ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ជ្រើសតាំងម្ចាស់ជ័យលាភីពានរង្វាន់ណូបែលម្នាក់ជាប្រមុខរដ្ឋបណ្ដោះអាសន្ន
លោក Muhammad Yunus ដែលជាម្ចាស់ពានរង្វាន់ណូបែល ត្រូវបានតែងតាំងឲ្យធ្វើជាប្រមុខរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសបង់ក្លាដែស ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រី Sheikh Hasina បានចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ខែសីហា ហើយរត់ភៀសខ្លួនទៅឥណ្ឌា ខណៈបាតុកម្មរបស់ក្រុមនិស្សិតកាន់តែរីកធំឡើងៗទប់ស្កាត់លែងជាប់។

ការសម្រេចជ្រើសតាំងលោក Yunus នេះ ធ្វើឡើងក្រោយកិច្ចប្រជុំរវាងប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin, មេដឹកនាំយោធា និងមេដឹកនាំបាតុកម្មក្រុមនិស្សិត។ លោក Joynal Abedin រដ្ឋលេខាធិការព័ត៌មានបង់ក្លាដែស បាននិយាយថា សមាជិកផ្សេងទៀតនៃរដ្ឋាភិបាលបណ្ដោះអាសន្ននឹងត្រូវជ្រើសរើសបន្តបន្ទាប់ ក្រោយជំនួបរវាងគណបក្សនយោបាយទាំងឡាយនៅក្នុងប្រទេស។
លោកសាស្ត្រចារ្យ Yunus បាននិយាយថា៖ «នៅពេលក្រុមនិស្សិតដែលពលីយ៉ាងខ្លាំងក្លា កំពុងស្នើឲ្យខ្ញុំឈានជើងចូលក្នុងដំណាក់កាលដ៏លំបាកនេះ តើឲ្យខ្ញុំអាចបដិសេធយ៉ាងម៉េចកើត»។ លោក Yunus កំពុងធ្វើដំណើរត្រឡប់ពីក្រុងប៉ារីស ទៅកាន់រដ្ឋធានី Dhaka ក្រោយពិនិត្យព្យាបាលជំងឺតិចតួចនៅក្នុងប្រទេសបារាំង។
ក្នុងឆ្នាំ១៩៨៣ លោក Yunus បានចាប់ផ្ដើមបើកធនាគារមួយឈ្មោះថា Grameen Bank ដែលផ្តល់នូវកម្ចីខ្នាតតូច និងរយៈពេលវែង ដើម្បីជួយប្រជាពលរដ្ឋក្រីក្រឲ្យបង្កើតជំនួញផ្ទាល់ខ្លួន។ គំនិតផ្តួចផ្ដើមកម្ចីខ្នាតតូចនេះ បានទទួលជោគជ័យនៅជុំវិញពិភពលោក ចាប់តាំងពីពេលនោះមក។ នៅក្នុងឆ្នាំ២០០៦ លោក Yunus រួមទាំងធនាគារ Grameen Bank របស់លោក បានឈ្នះនូវពានរង្វាន់សន្ដិភាពណូបែល។
លោក Yunus ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជា «អ្នកធនាគារសម្រាប់អ្នកក្រ» ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Hasina មិនបានចូលរួមសាទរនោះទេ ហើយចោទប្រកាន់លោកថាជា «ជនជញ្ជក់ឈាម» ទៅលើប្រជាជនក្រីក្រ និងចោទប្រកាន់ធនាគារបស់លោកពីរឿងយកការប្រាក់ច្រើនហួសហេតុ។ លោកស្រី Hasina ធ្លាប់ប្រកាសចាត់ទុកលោក Yunus គឺជាសត្រូវសាធារណៈរបស់លោកស្រី។

គួររំឭកថា បាតុកម្មបានចាប់ផ្ដើមនៅដើមខែកក្កដា ដោយក្រុមនិស្សិតបានចេញតវ៉ាប្រឆាំងនឹងកូតាបម្រុងទុកការងាររបស់រដ្ឋាភិបាលសម្រាប់កូនមន្ត្រីចាស់ៗ ដែលធ្លាប់តស៊ូដើម្បីឯករាជ្យជាតិ។ យ៉ាងណា បាតុកម្មនេះចេះតែរីកធំឡើងៗ ហើយមានការបង្ក្រាបពីកងកម្លាំងរដ្ឋាភិបាលបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ជាង៤០០នាក់និងរងរបួសរាប់ពាន់នាក់។
លុះមកដល់ចុងសប្តាហ៍មុន បាតុកម្មបានប្រែក្លាយទៅជាយុទ្ធនាការបណ្តេញលោកស្រី Hasina ចេញពីតំណែង ខណៈបាតុករ នៅតែទាមទាររកយុត្តិធម៌ឲ្យអ្នកដែលស្លាប់កាលពីខែមុន។ បន្ទាប់មកទៀត ក្រុមនិស្សិត ក៏ប្រមែប្រមូលចលនាជាច្រើនទៀតមកចូលរួមជាមួយខ្លួន ជាមួយគោលដៅតែមួយគត់ គឺត្រូវធ្វើយ៉ាងណា បង្ខំឲ្យលោកស្រី Hasina ចុះចេញពីតំណែង ឲ្យខានតែបាន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ