Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្មអ៊ុយក្រែន ​ថា ធ្លាប់​ប៉ុនប៉ង​ធ្វើឃាត​លោក ពូទីន ប៉ុន្មាន​ដង តែ​មិន​សម្រេច

បានផុស

នៅ

ប្រធាន​ក្រុម​ចារកម្ម​យោធា​​អ៊ុយក្រែន លោក Kyrylo Budanov បាន​សារភាព​ថា រដ្ឋាភិបាល​ក្រុង​កៀវ ធ្លាប់​មាន​គម្រោង​ធ្វើ​ឃាត​លោក វ៉្លាឌឺមៀរ ពូទីន ប៉ុន្មាន​ដង​រួច​មក​ហើយ តែ​ការ​ប៉ុនប៉ងទាំង​នោះ​មិន​បាន​សម្រេច​ទាល់​តែ​សោះ។ ការ​ប្រកាស​របស់​លោក Budanov ធ្វើ​ឡើង​​អំឡុង​ពេល​ផ្ដល់​កិច្ច​សម្ភាសន៍​​ឲ្យ​វិបសាយ​​ព័ត៌មាន​​អ៊ុយក្រែន​មួយ​​ឈ្មោះ​ថា “New Voice” កាល​ពី​​ថ្ងៃ​​សៅរ៍​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៤​កន្លង​ទៅ។

លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Budanov បាន​និយាយ​ថា “ការ​ប៉ុនប៉ង​មួយ​ចំនួន ត្រូវ​បាន​ធ្វើ​ឡើង… ប៉ុន្តែ​ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង រឿង​ទាំង​នោះ​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ”។ យ៉ាង​ណា​មិញ លោក Budanov ​មិន​បាន​បញ្ជាក់​ពី​គម្រោង​លម្អិត​នៃ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មេ​ដឹក​នាំ​រុស្ស៊ី​ថា​តើ​ធ្វើ​ឡើង​នៅ​ពេល​ណា ឬ​ក៏​ដោយ​នរណា​​នោះ​ទេ។

ប្រធាន​ចារកម្ម​អ៊ុយក្រែន បាន​បន្ថែម​ថា ​ដោយសារ​តែ​លោក ពូទីន កាន់​អំណាច​​រយៈពេល​យូរ​ច្រើន​ជាង​២០​ឆ្នាំ​ នោះ​​ប្រជាជន​រុស្ស៊ី​នឹង​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​បាត់បង់​មេ​ដឹក​នាំ​ម្នាក់​នេះ។ លោក ថា នៅ​ពេល​លោក ពូទីន ស្លាប់ នោះ​​វា​នឹង​ដូច​ជា​ការ​ដែល​​រុស្ស៊ី​​ធ្លាប់​បាន​បាត់បង់​មេ​ដឹក​នាំ​ផ្ដាច់ការ​សូវៀត លោក Josef Stalin កាល​ពី​ឆ្នាំ​១៩៥៣ អ៊ីចឹង ដោយ​គ្រា​នោះ​ប្រជាជន​នៅ​សហភាព​សូវៀត មាន​អារម្មណ៍​ច្របូកច្របល់ យល់​ថា “ពិភពលោក​ទាំង​មូល​របស់​​ពួក​គេ​បាន​ដួល​រលំ ហើយ​ពួក​គេ​មិន​ដឹង​ត្រូវ​បន្ត​រស់នៅ​​យ៉ាង​​​ណា​​​ទៀត​នោះ​ទេ”។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​បែប​នេះ លោក Dmitry Peskov អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង បាន​ឆ្លើយ​តប​​​តាម​រយៈ​សារព័ត៌មាន RT កាល​ពី​ថ្ងៃ​​ទី​១៤ ខែ​កក្កដា​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ដឹង​ពី​ការ​គំរាម​កំហែងអម្បាលម៉ាន​​​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​លោក ពូទីន។ លោក Peskov ថា “ការ​គំរាមកំហែង​ទាំង​អស់ ដែល​កើត​ចេញ​ពី​របប​ក្រុង​កៀវ គឺ​ជា​រឿង​ពិត​ប្រាកដ។ ហេតុដូច្នោះ​ សន្តិសុខ​សម្រាប់​​ប្រធានាធិបតី ត្រូវ​បាន​បង្កើត​ឡើង​នៅ​​ក្នុង​កម្រិត​មួយ​ដ៏​សមរម្យ”។

ទន្ទឹម​នោះ ឈ្មោះ​ប្រធាន​ចារកម្ម​អ៊ុយក្រែន លោក Budanov ត្រូវ​បាន​រដ្ឋាភិបាល​​រុស្ស៊ី​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​​​ភេរវករ និង​​ជន​ជ្រុល​និយម​ដែល​​មាន​គ្រោះថ្នាក់។

លោក Dmitry Peskov អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង (រូបភាព៖ AP)

សូម​បញ្ជាក់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាង​លិច ធ្លាប់​បាន​ចុះ​ផ្សាយ​ថា មាន​ការ​ប៉ុនប៉ង​​គំរាម​កំហែង​ដល់​អាយុ​ជីវិត​លោក ពូទីន ប៉ុន្មាន​លើករួច​មក​ហើយ​ នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​កន្លង​ទៅ​។ កាល​ពី​ឆ្នាំ​២០២២ សារព័ត៌មាន The Sun បាន​ផ្សាយ​ថា មាន​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​​ក្បែរ​ក្បួន​​រថយន្ត​របស់​​ប្រធានាធិបតី​រុស្ស៊ី។ ចំណែក​នៅក្នុង​ឆ្នាំ​២០២៣ សារព័ត៌មាន​អាល្លឺម៉ង់​ជា​ច្រើន បាន​​អះអាង​ថា លោក ពូទីន ត្រូវ​​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​​​តាម​រយៈ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន តែ​មិន​បាន​សម្រេច។ យ៉ាង​ណា​មិញ នៅ​គ្រា​នោះ វិមាន​ក្រឹមឡាំង បាន​បដិសេធ​នូវ​​រាល់​សេចក្ដី​រាយការណ៍​ទាំង​អស់​នោះ ហើយ​ថា វា​គ្រាន់​តែ​ជា​ការ​បង្កើត​រឿង​​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម