ព័ត៌មានអន្ដរជាតិ
អត្តពលិកអ៊ីស្រាអែល នឹងទទួលបានការការពារពិសេសជាងគេ ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅបារាំង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ប្រកាសនឹងផ្ដល់សេវាកម្មការពារពិសេសចំពោះក្រុមអត្តពលិកអ៊ីស្រាអែល នៅអំឡុងពេលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ដែលត្រៀមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

ការប្រកាសរបស់លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង កាលពីថ្ងៃទី២១ ខែកក្កដា ធ្វើឡើងបន្ទាប់ពីសមាជិកសភាឆ្វេងនិយមម្នាក់បានលើកឡើងថា ក្រុមគណៈប្រតិភូរបស់អ៊ីស្រាអែលមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសបារាំង ហើយបានអំពាវនាវឲ្យមានបាតុកម្មប្រឆាំងនឹងវត្តមានរបស់ពួកគេថែមទៀតផង។ លោក Darmanin ថា ក្រុមអត្តពលិកអ៊ីស្រាអែល នឹងទទួលបានការការពាររយៈពេល២៤ម៉ោងពេញក្នុង១ថ្ងៃរហូតដល់ចប់ព្រឹត្តិការណ៍អូឡាំពិក ដើម្បីបង្ការកុំឲ្យកើតមានហេតុការណ៍អាក្រក់ដូចកាលពី៥២ឆ្នាំមុននៅក្នុងប្រទេសអាល្លឺម៉ង់ ដែលកាលណោះក្រុមភេរវករប៉ាឡេស្ទីនបានសម្លាប់អត្តពលិកអ៊ីស្រាអែលចំនួន១១នាក់។
ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅបារាំងលើកនេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខ និងភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមនៅហ្គាហ្សា។ ក្រុមឆ្វេងនិយមនៅបារាំង បានប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា។
លោក Thomas Portes សមាជិកសភាមកពីគណបក្សឆ្វេងនិយម France Unbowed Insoumise បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖«យើងនៅតែប៉ុន្មានថ្ងៃទៀតពីព្រឹត្តិការណ៍អន្តរជាតិ ដែលនឹងប្រារព្ធនៅក្នុងទីក្រុងប៉ារីស ដែលនោះគឺជាព្រឹត្តិការណ៍កីឡាអូឡាំពិក។ ហើយខ្ញុំនៅទីនេះសូមនិយាយថាទេ ប្រតិភូអ៊ីស្រាអែលមិនត្រូវបានស្វាគមន៍នៅក្នុងប៉ារីសទេ។ អត្តពលិកអ៊ីស្រាអែល មិនត្រូវបានស្វាគមន៍នៅព្រឹត្តិការណ៍អូឡាំពិកនៅប៉ារីសឡើយ»។ បន្ថែមពីនេះ លោក Portes ក៏បានអំពាវនាវឲ្យមានបាតុកម្មប្រឆាំងនឹងវត្តមានរបស់អ៊ីស្រាអែលផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Stephane Sejourne រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយដៃគូនៅក្នុងសហភាពអឺរ៉ុបនៅក្នុងរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃចន្ទទី២២ ខែកក្កដាថា៖«ខ្ញុំចង់និយាយតំណាងឲ្យប្រទេសបារាំងទៅកាន់ប្រតិភូអ៊ីស្រាអែល យើងស្វាគមន៍អ្នករាល់គ្នាទៅកាន់បារាំងសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ»។ លោក Sejourne ក៏បានប្រាប់ដែរថា លោកបាននិយាយតាមរយៈទូរសព្ទជាមួយភាគីអ៊ីស្រាអែលរួចមកហើយទាក់ទិននឹងការធានាជូននូវសេវាសន្តិសុខចំពោះប្រតិភូរបស់ពួកគេ។
ចំណែកឯ គណៈកម្មាធិការអូឡាំពិករបស់ប៉ាឡេស្ទីន កាលពីថ្ងៃចន្ទក៏បានចូលរួមអំពាវនាវនៅក្នុងលិខិតផ្ញើទៅកាន់ប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកអន្តរជាតិ លោក Thomas Bach ដោយស្នើឲ្យមានការដកវត្តមានក្រុមអត្តពលិកអ៊ីស្រាអែល។ ក្នុងលិខិតរបស់ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលថាបានបំពានបទឈប់បាញ់សម្រាប់អូឡាំពិក ដែលគ្រោងធ្វើឡើងតាំងតែពីថ្ងៃទី១៩ ខែកក្កដា រហូតដល់ចប់ប៉ារ៉ាឡាំពិក នាពាក់កណ្ដាលខែកញ្ញាខាងមុខ ខណៈអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួនដដែលនៅក្នុងតំបន់ហ្គាហ្សា៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ