ព័ត៌មានអន្ដរជាតិ
ប្រតិកម្មអន្តរជាតិជុំវិញការស្លាប់របស់មេដឹកនាំកំពូលក្រុមហាម៉ាស
លោក Ismail Haniyeh មេដឹកនាំកំពូលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវបានគេសម្លាប់នៅក្នុងរដ្ឋធានី Tehran អំឡុងពេលលោកកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមអបអរលោក Masoud Pezeshkian ឡើងកាន់តំណែងជាប្រធានាធិបតីថ្មីនៃសាធារដ្ឋអ៊ីស្លាម។ ដំណឹងនៃមរណភាពរបស់លោក Haniyeh ត្រូវបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សេងៗគ្នាដោយក្រុមប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា និងកងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់។

ខាងក្រោមនេះគឺជាប្រតិកម្មខ្លះៗជុំវិញការបាត់បង់ជីវិតរបស់មេដឹកនាំក្រុមហាម៉ាស៖
លោក Sami Abu Zuhri មេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស
លោក Zuhri បាននិយាយថា ការធ្វើឃាតលោក Haniyeh មានគោលបំណងបំបែកឆន្ទៈរបស់ក្រុមហាម៉ាស និងប្រជាជនរបស់ហាម៉ាស។ យ៉ាងណា មេបញ្ជាការរូបនេះ បានបញ្ជាក់ថា ក្រុមដែលបង្កើតហេតុការណ៍ដ៏អាក្រក់នេះឡើង នឹងមិនអាចសម្រេចគោលបំណងរបស់ពួកគេបាននោះឡើយ។ លោកថា៖ «ហាម៉ាស គឺជាផ្នត់គំនិតមួយ និងស្ថាប័នមួយ ហើយមិនមែនជាបុគ្គលនោះទេ។ ហាម៉ាសនឹងបន្តនៅលើផ្លូវនេះទៀត ដោយមិនគិតពីការលះបង់ ហើយយើងមានទំនុកចិត្តទទួលបានជោគជ័យ»។
លោក Muhammad al-Hindi អគ្គលេខាធិការរងនៃក្រុមជីហាត អ៊ីស្លាម-ប៉ាឡេស្ទីន
«ការធ្វើឃាតនេះមិនត្រឹមតែសំដៅទៅលើក្រុមអ្នកតស៊ូប៉ាឡេស្ទីន និងក្រុមហាម៉ាសប៉ុណ្ណោះទេ ដោយច្បាស់ណាស់ វាក៏សំដៅទៅលើប្រទេសអ៊ីរ៉ង់ផងដែរ។ អ៊ីស្រាអែលកំពុងឈានដល់ការដួលរលំ ហើយប្រតិកម្មរបស់ពួកគេឆ្លុះបញ្ចាំងពីភាពច្របូកច្របល់ និងអសមត្ថភាពក្នុងការសម្រេចបាននូវគោលដៅណាមួយរបស់ខ្លួន។ អ៊ីស្រាអែលកំពុងប្រឈមមុខនឹងក្រុមអ្នកតស៊ូបែបនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន»។
លោក Amichai Eliyahu រដ្ឋមន្ត្រីបេតិកភណ្ឌរបស់អ៊ីស្រាអែល
«នេះជាវិធីដ៏ត្រឹមត្រូវដើម្បីសម្អាតភាពកង្វក់នៃពិភពលោក។ គ្មានកិច្ចព្រមព្រៀងសន្តិភាពឬការចុះចាញ់តាមក្ដីស្រមៃនោះទេ។ គ្មានមេត្តាធម៌ទៀតទេ។ ដៃដែកដែលនឹងវាយពួកគេ គឺជាដៃដែលនាំមកនូវសន្តិភាព និងផាកសុកភាពបន្តិចបន្តួច ហើយពង្រឹងសមត្ថភាពរបស់យើងក្នុងការរស់នៅដោយសន្តិភាពជាមួយអ្នកដែលចង់បានសន្តិភាព។ ការស្លាប់របស់ Haniyeh ធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើងបន្តិច»៕
លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ លោក Kanaani បាននិយាយថា៖ «ការស្លាប់របស់ Haniyeh នៅក្នុងទីក្រុង Tehran នឹងពង្រឹងចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅ និងមិនអាចបំបែកបានរវាងក្រុង Tehran ប៉ាឡេស្ទីន និងក្រុមអ្នកតស៊ូ»។
លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន
លោក Abbas បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើឃាតនេះ ដោយពណ៌នាថាវាជា «ទង្វើដ៏កំសាក និងការអភិវឌ្ឍដ៏គ្រោះថ្នាក់»។ លោកប្រធានាធិបតីក៏បានអំពាវនាវឲ្យប៉ាឡេស្ទីនរួបរួមគ្នា និង «អត់ធ្មត់ និងខ្ជាប់ខ្ជួនចំពោះការលុកលុយរបស់អ៊ីស្រាអែល»។
លោក Mikhail Bogdanov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
«នេះជាឃាតកម្មនយោបាយមិនអាចទទួលយកបានជាដាច់ខាត ហើយវានឹងនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង»។
លោក Mohammed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍កំពូលក្រុមឧទ្ទាមហ៊ូធី នៃប្រទេសយេម៉ែន
«ការកំណត់គោលដៅលោក Ismail Haniyeh គឺជាឧក្រិដ្ឋកម្មភេរវកម្មដ៏សាហាវឃោរឃៅ និងជាការរំលោភបំពានច្បាប់ និងតម្លៃឧត្តមគតិ»។
ប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ម៉ាឡេស៊ីជំរុញឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងហ្មត់ចត់លើការធ្វើឃាតនេះ ហើយអ្នកដែលទទួលខុសត្រូវត្រូវបាននាំយកមកកាត់ទោស។ ម៉ាឡេស៊ីក៏ជំរុញឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ ខណៈដែលការពិតជុំវិញការធ្វើឃាតកំពុងត្រូវបានស៊ើបអង្កេត។ ឧប្បត្តិហេតុនេះបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ការបន្ថយភាពតានតឹង និងពង្រឹងភាពចាំបាច់សម្រាប់ភាគីទាំងអស់ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងបន្តការដោះស្រាយដោយសន្តិវិធី»។
ក្រុមហេសបូឡា
«យើងនៅក្នុងក្រុមហេសបូឡា សូមចែករំលែកជាមួយបងប្អូនជាទីស្រឡាញ់របស់យើងនៅក្នុងចលនារបស់ក្រុមហាម៉ាសទាំងអស់ចំពោះការបូជាជីវិតនូវអារម្មណ៍ឈឺចាប់ចំពោះការបាត់បង់មេដឹកនាំដ៏អស្ចារ្យនេះ អារម្មណ៍នៃការខឹងសម្បារចំពោះឧក្រិដ្ឋកម្មរបស់សត្រូវ អារម្មណ៍នៃមោទនភាពដែលមេដឹកនាំនៅក្នុងចលនារបស់យើងកំពុងដឹកនាំប្រជាជនរបស់ពួកគេ និងសហគមន៍អ៊ីស្លាមរបស់ពួកគេ»។
ប្រទេសតួកគី
ក្រសួងការបរទេសតួកគី បាននិយាយថា ការសម្លាប់លោក Haniyeh «បង្ហាញជាថ្មីម្តងទៀតថា រដ្ឋាភិបាលលោក Netanyahu របស់អ៊ីស្រាអែល មិនមានចេតនាក្នុងការសម្រេចបាននូវសន្តិភាពនោះទេ» ហើយជម្លោះក្នុងតំបន់នឹងកាន់តែរីកធំឡើង ប្រសិនបើសហគមន៍អន្តរជាតិមិនចាត់វិធានការបញ្ឈប់អ៊ីស្រាអែល៕
ដោយ៖ ឈាង
ចុចអាន៖ ក្ដៅៗ! មេដឹកនាំកំពូលក្រុមហាម៉ាស ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?