Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមលីបង់ Hezbollah វាយ​ប្រហារ​ទីតាំង​យោធា​៩​កន្លែង​របស់​អ៊ីស្រាអែល

បានផុស

នៅ

ទីតាំង​យោធា​ចំនួន​​៩​កន្លែង​របស់​អ៊ីស្រាអែល បាន​រង​ការ​វាយ​ប្រហារ​ដោយ​​គ្រាប់​រ៉ុក្កែត និង​ដ្រូន របស់​ក្រុម Hezbollah កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដែល​នេះ​គឺ​ជា​អរិភាព​កើត​ឡើង​នៅ​តាម​បន្ទាត់​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​​គ្នា។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​យោធា​លីបង់ ថា ការ​វាយ​​ប្រហារ​​នេះ គឺ​ជា​ការ​សងសឹក​ ដែល​អ៊ីស្រាអែល បាន​សម្លាប់​​មេ​បញ្ជាការ​​ជាន់​ខ្ពស់​ម្នាក់​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​​ទី​១១ ខែ​មិថុនា​កន្លង​ទៅ។ ការ​វាយ​ប្រហារ​លើក​នេះ គឺ​​ការ​វាយ​ប្រហារ​ដ៏​ធំ​​បំផុត​របស់​ក្រុម​ Hezbollah មក​លើ​អ៊ីស្រាអែល គិត​ចាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០២៣ ស្រប​​ពេល​ដែល​អ៊ីស្រាអែល​កំពុង​ផ្ទុះ​មាន​សង្គ្រាម​ជាមួយ​ក្រុម​ហាម៉ាស​​នៅ​តំបន់​ហ្គាហ្សា។

យោង​តាម​ប្រភព​ពី​​ភ្នាក់ងារ​សន្តិសុខ​លីបង់ បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ បាន​សំដៅ​ចំ​គោល​ដៅ​អគារ​មួយ​កន្លែង​ស្ថិត​​​​នៅ​ទីក្រុង Tyre ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ជា​ជនស៊ីវិល​បាន​ស្លាប់ និង​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស ហើយ​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​កុមារ។ បន្ថែម​ពី​នេះ ក្រុម Hezbollah បាន​​បាញ់​​គ្រាប់​រ៉ុក្កែត​​ប្រភេទ Katyusha និង Falaq ច្រើន​ជាង​១០០​គ្រាប់ នៅ​ទីតាំង​យោធា​ចំនួន​៦​កន្លែង​របស់​អ៊ីស្រាអែល។ ទន្ទឹម​នោះ ទីស្នាក់ការ​កណ្ដាល​នៃ​បញ្ជាការ​ភាគ​ខាង​ជើង​របស់​អ៊ីស្រាអែល ក៏​ត្រូវ​រង​ការ​វាយ​ប្រហារ​ផង​ដែរ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម Hezbollah យ៉ាង​ហោច​ណាស់​ក៏​៣០​គ្រឿង។

(រូបភាព៖ AFP)

សូម​បញ្ជាក់​ថា ក្រុម​យោធា​លីបង់ ដែល​មាន​ការ​គាំទ្រ​ដោយ​​អ៊ីរ៉ង់ និង​ក្រុម​យោធា​អ៊ីស្រាអែល បាន​បង្កើត​ជម្លោះ​ប្រដាប់​អាវុធ​នឹង​គ្នា​ស្ទើរ​រៀង​រាល់​ថ្ងៃ គិត​ចាប់​តាំង​ពី​​សង្គ្រាម​នៅ​ហ្គាហ្សា​​​កាល​ពី​ខែ​តុលា​កន្លង​​ទៅ។ យ៉ាង​ណា​មិញ ការ​វាយ​ប្រហារ​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​​កន្លង​ទៅ​នេះ ត្រូវ​​គេ​ដឹង​ថា​ជា​ការវាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន ក្រោយ​ពី​អ៊ីស្រាអែល​បាន​សម្លាប់​​មេញ្ជាការ​មួយ​​រូប​​របស់​ក្រុម Hezbollah។

យោង​​តាម​​ទីភ្នាក់ងារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ និង​សម្លាប់​ក្រុម​ប្រយុទ្ធ Hezbollah នៅ​លីបង់ ច្រើន​ជាង ៣០០​នាក់​ឯណោះ ដោយ​ក្នុង​នោះ​មាន​ជន​​ស៊ីវិល​ប្រហែល​៨០​នាក់ ដែល​តួ​លេខ​នេះ​គឺ​ជា​ចំនួន​​ខ្ពស់​​បំផុត​មួយ​​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ បន្ទាប់​ពី​​ជម្លោះ​រ៉ាំរ៉ៃ​​​រវាង​ភាគី​ទាំង​២។ ដោយ​ឡែក បើ​តាម​អ៊ីស្រាអែល​វិញ ក្រុម​លីបង់​បាន​វាយ​​ប្រហារ​និង​សម្លាប់​ទាហាន​របស់​ខ្លួន​​អស់​ចំនួន ១៨​នាក់ និង​ជន​ស៊ីវិល ១០​នាក់៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម