ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចង់ចាប់ដៃ អាមេរិក បង្កើត “ណាតូមជ្ឈិមបូព៌ា”
ថ្លែងក្នុងសម័យប្រជុំសភាអាមេរិកកាលពីថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើឲ្យមានការបង្កើតប្លុកយោធាថ្មីមួយ យកគំរូតាមអង្គការណាតូ ដោយដាក់ឈ្មោះ “សម្ព័ន្ធ Abraham” ឬគេអាចហៅបានថា “ណាតូមជ្ឈិមបូព៌ា” ដែលច្បាស់ណាស់ គឺមានគោលបំណងប្រឆាំងប្រទេសអ៊ីរ៉ង់សុទ្ធសាធ។

តាមការចុះផ្សាយរបស់ RT, លោក Netanyahu និយាយថា “អាមេរិក បានបង្កើតសម្ព័ន្ធភាពសន្តិសុខនៅអឺរ៉ុបដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់សូវៀតរួចទៅហើយ។ ដូចគ្នានេះ អាមេរិកនិងអ៊ីស្រាអែល ក៏អាចបង្កើតសម្ព័ន្ធភាពសន្តិសុខនៅមជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់អ៊ីរ៉ង់ដែរ។ តាមពិត សម្ព័ន្ធភាពបែបនេះ ត្រូវគេមើលឃើញរួចទៅហើយកាលពីថ្ងៃទី១៤ខែមេសា នៅពេលអ៊ីរ៉ង់ បាញ់មីស៊ីលនិងបញ្ជូនយន្តហោះគ្មានមនុស្សបើក មកវាយប្រហារអ៊ីស្រាអែល ហើយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ជួយបាញ់ទម្លាក់សព្វាវុធទាំងនោះ។ ប្រទេសណាដែលមានសន្តិភាពជាមួយអ៊ីស្រាអែលឬមានបំណងចង់បានសន្តិភាព គួរតែចូលរួមជាមួយប្លុកនេះទៅ ព្រោះអ៊ីរ៉ង់ គឺជាអ្នកគំរាមកំហែងដល់ពួកគេទាំងអស់គ្នា”។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយដ៏ធំ ដោយបានជួយយោធាអ៊ីស្រាអែលយ៉ាងសស្រាក់សស្រាំ ពេញមួយសង្គ្រាមរយៈពេលប្រាំបួនខែ ជាមួយក្រុមហាម៉ាស។

យ៉ាងណាក្តី ដោយសារតែរងសម្ពាធពីសំណាក់អ្នកមានដើមកំណើតនៅប៉ាឡេស្ទីន និងជនជាតិអាមេរិកដើមកំណើតអារ៉ាប់ នៅក្នុងគណបក្សរបស់លោក ចូ បៃដិន, រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន បានស្នើឡើងនូវផែនការបទឈប់បាញ់បីដំណាក់កាលចំពោះជម្លោះនៅតំបន់ហ្គាហ្សា ប៉ុន្តែទីក្រុងហ្ស៊េរុយសាឡិមខាងលិច ហាក់មានការស្ទាក់ស្ទើរក្នុងការទទួលយកបទឈប់បាញ់។
ទោះបែបនេះ ក៏លោក Netanyahu ប្រកាសក្តែងៗថា អ៊ីស្រាអែលនឹងមិនបន្ថយដៃធ្វើសង្គ្រាមឡើយ រហូតទាល់តែខ្លួនកម្ទេចក្រុមហាម៉ាសទាំងស្រុង ហើយរំដោះឈ្លើយសឹកមកវិញទាំងអស់។

សូមជម្រាបជាថ្មី ក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការវាយប្រហារឆ្លងដែនចូលអ៊ីស្រាអែល យ៉ាងភ្ញាក់ផ្អើល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សជាង ១ ២០០នាក់ និងចាប់រាប់រយនាក់ទៀត ធ្វើជាចំណាប់ខ្មាំង។
ជាការសងសឹក លោក Netanyahu បានចេញបញ្ជាឲ្យកងទ័ព បើកប្រតិបត្តិការជើងគោកនិងអាកាសដោយមិនប្រណីដៃនៅហ្គាហ្សា ខណៈគិតត្រឹមពេលនេះ មានពលរដ្ឋប៉ាឡេស្ទីនជិត ៤ម៉ឺននាក់ហើយ ដែលត្រូវបានសម្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បើកភ្លើងបៃតងឲ្យដឹកគ្រាប់បែកទម្ងន់ជាង២០០គីឡូ ទៅអ៊ីស្រាអែលឡើងវិញ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?