ព័ត៌មានអន្ដរជាតិ
WSJ បណ្តេញបុគ្គលិកនៅហុងកុង ដោយសារការឈរឈ្មោះដឹកនាំសមាគមអ្នកកាសែត
ប្រធានថ្មីនៃក្រុមសារព័ត៌មានវិជ្ជាជីវៈឈានមុខគេរបស់ហុងកុងត្រូវបានបណ្ដេញចេញពីការងារនៅកាសែត The Wall Street Journal បន្ទាប់ពីនាងបានបដិសេធសំណើរបស់អ្នកគ្រប់គ្រងមិនដកខ្លួនចេញពីការបោះឆ្នោតជាអ្នកដឹកនាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ១៨ ខែ កក្កដានេះ។

អ្នកនាង Selina Cheng ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមអ្នកកាសែតហុងកុង (HKJA) ថ្មីកាលពីខែមិថុនា បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា នាយកជាន់ខ្ពស់បានប្រាប់នាងថា ការងាររបស់នាងត្រូវបានដកចេញដោយសារតែការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ប៉ុន្តែ នាង Cheng ជឿជាក់ថា មូលហេតុពិតប្រាកដគឺជាប់ទាក់ទងនឹងសំណើរបស់អ្នកគ្រប់គ្រងនាងដែលប្រហែល៣សប្តាហ៍មុន បានស្នើឲ្យនាងដកខ្លួនចេញពីការបោះឆ្នោតជ្រើសរើសប្រធានសមាគមអ្នកកាសែតហុងកុង (HKJA) ដែលជាសហជីពសម្រាប់អ្នកកាសែតតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាន ។
នាងបានបញ្ជាក់ថា អ្នកគ្រប់គ្រងរបស់នាងបានស្នើឱ្យនាងលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់សមាគម ដែលនាងបានបម្រើការតាំងពីឆ្នាំ២០២១។ បន្ទាប់ពីនាងបានបដិសេធមិនព្រមដកខ្លួនចេញពីការបោះឆ្នោតនោះ អ្នកគ្រប់គ្រងរបស់នាងបានប្រាប់នាងថា បុគ្គលិករបស់ Wall Street Journal មិនគួរធ្វើជាអ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មានដូចនៅហុងកុងទេ ពីព្រោះការតស៊ូមតិបែបនេះនឹងបង្កើតជម្លោះអំពីសេរីភាពសារព័ត៌មាននៅក្នុងទីក្រុង។

ស្របពេលជាមួយគ្នានោះ HKJA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា The Wall Street Journal ប្រថុយនឹងការធ្លាក់ចុះនៃការគាំទ្រសារព័ត៌មានឯករាជ្យរបស់ខ្លួន តាមរយៈការដាក់សម្ពាធបុគ្គលិករបស់ខ្លួនមិនឱ្យចូលរួមក្នុងការតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាន។ ទន្ទឹមនោះ សមាជិកក្រុមប្រឹក្សាភិបាលជាប់ឆ្នោតផ្សេងទៀតនៃសមាគមក៏ត្រូវបានដាក់សម្ពាធដោយនិយោជករបស់ពួកគេឥតឈប់ឈរដែរ ដោយមិនបានផ្តល់ព័ត៌មានលម្អិត។
គួរបញ្ជាក់ថា អ្នកកាសែតហុងកុងធ្វើការក្នុងបរិបទដ៏តូចចង្អៀត បន្ទាប់ពីការផ្លាស់ប្តូរនយោបាយស៊ីជម្រៅមួយនៅក្នុងទីក្រុងហុងកុង ខណៈដែលទីក្រុងនេះធ្លាប់ត្រូវបានគេមើលឃើញថាជាបន្ទាយនៃសេរីភាពសារព័ត៌មាននៅអាស៊ី។ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខជាតិដែលដាក់ដោយទីក្រុងប៉េកាំងកាលឆ្នាំ២០២០ សារព័ត៌មានក្នុងស្រុកចំនួនពីរ រួមមាន Apple Daily និង Stand News ដែលផ្សាយរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានបង្ខំឱ្យបិទ បន្ទាប់ពីមានការចាប់ខ្លួនអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ពួកគេ។

លើសពីនេះកាលពីខែមីនា ហុងកុងបានអនុម័តច្បាប់សន្តិសុខមួយផ្សេងទៀតដើម្បីកំណត់គោលដៅទៅលើអង្គភាពណាដែលចូលរួមនៅក្នុងចារកម្មលាតត្រដាងការសម្ងាត់របស់រដ្ឋ និង ការគប់គិតជាមួយកងកម្លាំងបរទេស ដើម្បីប្រព្រឹត្តអំពើខុសច្បាប់។ ច្បាប់នេះបានបង្កការព្រួយបារម្ភដល់ចំណោមអ្នកសារព័ត៌មានជាច្រើនជុំវិញការធ្លាក់ចុះបន្ថែមទៀតនៃសេរីភាពសារព័ត៌មាន។
តិចជាងមួយសប្តាហ៍ បន្ទាប់ពីការអនុម័ត វិទ្យុអាស៊ីសេរីដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកបានប្រកាសបិទការិយាល័យដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពនៅក្រោមច្បាប់ថ្មី។ ជាមួយគ្នានេះសមាគមអ្នកកាសែតហុងកុងត្រូវបានអាជ្ញាធរមូលដ្ឋាន និងបណ្តាញផ្សព្វផ្សាយគាំទ្រក្រុងប៉េកាំងរិះគន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាសែត Wall Street Journal ក៏ប្រឈមនឹងសម្ពាធពីរដ្ឋាភិបាលដែរ ដោយកាលពីខែកក្កដាកន្លងទៅ កាសែតនេះបានទទួលពាក្យបណ្ដឹងចំនួនបីពីលេខាធិការសន្តិសុខហុងកុង។
សូមបញ្ជាក់ថា ហុងកុងជាប់ចំណាត់ថ្នាក់ទី១៣៥ក្នុងចំណោមប្រទេស និងតំបន់ចំនួន១៨០នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានចុងក្រោយបំផុតរបស់ World Press Freedom Index៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ