Connect with us

ព័ត៌មានអន្ដរជាតិ

លោក Modi ហោះ​ទៅ​រុស្ស៊ី ដើម្បី​រឹត​បន្តឹង​ចំណង​មិត្តភាព មិន​ខ្លាច​រអា​លោក​ខាង​លិច

បានផុស

នៅ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើទស្សនកិច្ច​ជាលើកដំបូង​ក្នុង​ទីក្រុងមូស្គូនៅថ្ងៃច័ន្ទ​​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ គិត​ចាប់តាំង​ពីរុស្ស៊ី​បាន​ធ្វើ​សង្គ្រាម​​ឈ្លានពាន​អ៊ុយក្រែន។ អ្នកជំនាញជឿជាក់ថា ដំណើរ​ទស្សនកិច្ច​នេះមានគោលបំណងធ្វើ​​ឲ្យ​ទំនាក់ទំនងទ្វេភាគី​រវាង​ប្រទេស​ទាំង២​កាន់តែស៊ីជម្រៅ ព្រម​ទាំង​ជំរុញ​ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោក Modi និង​លោក ពូទីន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌា គឺជាដៃគូដ៏យូរអង្វែងរបស់រុស្ស៊ី ហើយ​រដ្ឋាភិបាល​ក្រុង​ញូវដែលី បានព្យាយាមបន្តទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ជំរុញ​​ឲ្យ​ប្រទេសនានាកាត់ផ្តាច់ទំនាក់ទំនង​​ជាមួយ​រុស្ស៊ី ដោយ​​គំរាមកំហែង​ដាក់ទណ្ឌកម្ម​សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងវិស័យមួយចំនួនក៏ដោយ។

ដំណើរទស្សនកិច្ចរយៈពេល២​ថ្ងៃរបស់លោក Modi ធ្វើ​ឡើង​តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរុស្ស៊ី-ឥណ្ឌាលើកទី២២ ដែលជាយន្តការសន្ទនាខ្ពស់បំផុតក្នុងភាពជាដៃគូរវាងប្រជាជាតិ​ទាំង​២។ នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​បរទេស​លើក​ដំបូង​របស់​លោក Modi ចាប់​តាំង​ពី​​ជាប់​​ឆ្នោត​ជា​​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ជា​លើក​​ទី​៣ កាល​ពី​​​​​ខែ​មិថុនា​កន្លង​ទៅ។

ក្រសួងកិច្ចការបរទេសឥណ្ឌា បាននិយាយថា លោក Modi និង​លោក ពូទីន នឹង​ពិនិត្យឡើងវិញនូវ​​​ទំនាក់ទំនងពហុ​វិស័យ និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងសកល​នា​ពេល​បច្ចុប្បន្ន​ ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​​​ប្រទេស​ទាំង​២។

ទស្សនកិច្ចចុងក្រោយ​​របស់​លោក Modi នៅ​ទីក្រុងមូស្គូ ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៩ ចំណែក​ឯ​​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោក ពូទីន នៅទីក្រុង​ញូវដែលី គឺ​នៅ​ក្នុងឆ្នាំ​២០២១។ ប៉ុន្តែ​មេដឹកនាំ​​ទាំង​២ បាន​ជួប​គ្នា​ជា​ច្រើន​ដង​​​រួច​មក​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ​មួយ​ចំនួន ក៏​ដូច​ជា​​តាម​រយៈ​ការ​ហៅ​​ទូរស័ព្ទ។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ញូវដែលី បានបដិសេធមិនថ្កោលទោសចំពោះការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន​នោះ​ទេ និងបានបដិសេធម្តងហើយម្តងទៀតពីការបោះឆ្នោតលើដំណោះស្រាយដែលគាំទ្រដោយលោកខាងលិចនៅអង្គការសហប្រជាជាតិ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ​២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម