ព័ត៌មានអន្ដរជាតិ
ស្លាប់១៦នាក់ របួសជាង៥០នាក់ ក្រោយអ៊ីស្រាអែលវាយប្រហារសាលារៀនមួយកន្លែងនៅហ្គាហ្សា
យ៉ាងហោចណាស់ មនុស្ស១៦នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង៥០នាក់ រងរបួស នៅក្នុងការវាយប្រហារនៅចំសាលារៀនមួយកន្លែង ដែលជាកន្លែងភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន។

យោធាអ៊ីស្រាអែល បានប្រាប់ថា ការវាយប្រហារនេះ មានគោលដៅចង់បង្ក្រាបជនសកម្មប្រយុទ្ធហាម៉ាស ហើយសម្រាប់ប្រតិបត្តិការនេះទៀតសោត ខ្លួនបានធ្វើការយ៉ាងប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិល។ អ៊ីស្រាអែល បន្តថា ក្រុមហាម៉ាស បានយកតំបន់ភៀសខ្លួនក្នុងសាលារៀន នៅជុំរុំ Al-Nuseirat ធ្វើជាកន្លែងលាក់ខ្លួន ដើម្បីរៀបចំផែនការ និងវាយប្រហារប្រឆាំងនឹងទាហានអ៊ីស្រាអែល។
លោក Mohamoud Basal អ្នកនាំពាក្យនៃសេវាសង្គ្រោះបន្ទាន់ជនស៊ីវិលនៅហ្គាហ្សា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត ដោយសារតែអ្នករងរបួសជាច្រើនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ អ្នកនាំពាក្យរូបនេះ បន្តថា ការវាយប្រហារនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា គ្មានកន្លែងណានៅក្នុងតំបន់ហ្គាហ្សាអាចជាកន្លែងសុវត្ថិភាពទេ បើទោះជាមានប្រជាពលរដ្ឋបានសម្រេចចាកចេញពីផ្ទះសម្បែងពួកគេ មកស្នាក់នៅជុំរុំភៀសខ្លួន ដើម្បីគេចពីគ្រោះថ្នាក់ក៏ដោយ។
សូមបញ្ជាក់ថា Al-Nuseirat គឺជាជុំរុំភៀសខ្លួនមួយ ក្នុងចំណោមជុំរុំភៀសខ្លួនចំនួន៨ នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយជាកន្លែងដែលអ៊ីស្រាអែលឧស្សាហ៍ទម្លាក់គ្រាប់បែកសម្រាប់វាយប្រហារក្រុមសកម្មប្រយុទ្ធឥស្លាម។ តួយ៉ាងដូចជា កាលពីដើមសប្ដាហ៍ អ៊ីស្រាអែល បានវាយប្រហារតាមដែនអាកាសចំផ្ទះមួយកន្លែង ហើយសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងរបួសជាច្រើននាក់។
នៅក្នុងការវាយប្រហារតាមដែនអាកាសដាច់ដោយឡែកពីគ្នាមួយទៀតកាលពីថ្ងៃទី៦ ខែកក្កដា ក៏បានបង្កឲ្យមានអ្នកកាសែតក្នុងស្រុកចំនួន ៥នាក់ បាត់បង់ជីវិត ដែលធ្វើឲ្យតួលេខអ្នកកាសែតដែលបានស្លាប់សរុបមានចំនួនដល់ ១៥៨នាក់ បើគិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
មន្ត្រីសុខាភិបាលហ្គាហ្សា បានប្រកាសថា មានប្រជាជនប៉ាឡេស្ទីនច្រើនជាង ៣៨ ០០០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយលុករបស់អ៊ីស្រាអែល។ យ៉ាងណាមិញ តួលេខនេះ មិនបានបែងចែកថា មានជនស៊ីវិលប៉ុន្មាននាក់ ឬក៏ក្រុមហាម៉ាសប៉ុន្មាននាក់នោះទេ ដោយគ្រាន់តែប្រាប់ថា អ្នកស្លាប់ភាគច្រើនគឺជាជនស៊ីវិល។
ដោយឡែក ភាគីអ៊ីស្រាអែលវិញ បានអះអាងថា ខ្លួនបានបាត់បង់ទាហានចំនួន ៣២៣នាក់។ អ៊ីស្រាអែល បានបញ្ជាក់ថា ក្នុងចំណោមជនដែលខ្លួនបានសម្លាប់នៅហ្គាហ្សា មាន១ភាគ៣គឺជាក្រុមសកម្មប្រយុទ្ធ។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយលុកសងសឹក ក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធមួយនេះ ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ហើយបានបណ្ដាលឲ្យមនុស្សស្លាប់អស់ ១២០០នាក់ និងមានជាង ២៥០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?