ព័ត៌មានអន្ដរជាតិ
ស្ត្រីអាមេរិកជាប់ច្រវាក់ក្នុងព្រៃភ្នំ និងអត់អាហារ៤០ថ្ងៃក្នុងប្រទេសឥណ្ឌា ប៉ូលិសត្រដាងការពិត
កាលពីប៉ុន្មានថ្ងៃមុន មានការរកឃើញស្ត្រីជនជាតិអាមេរិកម្នាក់បានជាប់ច្រវាក់ជើងនឹងដើមឈើនៅក្នុងព្រៃមួយនៅភាគខាងលិចរដ្ឋ Maharashtra របស់ប្រទេសឥណ្ឌា ក្នុងសភាពស្គមស្គាំងជាខ្លាំងដែលបណ្ដាលឲ្យផ្ទុះការវែកញែកពេញបណ្ដាញសង្គម បន្ទាប់ពីស្រ្តីរូបនេះបានសរសេររៀបរាប់ថាប្ដីរបស់នាងបានចាក់ច្រវាក់ជើងនាងចងភ្ជាប់នឹងដើមឈើអស់រយៈប្រមាណ៤០ថ្ងៃដោយគ្មានអាហារនិងទឹកបរិភោគ ខណៈប៉ូលិសបានឲ្យដឹងបន្ទាប់ពីការស៊ើបអង្គេតថា ស្រ្តីរូបនេះបានចាក់ច្រវាក់ជើងខ្លួនឯង ដោយគ្មាននរណាម្នាក់បានធ្វើនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី៧ខែសីហានេះ។
ស្ត្រីសញ្ជាតិអាមេរិករូបនេះ ឈ្មោះ Lalita Kayi អាយុ៥០ឆ្នាំត្រូវបានជួយសង្គ្រោះប្រហែល១០ថ្ងៃមុនពីក្នុងព្រៃក្រាស់ក្នុងស្រុក Sindhudurg បន្ទាប់ពីនាងស្រែកសម្រែកសុំជំនួយដែលបានឮដោយគង្វាលគោ។ បន្ទាប់ពីការរកឃើញស្រ្តីរូបនេះនាងមិនអាចនិយាយបានទេ ហើយបានសរសេរជាលាយលក្ខណ៍អក្សរទៅកាន់ប៉ូលិសដោយបានចោទប្រកាន់ប្តីនាងថា៖«ចាក់ច្រវាក់នាង ហើយទុកនាងនៅក្នុងព្រៃឲ្យស្លាប់ដោយគ្មានអាហារ ឬទឹកក្នុងរយៈពេល៤០ថ្ងៃ»។
ការរកឃើញ Kayi បានធ្វើឱ្យប្រទេសឥណ្ឌាមានការភ្ញាក់ផ្អើល ហើយប៉ូលីសបានបង្កើតក្រុមជាច្រើនដើម្បីស៊ើបអង្កេតពីរបៀបដែលស្រ្តីរូបនេះបានមកនៅក្នុងព្រៃក្នុងសភាពបែបនេះ។ បន្ទាប់ពីការសាកសួរ លោក Saurabh Agarwal អធិការប៉ូលិសស្រុក Sindhudurg បានប្រាប់ BBCថា៖«Kayi ឥឡូវនេះបាននិយាយថា នាងមិនបានរៀបការទេ នាងពិបាកចិត្តដោយសារតែទិដ្ឋាការរបស់នាងអស់សុពលភាព ហើយនាងក៏អស់លុយ ដូច្នេះនាងបានទិញសោរ និងច្រវាក់ ហើយចាក់ខ្លួនឯងនឹងដើមឈើ»។
នាងក៏ត្រូវបានរកឃើញថា កើតមានជម្ងឺវិកលចរិក។ យោងតាមលោកវេជ្ជបណ្ឌិត Sanghamitra Phule អគ្គនាយកនៃមន្ទីរពេទ្យវិកលចរិកដែល Kayi កំពុងត្រូវបានព្យាបាលបានប្រាប់ BBC ថា៖«ស្ថានភាពរបស់នាងកំពុងប្រសើរឡើង ដោយនាងអាចញ៉ាំ ដើរ និងហាត់ប្រាណ» ហើយគ្រូពេទ្យក៏កំពុងផ្តល់ឱ្យនាងនូវសារធាតុចិញ្ចឹមមួយចំនួនដែលរាងកាយរបស់នាងខ្វះខាត។
គួរបញ្ជាក់ថានាងត្រូវបានគេរកឃើញនៅថ្ងៃទី២៧ខែកក្កដា ដោយអ្នកឃ្វាលគោដែលបានយកគោទៅស៊ីស្មៅក្នុងព្រៃ ហើយបានឮសំឡេងស្ត្រីម្នាក់ស្រែកខ្លាំងៗចេញពីព្រៃជើងភ្នំ។ អ្នកឃ្វាលគោបានឃើញជើងម្ខាងរបស់នាងត្រូវបានជាប់ច្រវាក់នឹងដើមឈើ ហើយនាងស្រែកដូចជាសត្វ បន្ទាប់មកអ្នកឃ្វាលគោបានទូរស័ព្ទទៅអ្នកភូមិផ្សេងទៀត និងប៉ូលិសមូលដ្ឋាន។
ប៉ូលិសបានដោះច្រវាក់ចេញ ហើយជួយសង្គ្រោះនាង ខណៈដែលនាងមានសភាពស្លេកស្លាំងជាខ្លាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយបន្ទាប់ពីសុខភាពផ្លូវកាយបានប្រសើរឡើង នាងត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យវិកលចរិក ដើម្បីព្យាបាលបន្ថែម។ ប៉ូលិសបានបានរកឃើញច្បាប់ចម្លងលិខិតឆ្លងដែនដែលបញ្ជាក់ថា នាងជាពលរដ្ឋអាមេរិក មកពីរដ្ឋ Massachusetts និងឯកសារមួយចំនួនទៀតដែលមានអាសយដ្ឋានផ្ទះរបស់នាងក្នុងរដ្ឋ Tamil Nadu រួមទាំងមានទូរសព្ទដៃ ថេប្លេតមួយគ្រឿង និងប្រាក់ ៣១,០០០ រូពី (៣៧០ ដុល្លារ ) ជាកម្មសិទ្ធិរបស់នាង។
ដំបូង Kayi មិនអាចនិយាយបានដោយនាងបានប្រាស្រ័យទាក់ទងជាមួយប៉ូលិស និងគ្រូពេទ្យតាមរយៈការសរសេរ។ក្នុងការសរសររៀបរាប់នោះ នាងបាននិយាយថា នាងបានរៀបការជាមួយបុរសម្នាក់នៅរដ្ឋ Tamil Nadu ភាគខាងត្បូង ហើយបានចោទប្រកាន់គាត់ចំពោះការចាក់ច្រវាក់នាងនឹងដើមឈើ។ នាងបានអះអាងថា នាងបានបាត់បង់អាហារ និងទឹកអស់រយៈពេល៤០ថ្ងៃ។ ទោះយ៉ាងណា ប៉ូលិសបានសាកសួរការអះអាងរបស់នាង ព្រោះវាមិនទំនងទេដែលនាងអាចរស់បានដោយគ្មានអាហារ ឬទឹកក្នុងរយៈពេលយូរដូច្នេះ។
ពាក់ព័ន្ធនឹងករណីរបស់ Kayi ស្ថានទូតអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលើកឡើងពីសិទ្ធិឯកជនភាពរបស់Kayi ខណៈគ្រួសាររបស់នាងនៅសហរដ្ឋអាមេរិកបានទាក់ទងជាមួយនាងតាមទូរស័ព្ទ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល