ព័ត៌មានអន្ដរជាតិ
Pelosi ជាមនុស្សសំខាន់ម្នាក់ធ្វើឲ្យលោក Biden ដកបេក្ខភាពពីការបោះឆ្នោតប្រធានាធិបតី
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កភាពភ្ញាក់ផ្អើលជាមួយនឹងសេចក្តីប្រកាស មិនបន្តឈរឈ្មោះបោះឆ្នោតអាណត្តិទី២ទេ ហើយបុគ្គលមួយរូប ដែលគេដឹងថា ជាដើមចមនៅពីក្រោយការសម្រេចចិត្តនេះ គឺជាអតីតប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi។

តាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤, លោកស្រី Pelosi គឺជាអ្នកអុជអាល ដល់ថ្នាក់ធ្វើឲ្យលោក Biden ដកបេក្ខភាព ហើយថែមទាំងព្រមានអំពីផលលំបាកទៀតផង ប្រសិនបើប្រធានាធីបតីវ័យ៨១ឆ្នាំរូបនេះ នៅតែរឹងទទឹងបន្តយុទ្ធនាការបោះឆ្នោតរបស់គាត់។
ប្រភពបានប្រាប់ NBC ថា ត្បិតតែលោកស្រី Pelosi មិនប្រកាសជាសាធារណៈមែន ប៉ុន្តែគាត់បានធ្វើការស្ងាត់ៗនៅពីក្រោយឆាក ដោយជំរុញសមាជិកសភាគ្រប់ជាន់ថ្នាក់ឲ្យជំទាស់ ហើយតឿនឲ្យអ្នកទាំងនោះ និយាយដោយស្មោះអស់ពីចិត្តកុំលាក់លៀមចំពោះបេក្ខភាពរបស់លោក Biden។
ប្រភពចំនួន៣ បានប្រាប់សារព័ត៌មានខាងលើថា នៅពេលដែលសមាជិកបក្សចាប់ផ្តើមស្ងប់ចិត្តរឿងបេក្ខភាពរបស់លោក Biden ស្រាប់តែលោកស្រី Pelosi បញ្ឆេះរឿងឲ្យកាន់តែក្តៅគគុកតែម្តង ហើយមានអ្នកប្រជាធិបតេយ្យជាន់ខ្ពស់មួយរូប ត្រូវបានដកស្រង់សម្តីថា “ខ្ញុំគិតថា លោកស្រី Pelosi កំពុងចង់បង្ហាញដល់គេឯងថា គាត់នៅតែជាអ្នកជំនាញខាងនយោបាយ”។

រីឯអ្នកប្រជាធិបតេយ្យម្នាក់ទៀតដែលនិយាយជាមួយលោកស្រី Pelosi កាលពីសប្តាហ៍មុន បានប្រាប់ NBC ថា៖«ហេតុផលដែលសមាជិកបក្សប្រជាធិបតេយ្យ អំពាវនាវឲ្យលោក Biden ដកបេក្ខភាពគឺជាអ្វីដែលលោកស្រី Pelosi បញ្ចុះបញ្ចូល ហើយនៅពេលសួរថាតើ លោកស្រី Pelosi មានចំណែកប៉ុន្មានភាគរយ ចំពោះការសម្រេចចិត្តរបស់ Biden? សមាជិកសភារូបនេះ និយាយថា ៥០%»។
ដោយឡែក បើយោងតាមរបាយការណ៍កាលពីថ្ងៃសៅរ៍ ពោលគឺមួយថ្ងៃ មុនពេលលោក Biden ប្រកាសដកបេក្ខភាពរបស់លោកនោះ លោកស្រី Pelosi ក៏បានទូរស័ព្ទទៅព្រមានលោកបៃដិនដោយផ្ទាល់ថា ប្រសិនបើគាត់នៅតែបន្តឈរឈ្មោះទៀត គាត់អាចចាញ់អ្នកខាងគណបក្សសាធារណរដ្ឋគឺលោក Donald Trump យ៉ាងធ្ងន់ធ្ងរ ហើយអាចធ្វើឲ្យពួកគេនោះ គ្រប់គ្រងសភាទាំងពីរតែម្តង។
ក្រោយប្រកាសដកបេក្ខភាព លោក Joe Biden បានបង្ហាញការគាំទ្រយ៉ាងមុតមាំទៅលើអនុប្រធានាធិបតី Kamala Harris ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ ទោះយ៉ាងណាក្តី លោកបៃដិនក៏បានប្រកាសដែរថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតី ហើយបំពេញភារកិច្ចរហូតដល់ចប់អាណត្តិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ថា ប្រកួតជាមួយ ហារីស ស្រួលឈ្នះជាង បៃដិន ទៅទៀត!

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ