Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រៀម​បិទ​ហាង​ទំនិញ​រួច​ពន្ធ​ទាំង​​អស់​នៅតាម​ព្រលាន​យន្តហោះ

បានផុស

នៅ

រដ្ឋាភិបាល​ថៃ នឹងបិទហាងទំនិញ​រួច​ពន្ធ​ ដែល​កំពុង​ដំណើរ​ការ​នៅ​ក្នុង​​​ព្រលាន​​យន្តហោះ​អន្តរជាតិរបស់ខ្លួន ដើម្បីលើកទឹកចិត្តអ្នកធ្វើដំណើរ​ឲ្យ​ចំណាយ​កាន់តែ​ច្រើន​នៅកន្លែងផ្សេងទៀតក្នុងប្រទេស។

(រូបភាព៖ Martin Moodie)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិករ​ចំនួន​៣ នៃអាជីវកម្ម​ហាង​​ទំនិញ​រួច​ពន្ធ​​នៅ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិចំនួន៨ បានយល់ព្រមផ្អាកប្រតិបត្តិការ​របស់​ពួក​គេ​តាម​គម្រោង​របស់​រដ្ឋាភិបាល។ នេះ​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ដែលដកស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាល។ ព្រលាន​យន្តហោះ​ដែល​ត្រូវ​​បិទ​ហាង​ទំនិញ​រួច​ពន្ធ មាន​ដូចជា ព្រលាន​​សុវណ្ណភូមិ, ព្រលាន Don Meaung, ព្រលាន Chiang Mai, ព្រលាន Phuket, ព្រលាន Hat Yai, ព្រលាន Rayong, ព្រលាន Samui និងព្រលាន Krabi។

យ៉ាង​ណា​មិញ មិនទាន់មានកាលបរិច្ឆេទ​​ជាក់លាក់​ឡើយ ចំពោះ​ការ​បញ្ឈប់​ប្រតិបត្តិការ​នៃ​ហាង​ទំនិញ​រួច​ពន្ធ​ទាំង​នោះ។

​បើ​យោង​តាម​នាយកដ្ឋាន​គយ​ថៃ បានឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០២៣ ការ​លក់​​របស់​​ហាង​ទំនិញ​​រួច​ពន្ធ មាន​ចំនួន ៣,០២​ពាន់​លាន​បាត ឬ​ស្មើ​នឹង ៨២,៩​លាន​ដុល្លារ។ រដ្ឋាភិបាល​ថៃ បាន​ប៉ាន់​ប្រមាណ​ថា ការបិទ​នេះ នឹងបង្កើនការចំណាយរបស់ភ្ញៀវបរទេស​បាន​​ចំនួន ៥៧០​បាត​ក្នុង​មនុស្ស​ម្នាក់​ ​រាល់​ការ​ធ្វើ​ដំណើរ​ម្ដង។

យោងតាមធនាគារពិភពលោក ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរ​បាន​ជាង ៣៦​​លាននាក់នៅ​ក្នុង​ឆ្នាំ​២០២៤​​នេះ។

ស្ថិតិពីក្រសួងទេសចរណ៍ និងកីឡា បាន​បង្ហាញ​ថា ចាប់ពីថ្ងៃទី​១ ខែមករា ដល់ថ្ងៃទី​១៤ ខែមេសា ថៃ​បានស្វាគមន៍ភ្ញៀវទេសចរបរទេស​បាន​ចំនួន ១០,៧២​​លាននាក់។ ភ្ញៀវ​ទេសចរ​ជាង​​២​លាន​នាក់ មាន​ប្រភព​​មក​ពី​ប្រទេស​ចិន តាម​ពី​ក្រោយ​ដោយ​ម៉ាឡេស៊ី រុស្ស៊ី កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា។

សូម​បញ្ជាក់​ថា មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍ បាន​ចូលរួម​ចំណែក​​ចំនួន ២០% នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​ប្រទេស​ថៃ​​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម