ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រាប់ចិនថា កុំបានតែនិយាយតែអត់ធ្វើ
រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមិថុនា បានជំរុញឲ្យមហាយក្សចិនបញ្ចៀសនូវរាល់សកម្មភាពរបស់ខ្លួន ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមនាវិក និងកប៉ាល់ នៅលើផ្ទៃសមុទ្រចិនខាងត្បូង។ បន្ថែមពីនេះ ហ្វីលីពីន និយាយថា សន្តិភាពមិនអាចសម្រេចបាននោះទេ ប្រសិនបើចិននិយាយផ្សេង តែធ្វើផ្សឹង នៅក្នុងជម្លោះដែនទឹកមួយនេះ។

ក្រសួងការបរទេសហ្វីលីពីន បានថ្កោលទោសចំពោះទង្វើរបស់ក្រុងប៉េកាំងថា “ខុសច្បាប់ និងឈ្លានពាន” នៅក្នុងការប៉ះទង្គិចគ្នារវាងកប៉ាល់ប្រទេសទាំង២នៅលើសមុទ្រចិនខាងត្បូង ដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ហើយបណ្ដាលឲ្យកងទ័ពជើងទឹកហ្វីលីពីនម្នាក់រងរបួសធ្ងន់ធ្ងរ ព្រមទាំងបង្កការខូចខាតដល់កប៉ាល់របស់ក្រុងម៉ានីល។
ហ្វីលីពីន បានរៀបរាប់ថា ខ្លួនកំពុងខិតខំប្រឹងប្រឹង ដើម្បីបង្កើតឲ្យបាននូវកិច្ចសន្ទនា និងការពិភាក្សាជាមួយប្រទេសចិន ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រ ដែលកំពុងកើនកម្ដៅគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ ហ្វីលីពីន បន្តថា ការចង់បានសន្តិភាពស្ថិតតែនៅលើបបូរមាត់ចិន តែជាក់ស្ដែងទង្វើដែលបង្ហាញមកគឺខុសស្រឡះពីនិយមន័យនៃសន្តិភាពទៅវិញ។
ចិន និងហ្វីលីពីន បានធ្វើជំនួប និងយល់ព្រមគ្នាលើការបង្កើនទំនាក់ទំនងដែនសមុទ្រ កាលពីខែមករា ដើមឆ្នាំ២០២៤។ ប៉ុន្តែមកទល់នឹងពេលនេះ ភាពតានតឹងរវាងប្រទេសទាំង២ហាក់មិនថមថយអ្វីឡើយ តែបែរជាកាន់តែថ្នើងថ្នាក់នឹងគ្នា ក៏ដូចជាការបង្កជម្លោះជាហូរហែមិនដាច់ស្រេចទាល់តែសោះ។
ក្រៅតែពីហ្វីលីពីន ទាំងចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ក៏បានធ្វើការថ្កោលទោសផងដែរចំពោះទង្វើ និងការទាមទាររបស់ក្រុងប៉េកាំងនៅលើដែនសមុទ្រចិនខាងត្បូង ជាពិសេសនោះគឺការបង្កើតច្បាប់ថ្មីដោយឯកឯង ក្នុងការឃាត់ខ្លួនជនបរទេស ដែលបានចូលមកដែនសមុទ្រចិនខាងត្បូង ដោយមិនចាំបាច់កាត់ទោសជាមុន។ ច្បាប់ថ្មីរបស់ចិននេះ បានចូលជាធរមានកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះដែនសមុទ្ររវាងហ្វីលីពីន និងចិន លោក Athony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានធ្វើការពិភាក្សាគ្នាមួយតាមរយៈទូរសព្ទជាមួយរដ្ឋាភិបាលក្រុងម៉ានីល ហើយអាមេរិកក៏បានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនជួយដោះស្រាយបញ្ហាជម្លោះនេះ ក្រោមសន្ធិសញ្ញាការពារជាតិរវាងសម្ព័ន្ធមិត្តទាំង២។

សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូង ប្រៀបដូចជាសាច់ខ្លាញ់មួយដុំ ដែលមានសក្ដានុពលខ្លាំងចំពោះចរាចរណ៍ទំនិញអន្តរជាតិក្នុងតម្លៃជាង ៣ទ្រីលានដុល្លារឯណោះជាប្រចាំឆ្នាំ។ ចិនបានទាមទារអធិបតេយ្យភាពភាគច្រើននៅលើសមុទ្រចិនខាងត្បូង ដោយក្នុងនោះបូករួមទាំងផ្ទៃទឹកដែលត្រូវបានអះអាងដោយ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងព្រុយណេ ផងដែរ។ ជាចំណាត់ការរបស់ហ្វីលីពីន ក្រុងម៉ានីលបានដាក់នាវាចម្បាំង១គ្រឿងនៅតំបន់ Second Thomas Shoal ចាប់តាំងពីឆ្នាំ១៩៩៩មកម៉្លេះ ដើម្បីបង្ហាញជាការជំទាស់ចំពោះការទាមទាររបស់ចិន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?