ព័ត៌មានអន្ដរជាតិ
ប្រេងដែលកំពប់ចូលសមុទ្រនៅហ្វីលីពីនថ្ងៃមុន ហៀរដល់ភូមិនេសាទ និងបង្កផលប៉ះពាល់ដល់ប្រជាជន
ប្រេងដែលកំពប់ចេញពីកប៉ាល់មួយគ្រឿងដែលក្រឡាប់នៅឆ្នេរសមុទ្រប្រទេសហ្វីលីពីន បានហូរទៅដល់ច្រាំងភូមិនេសាទក្បែរនោះ បង្កការគំរាមកំហែងដល់សុខភាព និងជីវភាពរបស់អ្នកនេសាទ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤។

កប៉ាល់ MT Terra Nova បានផ្ទុកឥន្ធនៈឧស្សាហកម្មចំនួន ១,៥លានលីត្រ មុនពេលលិចចូលក្នុងសមុទ្រព្រោះតែកត្តាអាកាសធាតុមិនល្អ និងរលកធំៗ នៅឆ្នេរសមុទ្រ Limay ខេត្ត Bataan ភាគខាងលិចនៃរដ្ឋធានីម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកក្កដា។ សមាជិកម្នាក់នៃនាវិកចំនួន ១៧នាក់បានបាត់បង់ជីវិត ខណៈអ្នកសេសសល់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
អ្នកនេសាទនៅទីក្រុង Tanza ខេត្ត Cavite ភាគខាងត្បូងប្រទេសហ្វីលីពីន បានរាយការណ៍ថា ពួកគេបានធុំក្លិនប្រេង ហើយបានសម្ដែងការខកចិត្តជាខ្លាំង ក្រោយប្រេងដែលកំពប់បានហូរហៀរចូលដល់ច្រាំងសមុទ្រទីក្រុងរបស់ពួកគេ។ លោក Renan Honsana អាយុ៤៨ឆ្នាំ ដែលជាអ្នកភូមិនៅទីនោះ បាននិយាយថា៖ «ការកំពប់ប្រេងនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងលើពួកយើងដែលជាអ្នកនេសាទ ព្រោះពួកយើងពឹងផ្អែកលើសមុទ្រ ហើយវាត្រូវបានរងផលប៉ះពាល់ដោយសារប្រេង។ យើងនឹងត្រូវលក់ត្រីរបស់យើងក្នុងតម្លៃថោក ព្រោះគេនឹងមិនទិញទេ។ តើយើងត្រូវរកកន្លែងចិញ្ចឹមជីវិតនៅឯណាក្រៅពីសមុទ្រមួយនេះ»។
ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយថា ខ្លួនបានបិទកន្លែងធ្លាយប្រេងពីកប៉ាល់ដែលបានក្រឡាប់ រួចហើយចាប់ផ្តើមបូមប្រេងចេញដើម្បីការពារកុំឲ្យមានការលេចធ្លាយប្រេងបន្ថែមទៀត។ ឆ្មាំសមុទ្រហ្វីលីពីន ក៏បានអង្កេតមើលទឹកសមុទ្រក្រុង Limay ក្រុង Bulacan និងក្រុង Cavite តាមអាកាសផងដែរ ហើយបានសង្កេតឃើញថាមានប្រេងហៀរទៅដល់ទីនោះនៅក្នុងបរិមាណតិចតួចនៅឡើយទេ។
ក្រុមមន្ត្រី បច្ចុប្បន្នកំពុងស៊ើបអង្កេតថាតើការក្រឡាប់លិចនេះមានជាប់ទាក់ទងទៅនឹងព្យុះទីហ្វុង Gaemi ដែរឬក៏អត់ ព្រោះអីព្យុះនេះបានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសហ្វីលីពីននារយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ដែលបង្កឲ្យមានគ្រោះទឹកជំនន់ និងការបាក់ដី ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦នាក់។
កាលពីខែកុម្ភៈឆ្នាំ២០២៣ ធ្លាប់មានករណីកំពប់ប្រេងចេញពីកប៉ាល់ MT Princess Empress ដែលបានក្រឡាប់នៅហ្វីលីពីន ហើយផ្ទុកប្រេងចំណុះ ៨០ម៉ឺនលីត្រ។ ករណីកំពប់ប្រេងនេះ បានបង្កផលប៉ះពាល់ចំពោះតំបន់ទេសចរណ៍ជាច្រើន ហើយការសម្អាតប្រេងនៅពេលនោះ ត្រូវចំណាយរយៈពេលរហូតដល់ទៅ៣ខែឯណោះ៕
ដោយ៖ ឈាង
ចុចអាន៖ កប៉ាល់ដឹកប្រេងក្រឡាប់នៅហ្វីលីពីនបណ្តាលឲ្យកំពប់ប្រេង១៥០០តោនចូលសមុទ្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?