Connect with us

ព័ត៌មានអន្ដរជាតិ

Honda ប្រកាស​ឈប់​ផលិត Super Cub 50cc ​នៅ​ឆ្នាំ​២០២៥

បានផុស

នៅ

ត្រឹម​ចុង​ឆ្នាំ​២០២៥​ខាង​មុខ ក្រុមហ៊ុន Honda នឹង​បញ្ឈប់​​ការ​ផលិត​ម៉ូតូ ដែល​មានទំហំ​ស៊ីឡាំង 50cc ដោយ​ក្នុង​​នោះ​ក៏​មាន​ម៉ូតូ​​​ដ៏​​ពេញ​និយម​​​ស៊េរី Super Cub 50cc ផង​ដែរ ដើម្បី​អនុលោម​តាម​ច្បាប់​​​​​ថ្មី​ស្ដី​ពី​ការ​បំភាយ​​ផ្សែង​ពុល​​​របស់​ប្រទេស​ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Honda បាន​ប្រកាស​ថា ការ​បញ្ឈប់​នេះ ធ្វើ​ឡើង​​ឲ្យ​សមស្រប​ទៅ​តាម​ច្បាប់​ទប់​ស្កាត់​ការ​បំភាយ​ផ្សែង​​​របស់​ជប៉ុន ដែល​នឹង​ចូល​ជា​ធនមាន​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ សម្រាប់​​​ម៉ូតូ​ដែល​មាន​ម៉ាស៊ីន​តូចៗ នឹង​​ពិបាក​សម្រប​តាម​​ច្បាប់​ថ្មី​នេះ​ ដែល​តម្រូវ​ឲ្យ​​មាន​​ការ​បំពាក់​​បន្ថែម​នូវ​បច្ចេកវិទ្យា​​​បម្លែង​ផ្សែង និង​កាត់​បន្ថយ​ចំហេះ ខណៈ​ដែល​តម្លៃ​នៃ​គ្រឿង​បន្លាស់​ទាំង​នេះ​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​ខ្លាំង។

មួយ​វិញ​ទៀត ការ​បញ្ឈប់​ផលិត​ម៉ូតូ​ទំហំ​ស៊ីឡាំង​​ ៥០cc នេះ ក៏​ព្រោះ​តែ​តម្រូវ​ការ​នៅ​ក្នុង​ទីផ្សារ​មាន​ការ​ធ្លាក់​ចុះ​​យ៉ាង​គំហុក ហើយ​​អតិថិជន​ភាគ​ច្រើន​បាន​ងាក​ទៅ​ប្រើប្រាស់​ប្រភេទ​​ម៉ូតូ​អគ្គិសនី​វិញ។ កាល​ពី​ឆ្នាំ​១៩៨២ ម៉ូតូ​​ប្រភេទ 50cc អាច​លក់​ចេញ​បានចំនួន ២,៧៨​លាន​គ្រឿង តែ​មក​ទល់​នឹង​បច្ចុប្បន្ន Honda អាច​លក់​ចេញ​បាន​តែ​ជាង ៩​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ បើ​ផ្អែក​តាម​របាយការណ៍​លក់​កាល​​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ។

Super Cub 50cc ធ្លាប់​ជា​ម៉ូតូ​ដ៏​ពេញ​និយម​ខ្លាំង​បំផុត​​នៅ​លើ​ពិភពលោក​​​​ ជា​ពិសេស​នៅ​តាម​តំបន់​អាស៊ី។ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨ មក​ទល់​នឹង​ឥលូវ ម៉ូតូ Super Cub ត្រូវ​បាន​លក់​ចេញ​ក្នុង​ចំនួន​ច្រើន​ជាង ១១០​លាន​គ្រឿង​ឯណោះ។

ក្រៅ​តែ​ពី Super Cub ក្រុមហ៊ុន Honda ក៏​នឹង​បញ្ឈប់​ការ​ផលិត​​​​ម៉ូតូ​​​ទំហំ​ស៊ីឡាំង 50cc ផ្សេង​ទៀត​ផង​ដែរ ដូចជា Honda Giorno, Honda Dio, Honda Dunk និង Scoopy 50cc៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម