Connect with us

ព័ត៌មានអន្ដរជាតិ

នៅកាណាដា ៥នាទី ចោរលួចរថយន្តបាន ១គ្រឿង

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន Firstpost កាលពីថ្ងៃអង្គារទី៩ខែកក្កដាឆ្នាំ២០២៤, កាណាដា ត្រូវបានគេឲ្យឈ្មោះថា “រាជធានីចោរលួចឡានលើពិភពលោក” ព្រោះថា រាល់៥នាទីម្តង រថយន្តក្នុងប្រទេសនេះត្រូវបានចោរលួច ដល់ថ្នាក់ការិយាល័យធានារ៉ាប់រងកាណាដា ប្រ​កាសអាសន្ន ហើយថែមទាំងប៉ូលិសអន្តរជាតិ ចូលរួមដោះស្រាយបញ្ហានេះទៀតផង។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឹមតែមួយឆ្នាំ២០២២ គេជឿថា រថយន្តជាង ១០៥ ០០០គ្រឿង ត្រូវបានចោរលួចទូទាំងប្រទេសកាណាដា ហើយជារឿយៗ រថយន្តដែលលួចបាន ត្រូវចោរយកទៅលក់នៅប្រទេសផ្សេងដើម្បីកុំឲ្យប៉ូលិសចាប់បាន។

ទោះបីជាយ៉ាងណាក៏ដោយ ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហានេះមិនបង្ហាញសញ្ញាធូរស្រាលឡើយ ជាក់ស្តែងប៉ូលិស INTERPOL អះអាងថា រថយន្តដែលចោរលួចបានពីប្រជាជនកាណាដា ជាង ១ ៥០០គ្រឿង ត្រូវយកទៅលក់ពាសពេញពិភពលោកត្រឹមចន្លោះខែកុម្ភៈដល់ខែឧសភាឆ្នាំ២០២៤នេះ។

(រូបថត៖ Getty)

INTERPOL និយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កាណាដា បានក្លាយជាប្រទេសមានចោរលួចយានយន្តច្រើនបំផុតគួរឲ្យកត់សម្គាល់ ដោយសារប្រទេសនេះ សម្បូររថយន្តម៉ាកថ្លៃៗ​និងជាម៉ាកដែលត្រូវប៉ាន់លើទីផ្សារ។ រថយន្តជាច្រើន ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងលិច ដើម្បីជួញដូរ ឬលក់បន្ត”។

បញ្ហានេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសកាណាដាឲ្យអាប់ឱន និងធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងឈឺក្បាលយ៉ាងខ្លាំង ជាក់ស្តែងគ្រាន់តែឆ្នាំមុន ក្រុមហ៊ុនធានារ៉ាប់រងត្រូវសងប្រាក់អស់ជាង ១ពាន់លានដុល្លារអាមេរិកឯណោះ ហើយតួលេខនេះគឺលើសពីឆ្នាំ២០១៨ ដល់ទៅបីដង។

ងាកទៅមើលសេចក្តីរាយការណ៍កាលពីខែមេសាវិញ ការស៊ើបអង្កេតរបស់ប៉ូលិសខេត្ត Ontario និងទីភ្នាក់ងារព្រំដែនកាណាដា បានរកឃើញរថយន្តចំនួន៥៩៨គ្រឿង មុនពេលនាំចេញទៅក្រៅប្រទេស ខណៈរថយន្តទាំងនោះ ភាគច្រើនលួចពីខេត្ត Ontario ហើយមានតម្លៃលក់បន្តប្រមាណ ២៥លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម