា ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា ដោយ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ទោះ​បី​ជា​មាន​ដំណោះស្រាយ​​​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ទាមទារ​​ឲ្យ​មាន​បទ​ឈប់បាញ់​ជា​បន្ទាន់​ក៏​ដោយ។

ចាប់​តាំង​ពី​ពេល​នោះ​មក ជនជាតិ​ប៉ាឡេស្ទីន​ជាង ៣៧ ០០០ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហ្គាហ្សា ដែល​ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ ហើយ​ជិត ៨៤ ៥០០​នាក់​ ផ្សេង​ទៀត​បាន​រងរបួស។ នេះ​បើ​យោង​តាម​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​​ហ្គាហ្សា។

ក្នុង​រយៈ​៨​ខែ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម តំបន់​ហ្គាហ្សា​ដ៏​ធំ​ល្វឹង​ល្វើយ​ ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ដំណំ បូក​រួម​ទាំង​ភាព​ជាប់​គាំង​នៃ​​​​ការ​ដឹក​ជញ្ជូន​ចំណី​អាហារ ទឹក​ស្អាត និង​​ថ្នាំ​ពេទ្យ៕

ដោយ៖ ឈាង

អាន​បន្ថែម៖ បទ​ឈប់​បាញ់​៣​ដំណាក់កាល របស់​អាមេរិក សម្រាប់​បិទ​បញ្ចប់​សង្គ្រាម​នៅ​ហ្គាហ្សា មាន​អ្វី​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម