ព័ត៌មានអន្ដរជាតិ
ក្រយាព្រះស្ងោយលាក់កំបាំងក្នុងទីក្រុងហាមឃាត់ ដែលអធិរាជចិន ៣ អង្គ សព្វព្រះរាជហឫទ័យខ្លាំង
ទីក្រុងហាមឃាត់ឬ Forbidden City គឺជាវិមានដ៏ធំមួយនៅក្នុងទីក្រុងប៉េកាំង ដែលធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ ហើយក៏ជាកន្លែងស្នាក់នៅរបស់រាជវង្សក្នុងកំឡុងរាជវង្ស Ming និង Qing ដែលជារាជវង្សចុងក្រោយគេបង្អស់របស់ប្រទេសចិន។ តំបន់ព្រះបរមរាជវាំងហាមឃាត់នេះ ត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង ហើយជីវិតនៅខាងក្នុងតែងតែមានអាថ៌កំបាំងជាច្រើនរួមទាំងក្រយាព្រះស្ងោយប្រចាំថ្ងៃដ៏មានឱជារសរបស់អធិរាជចិន ខណៈដែលមនុស្សជាច្រើនចង់ដឹងយ៉ាងខ្លាំង តែមិនអាចចូលទៅទស្សនាបាន។
ជាច្រើនទសវត្សរ៍ បន្ទាប់ពីការដួលរលំនៃរាជវង្ស Qing ក្នុងឆ្នាំ ១៩២៤ នៅពេលដែលទីក្រុងហាមឃាត់ បានចាប់ផ្តើមបើកឲ្យពិភពលោកខាងក្រៅចូលទស្សនា និងសិក្សា វានៅតែមានព័ត៌មានតិចតួចបំផុតអំពីជីវិតដែលធ្លាប់កើតមាននៅក្នុងតំបន់ហាមឃាត់នេះ។ ជាពិសេសក្រយាព្រះស្ងោយប្រចាំថ្ងៃដែលមានឱជារសរបស់អធិរាជនៃប្រទេសចិននេះតែម្ដង។
យោងទៅតាមប្រវត្តិវិទូ Zhao Rongguang គឺជាបុគ្គលមួយរូបក្នុងចំណោមមនុស្សពីរបីនាក់ចុងក្រោយ ដែលបានចូលមើលនិងសិក្សាឯកសារទាំងអស់នោះបានហ្មត់ចត់ មុនពេលដែលឯកសារបុរាណភាគច្រើនត្រូវបានចាក់សោលែងឲ្យសាធារណជនចូលទស្សនាផ្ទាល់ភ្នែកទៀត។
បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជិត ៤០ ឆ្នាំ លោក Zhao ជឿជាក់ថា ក្រយាព្រះស្ងោយប្រចាំថ្ងៃនៅក្នុងទីក្រុងហាមឃាត់សុទ្ធតែជារបស់ថ្លៃនិងពិបាករកបំផុតនាសម័យកាលនោះ។ យ៉ាងណា គេបានសិក្សាដោយផ្អែកទៅលើអធិរាជ៣អង្គ ដែលដើរតួយ៉ាងសំខាន់ក្នុងការបង្កើតទម្លាប់ក្រយាព្រះស្ងោយនៅក្នុងទីក្រុងហាមឃាត់។
អធិរាជ kangxi សោយពងស្វាសខ្លា ជាក្រយាព្រះស្ងោយ
ក្រោមការគ្រប់គ្រងរបស់អធិរាជ Kangxi នាឆ្នាំ១៦៦១ ដល់ ១៧២២ រាជវង្ស Qing បានឈានចូលដល់សម័យកាលនៃសន្តិភាព និងវិបុលភាពដែលទាក់ទងគ្នា បន្ទាប់ពីសង្គ្រាមរាជវង្សជាច្រើនទសវត្សរ៍បានអូសបន្លាយ។ នោះក៏នាំឲ្យមានការផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍មួយចំនួន ចំពោះក្រយាព្រះស្ងោយនៅខាងក្នុងទីក្រុងហាមឃាត់។
យោងតាមឯកសារដែលលោក Zhao បានស្រាវជ្រាវឲ្យដឹងថា ដំបូងឡើយ នៅដើមរាជវង្ស Qing ក្រយាស្ងោយប្រពៃណីមកពីទឹកដីម៉ាន់ជូរីនៅភាគឦសាននៃប្រទេសចិន តែងតែលេចឡើងនៅលើតុបរិភោគអាហារ។ នៅពាក់កណ្តាលនៃសម័យ Kangxi មុខក្រយាស្ងោយថ្មីរបស់រាជវង្សបានចាប់ផ្តើមផ្លាស់ប្តូរបន្តិចៗម្ដងៗ។ នៅលើតុជប់លៀងរបស់ស្ដេចអង្គនេះ មានទាំងសាច់អាំង និងក្រយាស្ងោយចំឡែកៗជាច្រើន ដូចជាពងស្វាសខ្លា។ មនុស្សសម័យបុរាណជឿថា ពងស្វាសខ្លា មានឥទ្ធិពលពង្រឹងសរីរវិទ្យា ជាពិសេសស្ដេច Kangxi ក៏សព្វព្រះរាជហឫទ័យខ្លាំងចំពោះក្រយាស្ងោយមួយមុខនេះ ហើយទ្រង់ក៏ត្រូវគេដឹងថាបានបរបាញ់សត្វខ្លាជាង ៦០ ក្បាលចាប់តាំងពីឡើងកាន់តំណែងមកម៉្លេះ។
ក្នុងអំឡុងសម័យកាលនោះ សេមាន់ក៏ជាគ្រឿងផ្សំដែលប្រើជាថ្នាំបំប៉នសរីរវិទ្យាផងដែរ ហើយអាហារជាច្រើនរបស់ជនជាតិហាន ក៏បានលេចចេញជាបណ្តើរៗក្នុងបញ្ជីក្រយាស្ងោយរបស់រាជវង្ស ដូចជាសាច់ទាស្ងោរជាដើម។
អធិរាជ Qianlong សព្វព្រះរាជហឫទ័យតែទឹកដោះគោខ្លាំងបំផុត
តែទឹកដោះគោគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា នេះក៏ជាភេសជ្ជៈដ៏ប្រណិតដែរពេលអធិរាជ Qianlong គ្រប់គ្រងរាជវង្ស Qing ពីឆ្នាំ ១៧៣៥ ដល់ ឆ្នាំ ១៧៩៦ មានការសព្វព្រះរាជហឫទ័យខ្លាំងមហិមាដែរ។
ប្រវត្តិវិទូ Zhao ជឿជាក់ថា នេះជាដំណាក់កាលសំខាន់ទីពីរក្នុងការអភិវឌ្ឍន៍ក្រយាស្ងោយ នៅក្នុងទីក្រុងហាមឃាត់ដែរ។ ស្ដេច Qianlong ត្រូវបានគេនិយាយថា ទ្រង់តែងតែចំណាយពេលពីរាជកិច្ចមកកត់ត្រាបញ្ជីឈ្មោះក្រយាស្ងោយប្រចាំថ្ងៃរបស់ទ្រង់យ៉ាងល្អិតល្អន់បំផុត។
យ៉ាងណា នាបច្ចុប្បន្ន រូបសញ្ញានិងគ្រឿងបរិក្ខារនៃក្រយាស្ងោយរបស់ទ្រង់ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ “Life in the Forbidden City” នៅសារមន្ទីរព្រះបរមរាជវាំងហុងកុង។ ក្នុងចំណោមវត្ថុបុរាណដែលដាក់តាំងពិព័រណ៌គឺ ទឹកតែទឹកដោះគោដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១៨ ឬទី១៩ ទឹកតែត្រូវបានលាបពណ៌យ៉ាងប៉ិនប្រសប់ជាមួយនឹងគំនូរនាគមាស ដែលបង្ហាញថា តែទឹកដោះគោគឺជាភេសជ្ជៈដ៏សំខាន់ និងប្រណិតរបស់ប្រជាជនម៉ាន់ជូ។
តែទឹកដោះគោឆ្លុះបញ្ចាំងពីដើមកំណើតម៉ាន់ជូ ហើយជាផ្នែកសំខាន់មួយនៃរបបអាហាររាជវង្សឈីង សូម្បីតែពេលដែលស្ដេចធ្វើដំណើរទៅកាន់តំបន់ Jiangnan ទ្រង់បានជួលម្ចាស់តែទឹកដោះគោមកពីម៉ុងហ្គោលី ឲ្យពួកគេធ្វើតែទឹកដោះគោឲ្យទ្រង់សោយសឹងតែរាល់ថ្ងៃ។
ក្រោយមក បញ្ជីក្រយាស្ងោយរាជវង្សក្នុងកំឡុងសម័យ Qianlong ក៏កាន់តែទំនើប និងសម្បូរបែបដែលបង្ហាញថា រាជវាំងក៏ទទួលទានអាហារក្តៅៗផងដែរ។ ក្នុងនោះ គេសង្កេតឃើញមានក្រយាស្ងោយដែលតែងតែលេចមុខលើតុរបស់ស្ដេចគឺកន្ទុយក្តាន់ Sika និងស៊ុបសំបុកសត្វស្លាប ឬសំបុកបក្សីជាដើម។
អធិរាជស្រី Dowager សព្វព្រះរាជហឫទ័យលើទឹកមាត់ត្រចៀកកាំ
ក្នុងនាមជាអ្នកកាន់អំណាចក្នុងកំឡុងចុងរាជវង្ស Qing អធិរាជស្រី Dowager Cixi ត្រូវបានគេស្គាល់ថាពីរបៀបរស់នៅដ៏ខ្ជះខ្ជាយរបស់ទ្រង់ និងចូលចិត្តក្រយាស្ងោយរបស់ជនជាតិហានដ៏ប្រណិតបំផុត។ នៅក្នុងសម័យកាលដ៏ថ្លៃថ្លាបំផុត ក្រយាស្ងោយប្រចាំថ្ងៃរបស់គ្រួសាររាជវង្ស បានកើនឡើងពី ១៨ ទៅ ២៣ បន្ទាប់មកក៏ហូរហៀរដល់ទៅ ២៥ ឬ២៨ ចានឯណោះនៅលើតុ។
អធិរាជស្រីរូបនេះក៏ជាមនុស្សឆេវឆាវដែរ និងមានចិត្តអំណួត ជារឿយៗទ្រង់តែងធ្វើពិធីជប់លៀងរបស់ព្រះមហាក្សត្រប្រភេទផ្សេងៗគ្នា ដែលបានប្រារព្ធធ្វើនៅក្នុងទីក្រុងហាមឃាត់ពេញមួយសតវត្សតែម្ដង។ ពិធីជប់លៀងដ៏ល្បីបំផុតគឺ ពិធីជប់លៀងសោយទឹកមាត់ត្រចៀកកាំ ដែលរួមបញ្ចូលគ្នានូវពិធីជប់លៀងសំខាន់ៗពីរប្រភេទកាលពីអតីតកាលដូចជា ពិធីជប់លៀងក្រយាស្ងោយបែបអ្នកស្រុកម៉ាន់ជូរី ដែលមានសាច់អាំងជាច្រើន និងពិធីជប់លៀងបែបអាហារជនជាតិហាន ជាមួយស៊ុបសំបុកបក្សី និងអាហារសមុទ្រផ្សេងៗទៀតពោរពាសពេញលើតុរបស់រាជវង្ស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុអាវនាគស្ដេចចិនភាគច្រើនពណ៌លឿងមាស តែអធិរាជផ្ដាច់ការ ឈិនស៊ី មានពណ៌ខ្មៅ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់