ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មនៅវ៉េណេស៊ុយអេឡា ក្រោយប្រកាសលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស
សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក បានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរើសប្រធានាធិបតីថ្មីនៅប្រទេសវេណេស៊ុយអេឡា ដោយក្នុងនោះលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) នៃបក្សកាន់អំណាច បានប្រកាសពីជ័យជំនះ ស្របពេលមានការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ។ វ៉េណេស៊ុយអេឡា ប្រកាសពីលទ្ធផលបោះឆ្នោតរកឃើញបក្សដែលឈ្នះ ប៉ុន្តែការរាប់សន្លឹកឆ្នោតលម្អិតមិនត្រូវបានបញ្ចេញនោះទេ។

បាតុកម្មបានផ្ទុះឡើងនៅក្នុងរដ្ឋធានីការ៉ាកាស និងបណ្ដាទីក្រុងមួយចំនួនផ្សេងទៀត ដោយមានការចូលរួមពីមនុស្សរាប់រយនាក់តវ៉ានៅតាមដងផ្លូវ។
លោក ម៉ាឌូរ៉ូ បានប្រកាសថា រដ្ឋាភិបាលរបស់លោកកំពុងស៊ើបអង្កេតមេដឹកនាំគណបក្សប្រឆាំង ដែលបានចោទប្រកាន់បក្សរបស់លោកថាបានលួចចូលលុកលុយប្រព័ន្ធកុំព្យូទ័រនៃការបោះឆ្នោត។ ចំណាត់ការរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ធ្វើឡើងក្រោយពេលគណកម្មាធិការរៀបចំការបោះឆ្នោតមិនបានបញ្ចេញលទ្ធផលលម្អិត ដែលជាហេតុបង្កឲ្យមានការសង្ស័យពីសំណាក់ពលរដ្ឋក្នុងប្រទេស ក៏ដូចជាអ្នកអង្កេតការណ៍អន្តរជាតិជាច្រើន ពាក់ព័ន្ធនឹងការក្លែងបន្លំលទ្ធផលបោះឆ្នោត។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ប្រឈមនឹងហានិភ័យនៃភាពឯកោខាងការទូត ខណៈដែលប្រទេសកាន់តែច្រើន សូម្បីតែសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួន បានចោទសួរពីកង្វះតម្លាភាពនៃការបោះឆ្នោតដែលហាក់ដូចជាបានបំពានលើបទដ្ឋានអន្តរជាតិ។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលជាសម្ព័ន្ធមិត្តឆ្វេងនិយមចាស់ឆ្នាំរបស់លោក ម៉ាឌូរ៉ូ បានអំពាវនាវឲ្យមានការផ្ទៀងផ្ទាត់មិនលម្អៀងលើលទ្ធផលបោះឆ្នោតនៅវ៉េណេស៊ុយអេឡា។ ប្រេស៊ីល បានបន្ថែមថា ខ្លួនកំពុងរង់ចាំការចេញផ្សាយនៃ «ទិន្នន័យដែលរាប់ដោយការិយាល័យបោះឆ្នោត ដែលជាជំហានមិនអាចខ្វះបានសម្រាប់តម្លាភាព ភាពជឿជាក់ និងភាពស្របច្បាប់នៃលទ្ធផលបោះឆ្នោត»។
ចំណែកប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ដែលជាជនឆ្វេងនិយមផងដែរនោះ ក៏បានអំពាវនាវឲ្យមានការបញ្ចេញតួលេខលម្អិតឲ្យអ្នកសង្កេតការណ៍អន្តរជាតិដែលតាមដានការបោះឆ្នោតដើម្បីផ្តល់ការវាយតម្លៃ។ បន្ថែមពីនេះ លោក Luis Gilberto Murillo រដ្ឋមន្ត្រីការបរទេសកូឡុំប៊ី បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «វាចាំបាច់នៅក្នុងការជម្រះការសង្ស័យអំពីលទ្ធផល»។
ការលើកឡើងរបស់ប្រេស៊ីល និងកូឡុំប៊ី គឺជារឿងគួរឲ្យកត់សម្គាល់ខ្លាំង ព្រោះវាបានបង្ហាញថា សម្ព័ន្ធមិត្តពីរដ៏ធំបំផុតរបស់វ៉េណេស៊ុយអេឡាហាក់មិនទទួលស្គាល់នូវការអះអាងពីជោគជ័យសាជាថ្មីម្ដងទៀតរបស់លោក ម៉ាឌូរ៉ូ និងទាមទារឲ្យមានការបង្ហាញពីព័ត៌មានលម្អិតជាក់លាក់នៃលទ្ធផលបោះឆ្នោត។
មន្ត្រីការទូតប្រេស៊ីលពីររូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន New York Times ថា ក្រៅតែពីប្រេស៊ីល និងកូឡុំប៊ី ក៏នៅមានប្រទេសម៉ិកស៊ិកមួយទៀត ដែលបានចូលរួមក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ខែកក្កដា អំពាវនាវឲ្យមានការបង្ហាញពីការរាប់សន្លឹកឆ្នោតនៅតាមស្ថានីយបោះឆ្នោតនីមួយៗ។ មន្ត្រីទូតប្រេស៊ីល បានបង្ហាញក្ដីសង្ឃឹមថា ជំហររួមគ្នានេះ នឹងអាចជួយដាក់សម្ពាធលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។
គណកម្មាធិការរៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា ដែលគ្រប់គ្រងដោយបក្សកាន់អំណាច បានប្រកាសកាលពីព្រឹកថ្ងៃចន្ទថា លទ្ធផលបោះឆ្នោតនៅថ្ងៃអាទិត្យបង្ហាញថា លោក ម៉ាឌូរ៉ូ បានទទួលសម្លេងគាំទ្រចំនួន ៥១,២% ហើយជាអ្នកឈ្នះលើការបោះឆ្នោតដែលមិនអាចប្រកែកតវ៉ាបាន រួចលោកនឹងត្រូវឡើងកាន់តំណែងបន្តរយៈពេល៦ឆ្នាំបន្ថែមទៀត។ លោក ម៉ាឌូរ៉ូ បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៣។ ចំណែកឯបក្សប្រឆាំងដែលដឹកនាំដោយលោក Edmundo Gonzalez មានសម្លេងគាំទ្រ ៤០,២%។
បក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា បានជំទាស់នឹងលទ្ធផលបោះឆ្នោត ហើយទាមទារឲ្យលោក ម៉ាឌូរ៉ូ ប្រគល់ក្រដាសព្រីននូវកំណត់ត្រាលទ្ធផលឆ្នោតចំនួន ៣ម៉ឺនសន្លឹក ដែលបានចុះហត្ថលេខា និងចុះកាលបរិច្ឆេទដោយបុគ្គលិកបោះឆ្នោត និងអ្នកសង្កេតការណ៍បក្សប្រឆាំង។ បក្សប្រឆាំង បានសង្កត់ធ្ងន់ទៀតថា តួលេខនៃលទ្ធផលមិនត្រូវបង្ហាញតែនៅលើវិបសាយរដ្ឋាភិបាលនោះទេ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ