ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ ថា ចិនខលតែមួយវឹង នោះសង្គ្រាមអ៊ុយក្រែននឹងបញ្ចប់ភ្លាម
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Bloomberg នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ បានឲ្យដឹងថា មហាយក្សចិនមានកូនសោសំខាន់ ដែលអាចពន្លត់ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Stubb បានបញ្ជាក់ថា កូនសោ ដែលអាចដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន គឺឥទ្ធិពលរបស់ចិនលើរុស្ស៊ី ខណៈរដ្ឋាភិបាលក្រុងមូស្គូ កំពុងប្រឈមនឹងភាពជាប់គាំងសេដ្ឋកិច្ចដ៏អាក្រក់ ព្រោះតែរងទណ្ឌកម្មពីលោកខាងលិច។ ប្រធានាធិបតីហ្វាំងឡង់ ថា “រុស្ស៊ីពឹងផ្អែកខ្លាំងលើចិននៅពេលឥលូវនេះ ដែលការហៅទូរសព្ទតែមួយវឹងពីលោកប្រធានាធិបតី ស៊ី ជីនពីង នឹងអាចដោះស្រាយវិបត្តិនេះបាន។ ប្រសិនបើគាត់និយាយថា ដល់ពេលចាប់ផ្ដើមកិច្ចចរចាសន្ដិភាព នោះរុស្ស៊ីនឹងត្រូវបង្ខំចិត្តធ្វើតាមជាក់ជាមិនខាន”។
លោក Stubb បានសង្កត់ធ្ងន់ថា បើទោះជាចិនតែងប្រកាសក្ដែងៗទាមទារឲ្យមានកិច្ចចរចាដោយសន្តិវិធីនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ពិតមែន តែបំណងពិតរបស់ចិនគឺមិនដូចការប្រកាសឡើយ។ លោក Stubb បន្តថា “បើចិនចាប់អារម្មណ៍ពិតប្រាកដចំពោះទំនាក់ទំនងសុខដុមរមនារវាងរដ្ឋប្រជាជាតិទាំង២ ខ្លួនមិនអាចបណ្ដោយឲ្យប្រទេសដូចជារុស្ស៊ីធ្វើសង្គ្រាមអាណានិគម ឈ្លានពាន និងចក្រពត្តិ ប្រឆាំងនឹងរដ្ឋឯករាជ្យមួយនោះទេ”។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ តំណាងរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងប៉េកាំង នៅមិនទាន់មានការឆ្លើយតបណាមួយនោះទេ។

បើតាមក្រុមអ្នកវិភាគមួយចំនួន នាពេលកន្លងទៅ ជឿជាក់ថា ចិនមិនចង់ឲ្យសង្គ្រាមនៅអ៊ុយក្រែនចប់ទេ។ លោក Chels Michta អ្នកវិភាគនៅមជ្ឈមណ្ឌលសម្រាប់ការវិភាគនយោបាយអឺរ៉ុប ធ្លាប់បាននិយាយកាលពីខែឧសភាកន្លងទៅថា ការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ការដែលសហរដ្ឋអាមេរិកបន្តជួយអ៊ុយក្រែន និងការបន្តវាយលុករបស់រុស្ស៊ី គឺជាគោលបំណងដែលចិនចង់បាន។ លោក ថា បើសង្គ្រាមកាន់តែកើនឡើងនៅក្នុងចំណោមប្រទេសសមាជិកអង្គការណាតូ នោះណាតូនឹងកាន់តែទាញដៃអាមេរិកឲ្យលូកចូលកាន់តែជ្រៅនៅក្នុងបញ្ហាជម្លោះទាំងនោះ ដែលប្រការនេះហើយអាចធ្វើឲ្យសមត្ថភាពអាមេរិកក្នុងការឆ្លើយតបនឹងវិបត្តិនៅអាស៊ីចាប់ផ្ដើមថមថយ ហើយចិននឹងឆ្លៀតយកឱកាសនេះបង្កើនអំណាចខ្លួននៅឥណ្ឌូប៉ាស៊ីហ្វិក៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?