Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ញ៉ាំ​វីតាមីន​ប្រចាំ​ថ្ងៃ មិនអាច​ជួយ​ឲ្យ​អាយុ​វែង​ទេ តែ​អាច​បង្ក​ជា​បញ្ហា​មួយ​ទៅ​វិញ

បានផុស

នៅ

របក​គំហើញ​វេជ្ជសាស្ត្រ​ថ្មី​មួយ បាន​រក​ឃើញ​ថា ការ​ទទួល​​ទាន​វីតាមីន​​ចម្រុះ​រាល់​ថ្ងៃ មិន​អាច​​ជួយ​ឲ្យ​មនុស្ស​រស់នៅ​បាន​យូរ​ជាង​មុន​នោះ​ទេ តែ​វា​អាច​បង្ក​ជា​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​​ទៅ​វិញ។ ការ​សិក្សា​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​​ស្រាវជ្រាវ​​​នៅ​​​វិទ្យាស្ថាន​មហារីក​ជាតិ​នៃ​សហរដ្ឋ​អាមេរិក ដែល​បាន​វិភាគ​លើ​កំណត់ត្រា​សុខភាព​​មនុស្ស​ពេញ​វ័យ​ជិត ៤០​ម៉ឺន​នាក់ ក្នុង​រយៈពេល​ជាង​​២០​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​អំឡុង​​​​ការ​សិក្សា​ស្រាវជ្រាវ​​​ដែល​ចាប់​ផ្ដើម​តាំង​ពី​​ទស្សវត្សរ៍​ឆ្នាំ​១៩៩០​មក​ ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​​ទទួល​ទាន​វីតាមីន​ចម្រុះ​ជា​ប្រចាំ​ថ្ងៃ មាន​អត្រា​​ស្លាប់​មុន​អាយុ​​ច្រើន​ជាង​​អ្នក​ដែល​មិន​​បាន​ទទួល​ទាន ដល់​ទៅ​ជាង ៤% ឯណោះ។ ផ្អែក​លើ​ទិន្នន័យ​នេះ​ហើយ​ទើប​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​អាមេរិក បាន​​សន្និដ្ឋាន​ថា ការ​អះអាង​ដែល​ថា​វីតាមីន​អាច​ជួយ​ឲ្យ​មនុស្ស​រស់នៅ​យូរ​អង្វែង​ជា​ង​មុន​គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ ថ្វីត្បិត​បច្ចុប្បន្ន​មនុស្ស​​ភាគ​ច្រើន​​នៅ​លើ​​ពិភពលោក​​កំពុង​​​នាំ​គ្នា​​​ចំណាយ​​លុយ​អស់​ជា​ច្រើន​សន្ធឹក​លើ​​ថ្នាំ​វីតាមីន ឬ​អាហា​របំប៉ន​នានា។

ទីផ្សារ​សកល​នៃ​​ថ្នាំ​វីតាមីន និង​អាហារ​បំប៉ន មាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ដល់​ខ្ទង់ ១០​ពាន់​លាន​ដុល្លារ​ឯណោះ​ជា​រៀងរាល់​ឆ្នាំ។

ទោះ​មាន​ការ​ពេញ​និយម​ខ្លាំង​នៃ​ការ​ទទួល​ទាន​វីតាមីន ក៏​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ នៅ​តែ​​​បង្ហាញ​ការ​សង្ស័យ​ពី​អត្ថប្រយោជន៍​​​ ដែល​បាន​​ផ្សព្វផ្សាយ​​អំពី​ថ្នាំ​វីតាមីន ក៏​ដូចជា​អាហារ​បំប៉ន​ទាំង​នោះ។ បន្ថែម​​ពី​នេះ ក្រុម​អ្នក​ស្រាវជ្រាវ ក៏​បាន​ព្រមាន​ពី​ប្រភេទ​ថ្នាំ​វីតាមីន​មួយ​ចំនួន ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ ជាជាង​ការ​ហុច​ផល​ប្រយោជន៍​​​ផ្នែកសុខភាព​រាងកាយ។ ជា​ឧទាហរណ៍​​ដូចជា ប្រភេទ​អាហារ​បំប៉ន ដែល​មាន​សារធាតុ beta-carotene ​ប្រឆាំង​ជំងឺ​មហារីក អាច​បង្ក​ជា​ហានិភ័យ​នៃ​ការ​ជំងឺ​មហារីក​សួត និង​ជំងឺ​បេះដូង​ទៅ​វិញ ព្រោះ​តែ​អាហារ​បំប៉ន​ប្រភេទ​នេះ​ខ្វះ​នូវ​សារធាតុ​គួប​ផ្សំ​សំខាន់ៗ។ អាហារ​​​បំប៉ន beta-carotene មាន​លក្ខណៈ​មិន​ដូចជា​គ្នា​ទៅ​​នឹង​អាហារ​ធម្មជាតិ​ដែល​មាន​​ផ្ទុក​សារធាតុ beta-carotene នោះ​ទេ។ ឧទាហរណ៍​មួយ​វិញ​ទៀត ការ​ទទួល​ទាន​ជាតិ​ដែក​​ដែល​មាន​នៅ​ក្នុង​ថ្នាំ​គ្រាប់​វីតាមីន​សឹង​តែ​គ្រប់​មុខ​ទៅ​ហើយ អាច​បង្ក​ជា​ហានិភ័យ​នៃ​ការ​លើស​ជាតិ​ដែក ហើយ​​បណ្ដាល​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​​ចាស់​វង្វេង។

វេជ្ជបណ្ឌិត Neal Barnard សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​​នៅ​សកលវិទ្យា​ល័យ George Washington និង​ជា​អ្នក​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​ខាង​លើ បាន​ប្រាប់​ថា វីតាមីន​មាន​ផល​​​ប្រយោជន៍​ក្នុង​លក្ខខណ្ឌ​​ច្បាស់លាស់​ប៉ុណ្ណោះ ដូចជា ការ​លេប​ថ្នាំ​វីតាមីន C, E និង ស័ង្កសី ដើម្បី​​ពន្យារ​ការ​ចុះ​ខ្សោយ​នៃ​ចក្ខុ ឬ​​ការ​លេប​វីតាមីន ដើម្បី​ព្យាបាល​ជំងឺ​ខ្វះ​វីតាមីន​ C និង​ជំងឺ​ចុះ​ខ្សោយ​ការ​ចង់ចាំ ជា​ដើម។ លោក​វេជ្ជបណ្ឌិត បាន​និយាយ​ថា ការ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នៃ​វីតាមីន គឺ​លើស​ពី​ការ​ពិត​ជាក់​ស្ដែង។ លោក Barnard បន្ត​ថា ជំនួស​ឲ្យ​ការ​ញ៉ាំ​ថ្នាំ​វីតាមីន មនុស្ស​​គ្រប់​រូប​គួរ​ទទួល​អាហារ​សុខភាព ដែល​ផ្ដល់​នូវ​​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ចម្រុះ ដោយ​មិន​គួរ​ទទួល​ទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ឆ្អែត និង​​កូឡេស្តេរ៉ុល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

ការ​ញ៉ាំ​វីតាមីន​ប្រចាំ​ថ្ងៃ មិនអាច​ជួយ​ឲ្យ​អាយុ​វែង​ទេ តែ​អាច​បង្ក​ជា​បញ្ហា​មួយ​ទៅ​វិញ

ព័ត៌មានជាតិ២៣ នាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់អភិបាលខេត្តកណ្តាលថ្មីបង្ក្រាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព តាមបទបញ្ជានាយករដ្ឋមន្ត្រី  

ជីវិតកម្សាន្ដ២៨ នាទី មុន

វណ្ណ ថាន សន្យានាំយកឧបករណ៍ភ្លេងខ្មែរទៅផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ

ព័ត៌មានជាតិ៣៣ នាទី មុន

អ្នកស្រី ប៉ុល ពិសី៖ បើកូនខ្មែរនៅតែសរសេរអក្សរខ្មែរខុស ថ្ងៃមុខនឹងគ្រោះថ្នាក់ដល់អក្សរសាស្ត្រខ្មែរ

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ភូកេត លិចលង់ដូចទន្លេ ក្រោយភ្លៀងធ្លាក់ខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម