Connect with us

ព័ត៌មានអន្ដរជាតិ

ត្រួសៗ​អំពីលោកស្រី កាម៉ាឡា ហារីស ដែលលោក បៃដិន គាំទ្រជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក

បានផុស

នៅ

ក្នុង​ភាព​ចលាចល​ម្ដងជាពីរដងក្នុង​ឆាកនយោបាយ​អាមេរិក លោក​ប្រធានាធិបតី ចូ បៃដិន បាន​ប្រកាសថា លោក​នឹងមិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឡើង​វិញនៅ​ខែ​វិច្ឆិកាខាងមុខនោះទេ ដោយជំនួស​វិញ​នូវ​ការ​គាំទ្រ​អនុប្រធានាធិបតី កាម៉ាឡា ហារីស ជាអ្នកបន្តវេន។

លោក ចូ បៃដិន និងលោកស្រី កាឡាម៉ា ហារីស (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ហារីស បានបង្កើត​ទំព័រប្រវត្តិសាស្ត្រ​ថ្មីម្ដងរួចមកហើយនៅក្នុងនយោបាយអាមេរិក ​ដោយលោកស្រីបាន​ក្លាយ​ជា​អនុប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​។ យ៉ាង​ណា​មិញ បច្ចុប្បន្ន លោកស្រី​ ហារីស កំពុងប្រឈម​នឹង​ការ​ព្រួយ​បារម្ភ​ថា​តើ​លោកស្រី​នឹងអាច​កម្ចាត់​បេក្ខភាពមកពី​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដែរ​ឬ​ក៏​អត់ ខណៈគណបក្សប្រជាធិបតេយ្យនឹងត្រូវជ្រើសរើសបេក្ខភាពថ្មី ហើយការ​សម្រេច​ចិត្ត ​នឹង​ត្រូវបោះឆ្នោត​ដោយ​ប្រតិភូ​ប្រហែល ៤ ៧០០នាក់អំឡុងសមាជបក្សក្នុងទីក្រុងឈីកាហ្គោ ដែលចាប់ផ្តើមនៅថ្ងៃទី១៩ខែសីហាខាងមុខ។

កាលពីថ្ងៃអាទិត្យ​ទី​២១ ខែ​កក្កដា លោក បៃដិន បានប្រកាសគាំទ្រលោកស្រី ហារីស ហើយនិយាយថាវាជា “ការសម្រេចចិត្តដ៏ល្អបំផុតដែលលោកបានធ្វើ” ដោយអំពាវនាវឲ្យគណបក្សប្រជាធិបតេយ្យគាំទ្រលោកស្រី។

លោក បៃដិន បាន​ប្រកាស​នៅ​លើ​បណ្ដាញសង្គម X ថា​ “​ថ្ងៃ​នេះ​ខ្ញុំ​ចង់​ផ្តល់​ការ​គាំទ្រ និង​ការ​គាំទ្រ​ពេញ​លេញ​របស់​ខ្ញុំ​សម្រាប់ ហារីស ដើម្បី​ជា​បេក្ខភាព​គណបក្ស​របស់​យើង​នៅ​ឆ្នាំ​នេះ​”។

តើលោកស្រី ហារីស ជានរណា?

លោកស្រី ហារីស អាយុ ៥៩ឆ្នាំ​ កើត​នៅ​ទីក្រុង Oakland រដ្ឋ California មាន​ម្តាយ​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ឥណ្ឌា និង​ឪពុក​ជា​ជនជាតិហ្សាម៉ាអ៊ីក។

លោកស្រីបានចូលរៀននៅសកលវិទ្យាល័យ Howard ក្នុងរដ្ឋធានីវ៉ាស៊ីតោន ឌីស៊ី មុនពេលទទួលបានសញ្ញាប័ត្រច្បាប់ពីសកលវិទ្យាល័យច្បាប់ California នៅទីក្រុង San Francisco ។

លោកស្រី កាម៉ាឡា ហារីស (រូបភាព៖ AP)

លោកស្រីបានចាប់ផ្តើមធ្វើការនៅក្នុងការិយាល័យមេធាវីតំបន់ Alameda County មុនពេលផ្លាស់ទៅការិយាល័យមេធាវីទីក្រុង San Francisco ។

លោកស្រីបានក្លាយជាមេធាវីទីក្រុង San Francisco ក្នុងឆ្នាំ២០០៣ បន្ទាប់មកត្រូវបានជ្រើសរើសជាអគ្គមេធាវីរបស់រដ្ឋ California ដែលមានតួនាទីជាអ្នកអនុវត្តច្បាប់កំពូលរបស់រដ្ឋក្នុងឆ្នាំ២០១០ ហើយត្រូវបានជាប់ឈ្មោះម្ដងទៀតនៅ​រយៈពេល​៤ឆ្នាំ​បន្ទាប់។

លោកស្រី ហារីស បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាអាមេរិកក្នុងឆ្នាំ២០១៦ ហើយបានក្លាយជាអ្នករិះគន់ខ្លាំងជាងគេលើលោក ដូណាល់ ត្រាំ ជាពិសេសអំពីគោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ។

ការសួរដេញដោលយ៉ាងចាស់ដៃរបស់លោកស្រីលើបេក្ខភាពតុលាការកំពូល លោក Brett Kavanaugh ក្នុងឆ្នាំ២០១៨ បានជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់លោកស្រីឲ្យកើនឡើងគួរ​ឲ្យកត់សម្គាល់ និងបានក្លាយជាបេក្ខជនឆ្នើមម្នាក់របស់គណបក្សប្រជាធិបតេយ្យ។

លោកស្រីបានរៀបការជាមួយមេធាវីម្នាក់ឈ្មោះ Doug Emhoff ដែលស្វាមីរបស់លោកស្រីបានទទួលងារជា “Second Gentleman” ដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២០។ យ៉ាងណា លោកស្រី ហារីស និងលោក Emhoff មិនមានកូននោះទេ។

លោកស្រី ហារីស ក្លាយជា​អនុប្រធានាធិបតី​​ដោយ​របៀប​ណា?

ដំបូងឡើយ លោកស្រី ហារីស បានឈរឈ្មោះសម្រាប់សេតវិមានក្នុងការបោះឆ្នោតឆ្នាំ២០២០ ប៉ុន្តែត្រូវបានច្រានចោលភ្លាមៗវិញ បន្ទាប់ពីធ្វើមិនទាន់សូវបានល្អក្នុងការជជែកដេញដោលនាគ្រានោះ។

នៅក្នុងការជជែកដេញដោលឆ្នាំ២០១៩ លោកស្រី ហារីស បានប្រជែងជាមួយលោក បៃដិន លើការប្រកួតប្រជែងជាបេក្ខភាពប្រធានាធិបតី ហើយពេលនោះមនុស្សជាច្រើនបានគិតថា លោកស្រីនឹងមិនអាចក្លាយជាអនុប្រធានាធិបតីបាននោះឡើយ ក្រោយពេលលោក បៃដិន ឈ្នះការបោះឆ្នោត។ យ៉ាងណា កាលណោះលោក បៃដិន ដែលមានភាពលេចធ្លោជាងគេនៅក្នុងឆ្នាំ២០២០ បានប្រកាសពីការប្តេជ្ញាចិត្តរបស់លោកថា លោកនឹងជ្រើសរើសស្ត្រីជាមិត្តរួមការងារសម្រាប់តំណែងកំពូលនៅក្នុងអាណត្តិរបស់លោក។ ការ​ជ្រើសរើស​លោកស្រី ហារីស ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា ​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​អំពាវនាវ​រកសម្លេងគាំទ្រពីអ្នក​បោះឆ្នោត​ស្បែក​ខ្មៅ និង​ដើម្បី​ពង្រឹង​មូលដ្ឋាន​របស់​គណបក្សប្រជាធិបតេយ្យ។

សមត្ថភាពអនុវត្តច្បាប់ និងគោលការណ៍កណ្ដាលនិយមរបស់លោកស្រី ហារីស ក៏ត្រូវបានគេមើលឃើញថាជា ផលចំណេញដែលអាចទាក់ទាញអ្នកបោះឆ្នោតដែលមិនទាន់ធ្វើការសម្រេចចិត្តផងដែរ។

លោកស្រី ហារីស បានសាងកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្ត្រ​អាមេរិក​ដូចម្ដេចខ្លះ?

លោកស្រី ហារីស បានបង្កើនសមត្ថភាពកំពូលៗជាច្រើននៅក្នុងអាជីពរបស់លោកស្រី ហើយបានក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេដែលកាន់តួនាទីសំខាន់ៗស្ទើរតែទាំងអស់នៅអាមេរិក ដែលមានដូចជា មេធាវីទីក្រុង San Francisco, អគ្គមេធាវីរបស់រដ្ឋ California, សមាជិកព្រឹទ្ធសភាមកពីរដ្ឋ California, និងអនុ​ប្រធានាធិបតី។

លោកស្រី ក៏​ជាប់ឈ្មោះជា​កូន​ស្រី​ដំបូង​គេ​ផង​ដែរ​របស់​ជន​អន្តោប្រវេសន៍នៅអាមេរិក ​ដែល​អាច​ជាប់​ឆ្នោត​ជា​អនុប្រធានាធិបតី។

ពេលក្លាយជាអនុប្រធានាធិបតី លោកស្រី ហារីស ធ្វើអ្វីខ្លះ?

ថ្លែងទៅកាន់សារព័ត៌មាន Al Jazeera លោក Jennifer Victor សាស្ត្រាចារ្យនៅសកលវិទ្យាល័យ George Mason បានពណ៌នាលោកស្រី ហារីស ថាជា “អនុប្រធានាធិបតីធម្មតា” មួយរូប។

លោកស្រី បានគាំទ្រយ៉ាងខ្លាំងនូវគោលនយោបាយអនុម័តច្បាប់របស់រដ្ឋបាលលោក បៃដិន រួមមានច្បាប់ហេដ្ឋារចនាសម្ព័ន្ធ អន្តោប្រវេសន៍ ការគ្រប់គ្រងកាំភ្លើង និងការខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិរំលូតកូន។

ជាពិសេស លោកស្រី ហារីស ត្រូវ​បាន​ផ្តល់​ភារកិច្ច​ជា​អ្នក​នាំ​មុខ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ពី​អាមេរិក​កណ្តាល។

តើលោកស្រី ហារីស នឹងអាចយក​ឈ្នះលោក ត្រាំ ឬទេ?

នោះនៅតែជាសំណួរធំសម្រាប់គណបក្សប្រជាធិបតេយ្យ។

លោក Alan Fisher អ្នកសារព័ត៌មានរបស់ Al Jazeera រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីតោន ឌីស៊ី បាននិយាយថា ខណៈពេលដែលលោក បៃដិន បានគាំទ្រលោកស្រី ហារីស វាមិនមានន័យថាលោកស្រីនឹងទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យក្នុងសន្និបាតបក្ស ដែលនឹងត្រូវចាប់ផ្តើមក្នុងរយៈពេលមិនដល់១ខែទៀតនោះទេ។

ការស្ទង់មតិនាពេលថ្មីៗនេះ ដែលធ្វើឡើងបន្ទាប់ពីការជជែកដេញដោលដ៏ទន់ខ្សោយរបស់លោក បៃដិន មិនបានបង្ហាញថា លោកស្រី ហារីស ទំនងជាមានការគាំទ្រច្រើនជាងលោក បៃដិន ដើម្បីផ្តួលលោក ត្រាំ ក្នុងខែវិច្ឆិកានោះឡើយ។ ទោះជាបែបនេះក្ដី អ្នកគាំទ្រលោកស្រី ហារីស បានអះអាងថា ការស្ទង់មតិទាំងនោះអាចនឹងផ្លាស់ប្តូរនៅពេលនេះ ខណៈដែលលោក បៃដិន ចាកចេញពីការប្រកួតប្រជែង។

ការស្ទង់មតិរបស់សារព័ត៌មាន Economist/YouGov ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានរកឃើញថា លោក បៃដិន ចាញ់លោក ត្រាំ ដោយសម្លេង ៤១% ទល់នឹង ៤៣%។ ការស្ទង់មតិដដែលនេះ បានបង្ហាញថា លោកស្រី ហារីស ចាញ់លោក ត្រាំ ក្នុងសម្លេង ៣៩% ទល់នឹង ៤៤%។

ហេតុអ្វីបានជាលោកស្រីស្ថិតនៅក្នុងភាពចម្រូងចម្រាស?

លោកស្រី ហារីស ធ្លាប់បានពណ៌នាខ្លួនលោកស្រីថាជា “រដ្ឋអាជ្ញាដែលគាំទ្រគោលនយោបាយកែទម្រង់” ប៉ុន្តែលោកស្រីជាក់ស្ដែងបានចូលរួមតិចតួចណាស់នៅក្នុងកំណែទម្រង់របស់គណបក្សប្រជាធិបតេយ្យ។

អ្នករិះគន់បានចោទប្រកាន់លោកស្រីថា ពូកែខាងធ្វើនយោបាយចម្រុះទាំងល្អ និងទាំងអាក្រក់ស្របគ្នា។ តួយ៉ាងដូចជា ការជំរុញការអនុវត្តច្បាប់ដ៏ចម្រូងចម្រាសស្តីពីការគេចសាលារបស់សិស្សនៅទីក្រុង San Francisco ខណៈឪពុកម្តាយត្រូវប្រឈមមុខនឹងរងការពិន័យចំពោះ​កូនរបស់ពួកគេដែលមិនបានចូលសាលារៀន។ មួយវិញទៀត ការិយាល័យរបស់លោកស្រីក៏បានទប់ស្កាត់មិនឲ្យមានការដោះលែងអ្នកទោសបន្ថែមទៀត បើទោះបីជាមានការកកកុញយ៉ាងច្រើននៅក្នុងពន្ធនាគាររដ្ឋ California ក៏ដោយ។

ក្នុងនាមជាអគ្គមេធាវីរបស់រដ្ឋ លោកស្រី ហារីស បានឡើងចេញមុខការពារការប្រើប្រាស់ទោសប្រហារជីវិតនៅរដ្ឋ California បើទោះបីជាខ្លួនលោកស្រីផ្ទាល់ធ្លាប់បានប្រឆាំងពីការដាក់ទោសរបៀប​នេះ​ក៏ដោយ។

ទន្ទឹម​នឹង​ការ​មើល​ឃើញ​ថា​ជា​តារា​រះ​ប្រចាំ​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហារីស ក៏​បាន​រង​ការ​រិះគន់​មិន​ចេះ​តិច​នោះ​ទេ ដែលថា លោកស្រី​មិន​ទាន់​មាន​​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដូច​​អ្វី​ដែល​រំពឹង​ទុក។ ក្រុម​អ្នក​រិះគន់ ថា លោកស្រី​នៅ​ខ្វះ​អំណាច​ដើម្បី​ទប់​ស្កាត់​មតិ​ប្រឆាំង​នៅ​ក្នុង​គណបក្ស​របស់​លោកស្រី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មការិនី
ព័ត៌មានជាតិ២ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៣៧ នាទីutes មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

អគ្គិភ័យ​
សន្តិសុខសង្គម៥០ នាទីutes មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម