Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​១១​នាក់ និង​​បាត់​ខ្លួន​១៩​នាក់ ព្រោះ​បាក់​ដី​នៅ​អណ្ដូង​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ឥណ្ឌូណេស៊ី

បានផុស

នៅ

ករណី​បាក់ដី ដែលបង្កឡើងដោយសារ​ភ្លៀងធ្លាក់ខ្លាំង​នៅ​​​​អណ្ដូង​រ៉ែមាស​​ខុស​ច្បាប់​មួយ​កន្លែង​​​លើកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់​ចំនួន ១១​នាក់ ខណៈ​មនុស្ស​ ១៩​នាក់ផ្សេងទៀត​កំពុង​បាត់ខ្លួន។

រូប​តំណាង (រូបភាព៖  TRTworld)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​​រុករក និង​ជួយ​សង្គ្រោះ​​របស់​ឥណ្ឌូណេស៊ី បាន​ប្រកាស​ថា មាន​អ្នក​ភូមិ​ប្រហែល ៣៥​នាក់ កំពុង​ជីក​រក​​រ៉ែ​មាស កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​​​អណ្ដូង​រ៉ែ​មាស​មួយ​កន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត ស្ថិត​នៅ​​ស្រុក​ Bone Bolango ខេត្ត Gorontalo មុន​ពេល​មាន​ការ​បាក់​រអិល​​ដី​ភក់​ជា​ច្រើន​​តោន​ពី​លើ​ភ្នំ​ចូល​ទៅ​ក្នុង​រណ្ដៅ​កើត​ហេតុ។ ក្រុមអ្នក​សង្គ្រោះ បានជួយអ្នករបួស ៥នាក់ កាលពីថ្ងៃអាទិត្យ ហើយបានរកឃើញសាកសពចំនួន ១១​នាក់ គិតត្រឹម​ព្រឹក​ថ្ងៃច័ន្ទ​នេះ។ ​ប្រតិបត្តិការ​ជួយ​​សង្គ្រោះ​កំពុង​​បន្ត​ធ្វើ ដើម្បី​រក​មនុស្ស ១៩ នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រាយការណ៍​ថា​បាន​បាត់​ខ្លួន។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ​ឥណ្ឌូណេស៊ី លោក Abdul Muhari បាននិយាយថា ភ្លៀង​បាន​ធ្លាក់យ៉ាងគំហុក​នៅ​តំបន់​កើត​ហេតុ ចាប់តាំងពីថ្ងៃសៅរ៍ ហើយ​ក៏បាន​ធ្វើ​ឲ្យ​បាក់ទំនប់ទឹក ដែលបណ្តាល​ឲ្យ​មានទឹកជំនន់​ជន់​លិច​ដល់ទៅ​កម្ពស់ ៣​ម៉ែត្រ នៅ​ភូមិចំនួន​៥ ក្នុង​ស្រុក Bone Bolango។ ផ្ទះ​ជិត​៣០០​ខ្នង​ បាន​រង​ផល​ប៉ះពាល់ ហើយ​មនុស្ស​ជាង​ ១​ពាន់​នាក់​ បាន​ភៀស​ខ្លួន​ទៅ​រក​ទី​សុវត្ថិភាព។

ការរុករករ៉ែ​ដោយ​មិន​ស្រប​ច្បាប់ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ព្រោះ​តែ​កត្តា​ជីវភាពខ្វះខាត​របស់​​ពលរដ្ឋ​ជា​ច្រើន​​ពាន់នាក់ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​ធ្វើការ​ក្រោម​លក្ខខណ្ឌដែលមានហានិភ័យខ្ពស់​រហូត​ដល់​រងរបួសធ្ងន់ធ្ងរ ឬ​ក៏​​បាត់​បង់​ជីវិត។ ការបាក់ដី ការជន់លិច និងការដួលរលំនៃផ្លូវរូងក្រោមដី គឺគ្រាន់តែជាគ្រោះថ្នាក់មួយចំនួនដែល​​​អ្នក​​ទាំង​នោះ​​ត្រូវ​ប្រឈម​​ប៉ុណ្ណោះ។ ការកែច្នៃរ៉ែមាសភាគច្រើន ពាក់ព័ន្ធនឹងសារធាតុបារត និង​សារធាតុ​ស្យានីត ដែលមានជាតិពុលខ្លាំង ហើយកម្មករ​ខុស​ច្បាប់​ភាគ​ច្រើន​តែងតែប្រើប្រាស់​ការការពារតិចតួច ឬ​ក៏​គ្មាន​ទាល់​តែ​សោះ។

គួរ​បញ្ជាក់​ថា ឧបទ្ទវហេតុ​ដ៏​ធំ​ និង​ចុង​ក្រោយ​ទាក់ទងនឹងការជីករ៉ែ​​របស់​ឥណ្ឌូណេស៊ី បានកើតឡើងកាល​ពី​ខែមេសា ឆ្នាំ​២០២២​កន្លង​ទៅ នៅពេលដែល​មាន​ករណីបាក់ដី​នៅ​អណ្តូងរ៉ែមាស​ចំណាស់​​មួយ​កន្លែង​ នៅក្នុងស្រុក Mandailing Natal នៃកោះស៊ូម៉ាត្រាខាងជើង ហើយ​បានសម្លាប់ស្ត្រី​អស់​ចំនួន​ ១២​នាក់ដែល​ជា​កម្មករ​រ៉ែ​មាស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម