Connect with us

ព័ត៌មានអន្ដរជាតិ

មូលនិធិ​ SIF ផោ្តតលើផលប៉ះពាល់ទឹកបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ

បានផុស

នៅ

មូលនិធិ Singapore International Foundation (SIF) សហការជាមួយ World Economic Forum ថ្មីៗនេះ នៅប្រទេសសិង្ហបុរី បានដាក់សម្ពោធជាផ្លូវការនូវវេទិកាពហុភាគីក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៃការប្រែប្រួលអាកាសធាតុ ដោយផ្តោតចំបងលើបញ្ហានានាដែលទាក់ទងនឹងទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី Mr. Tharman Shanmugaratnam បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះ។ លោកក៏ជាម្ចាស់ជំនួយនៃ SIF ជាសហប្រធាននៃ GCEW ហើយក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ World Economic Forum’s Board of Trustees។

លោកប្រធានាធិបតី Mr. Tharman បានសង្កត់ធ្ងន់លើការគ្រប់គ្រងតម្រូវការសម្រាប់ការប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពនៅគ្រប់វិស័យក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីការធ្វើស្រែចម្ការ រហូតដល់ផលិតកម្មថ្នាក់ខ្ពស់ ដោយលើកឡើងពីភាពងាយរងគ្រោះដែលកំពុងកើនឡើងនៅក្នុងតំបន់ទាក់ទងនឹងកង្វះខាតទឹក និងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។

លោកបានមានប្រសាសន៍ថា៖ “ដំណឹងល្អនោះគឺដំណោះស្រាយសម្រាប់បញ្ហាទឹកគឺអាចដោះស្រាយបាន។ ប៉ុន្តែវាទាមទារភាពជាដៃគូដ៏រឹងមាំ ដើម្បីជំរុញការវិនិយោគទាំងក្នុងបច្ចេកវិទ្យាថ្មី និងដំណោះស្រាយដែលអាចសម្រេចបានខាងសេដ្ឋកិច្ចជាក់លាក់។ SEAPAW បានប្រើប្រាស់បណ្តាញក្នុងតំបន់របស់ SIF និងអ្នកជំនាញរបស់ World Economic Forum លើកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន ហើយអាចជំរុញការវិនិយោគទាំងនេះក្នុងភាពធន់ នៃទឹកសម្រាប់ជាប្រយោជន៍ក្នុងតំបន់ និងពិភពលោកទាំងមូល”។

លោកស្រី Neo Gim Huay នាយិកាគ្រប់គ្រង មជ្ឈមណ្ឌលធម្មជាតិ និងអាកាសធាតុ មកពី World Economic Forum បានមានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រអាកាសធាតុដ៏រឹងមាំត្រូវតែរួមបញ្ចូលយុទ្ធសាស្រ្តការពារទឹក ដើម្បីពង្រឹងភាពធន់នៃជីវកម្ម និងធានាថាជីវិត និងជីវភាពរស់នៅមានភាពប្រសើរឡើង។ ដោយឡែក ប្រមាណជា ៩០% នៃព្រឹត្តិការណ៍ប៉ះពាល់អាកាសធាតុនានាមានការទាក់ទងនឹងទឹក។ ប្រសិនបើយើងអាចការពារធនធានទឹករបស់យើងបាន យើងក៏នឹងអាចកាត់ស្តារឡើងវិញ ហើយបន្ថយនូវគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុបានប្រសើរជាងមុនដែរ។ World Economic Forum មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយមូលនិធិ Singapore International Foundation ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ក្នុងការបន្សាំខ្លួន និងបង្កើនភាពធន់របស់សហគមន៍តាមរយៈការថែក្សាធនធានទឹក”។

លោកសាស្ត្រាចារ្យ Khoo Teng Chye  ត្រូវបានតែងតាំងជាប្រធាន SEAPAW ក្នុងពិធីសម្ពោធនោះ។ លោកនាំមកនូវបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការរៀបចំផែនការទីក្រុង និងនិរន្តរភាពបរិស្ថាននៅទូទាំងវិស័យសាធារណៈ និងឯកជន។ បច្ចុប្បន្ននេះលោកជានាយក NUS Cities និងជាសាស្រ្តាចារ្យ នៃមហាវិទ្យាល័យផ្នែក ឌីហ្សាញ និងវិស្វកម្មនៅសាកលវិទ្យាល័យ National University of Singapore ។ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យ Khoo ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិជាច្រើន និងជាគណៈកម្មាធិការប្រឹក្សា ដោយលើកកម្ពស់ដល់គម្រោងនានាដែលទាក់ទងនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

លោកបានមានប្រសាសន៍ថា៖ “វិបត្តិទឹកមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងការប្រែប្រួលអាកាសធាតុ  ហើយបណ្តាប្រទេសទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាមួយនេះ។ SEAPAW ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីកៀរគរភាគីពាក់ព័ន្ធនានា និងប្រើប្រាស់គោលនយោបាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រីកការវិនិយោគ ការប្រើប្រាស់ ការកំណត់ភាពធន និងនិរន្តរភាពនៃទឹក។ លោកបានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាត្រួសត្រាយផ្លូវនៅក្នុងតំបន់នេះលោកបានប្តេជ្ញាចិត្តក្នុងការដឹកនាំ និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតប្រកបដោយសមភាព រួមបញ្ចូល និងការពារផលប៉ះពាល់ដែលទាក់ទងនឹងបរិស្ថាននាពេលអនាគត។

គួរបញ្ជាក់ថា SEAPAW គឺជាវេទិកាដំបូងគេបង្អស់នៅក្នុងតំបន់ផ្តោតលើការពង្រឹងភាពធន់នៃទឹក ដែលជាវិធីសាស្រ្តមួយសម្រាប់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ SEAPAW នឹងជំរុញឱ្យភាគីពាក់ព័ន្ធនានាគាំទ្រដល់ចក្ខុវិស័យរួម ជំរុញដល់គម្រោងឆ្លងដែន និងការពន្លឿនការផ្តល់ហិរញ្ញប្បទានបន្សាំតាមរយៈគំរូក្នុងវិស័យសាធារណៈ-ឯកជន-សប្បុរសធម៌។ ភាគីពាក់ព័ន្ធទាំងនោះរួមមាន៖ ដៃគូចំណេះដឹង អ្នកផ្តល់ដំណោះស្រាយ ស្ថាប័នហិរញ្ញវត្ថុ និងសប្បុរសជន ក៏ដូចជារដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយនានា។ SEAPAW នឹងផ្តោតលើការរីកលូតលាស់ក្នុងសហគមន៍ ហើយកំណត់ឱ្យឃើញពីតំបន់សំខាន់ៗដែលពាក់ព័ន្ធដល់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះវានឹងបង្ហាញឱ្យយើងបានដឹងផងដែរអំពីវឌ្ឍនភាពគោលដៅភាពធន់នៃទឹកក្នុងតំបន់ និងការសម្របខ្លួនទៅនឹងអាកាសធាតុ ដែលនឹងបញ្ជាក់អំពីតំបន់ដែលត្រូវការជំនួយក្នុងពេលខាងមុខ។ SEAPAW ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងកិច្ចសន្ទនាដែលរៀបចំដោយ SIF, World Economic Forum រួមជាមួយនិង Global Commission on the Economics of Water (GCEW)។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងស្របនឹងកម្មវិធី Singapore International Water Week 2024 ។ គោលបំណងរបស់គម្រោង SEAPAW គឺស្របតាមគោលការណ៍រួមដែល GCEW បានធ្វើការអំពាវនាវការសហការជាធ្លុង និងកសាងការការពារធនធានទឹកសម្រាប់ពេលអនាគតប្រកបដោយសមធម៌ និងនិរន្តរភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម