ព័ត៌មានអន្ដរជាតិ
EU ចូលរួមជាមួយអាមេរិក ប្រកាសមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាអ្នកឈ្នះឆ្នោតនៅវ៉េណេស៊ុយអេឡា
សហភាពអឺរ៉ុប (EU) បានដាក់សម្ពាធអន្តរជាតិបន្ថែមទៀតលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃអាទិត្យទី៤ខែសីហា ដោយចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអាមេរិកឡាទីន ក្នុងការបដិសេធមិនទទួលស្គាល់ជ័យជម្នះដែលលោក ម៉ាឌូរ៉ូ បានអះអាងនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ហើយចាត់ទុកថាវាជាការក្លែងបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ។

ក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលដែលចេញផ្សាយដោយក្រុមប្រឹក្សារៀបចំការបោះឆ្នោតរបស់វ៉េណេស៊ុយអេឡាកាលពីថ្ងៃទី២ខែសីហា «មិនអាចទទួលស្គាល់បានទេ» ហើយ «ការប៉ុនប៉ងណាមួយដើម្បីពន្យារពេលការចេញផ្សាយពេញលេញនៃកំណត់ត្រាបោះឆ្នោតជាផ្លូវការនឹងធ្វើឲ្យមានការសង្ស័យបន្ថែមទៀត»។
អាជ្ញាធររៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា បានប្រកាសថា អ្នកឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា គឺបក្សកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ តែមិនបានបញ្ចេញព័ត៌មានលម្អិតនៃការរាប់សន្លឹកឆ្នោតនោះទេ ពោលគឺចេញផ្សាយតែលទ្ធផលជាតួលេខនៅលើវិបសាយរដ្ឋាភិបាលប៉ុណ្ណោះ។ ប្រការនេះហើយទើបបង្កឲ្យផ្ទុះបាតុកម្មជាច្រើនកន្លែងនៅក្នុងប្រទេស ដោយបង្ហាញពីការមិនពេញចិត្តឲ្យលោក ម៉ាឌូរ៉ូ បន្តកាន់អំណាចនៅក្នុងអាណត្តិទី៣របស់លោករយៈពេល៦ឆ្នាំថែមទៀតនោះទេ។ បាតុកម្មនេះបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១១នាក់ និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។
បណ្ដាប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក និងអាហ្សង់ទីន បាននិយាយថា ក្នុងការបោះឆ្នោតនេះ បេក្ខភាពមកពីបក្សប្រឆាំងគឺលោក Edmundo González Urrutia ទើបជាអ្នកទទួលជោគជ័យពិតប្រាកដ។
ចំណែកឯសហភាពអឺរ៉ុបរួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្បាញ ក៏បានចូលរួមក្នុងចំណោមប្រទេសដែលបានជំរុញឲ្យមានតម្លាភាពនៅវ៉េណេស៊ុយអេឡាផងដែរ ដោយអំពាវនាវឲ្យអាជ្ញាធរបញ្ចេញតួលេខរាប់សន្លឹកឆ្នោតលម្អិត។ យ៉ាងណា ខុសពីអាមេរិក និងអាហ្សង់ទីន សហភាពអឺរ៉ុបមិនទាន់បានប្រកាសទទួលស្គាល់បេក្ខភាពបក្សប្រឆាំងជាអ្នកឈ្នះការបោះឆ្នោតនោះឡើយ។
មេដឹកនាំគណបក្សប្រឆាំង អ្នកស្រី Maria Corina Machado ដែលបានចំណាយពេលជាច្រើនសប្តាហ៍ក្នុងការលាក់ខ្លួនបន្ទាប់ពីលោក ម៉ាឌូរ៉ូ បានគំរាមកំហែងចាប់ក្រោយផ្ទុះបាតុកម្មប្រឆាំងលទ្ធផលឆ្នោត បានបង្ហាញការស្វាគមន៍ទៅកាន់ «ការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ» របស់បណ្ដាអន្តរជាតិ។ អ្នកស្រី Machado បានសរសេរលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យថា៖ «តាងនាមឲ្យប្រជាជនវ៉េណេស៊ុយអេឡា ខ្ញុំសូមអរគុណអ្នកចំពោះសារដ៏សំខាន់នេះ…ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ្នកចំពោះលទ្ធិប្រជាធិបតេយ្យ»។
អ្នកស្រីបានគាំទ្របេក្ខភាពរបស់លោក González Urrutia បន្ទាប់ពីរូបអ្នកស្រីផ្ទាល់ត្រូវបានរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ហាមឃាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិវ៉េណេស៊ុយអេឡា បានប្រកាសថា លោក ម៉ាឌូរ៉ូ បានយកឈ្នះគូប្រជែងក្នុងសម្លេង ៥១,២% ទល់នឹង ៤០,២%។ យ៉ាងណា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់វ៉េណេស៊ុយអេឡាមានដូចជាប្រទេសប្រេស៊ីល កូឡុំប៊ី និងម៉ិកស៊ិក បានទាមទារឲ្យមានការបង្ហាញទិន្នន័យពិតប្រាកដនៃសន្លឹកឆ្នោត ខណៈគណបក្សប្រឆាំងបានអះអាងថាខ្លួនមានព័ស្ដុតាងជាឯកសារព្រីននៃទិន្នន័យឆ្នោត ដែលបញ្ជាក់ថាពួកគេទទួលសម្លេងគាំទ្រច្រើនជាង២ភាគ៣ឯណោះ ពោលគឺយកឈ្នះដាច់លើលោក ម៉ាឌូរ៉ូ តែម្ដង៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?