ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញថៃ សម្រេចឲ្យរំលាយ គណបក្សចលនាឆ្ពោះទៅមុខ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធទី៧ខែសីហា បានបញ្ជាឲ្យរំលាយគណបក្សប្រឆាំងធំបំផុត គឺគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ជុំវិញការប៉ុនប៉ងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។
តាមការចុះផ្សាយរបស់ Nikkei Asia, ក្រោពីការរំលាយ តុលាការក៏ហាមឃាត់សមាជិកប្រតិបត្តិរបស់គណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល១០ឆ្នាំផងដែរ។ បម្រាមនេះគឺអនុវត្តចំពោះអតីតមេបក្សលោក Pita Limjaroenrat និង Chaithawat Tulaton ដែលជាមេបក្សបច្ចុប្បន្ន។
រឿងធំ គឺពាក់ព័ន្ធនឹងគោលនយោបាយសំខាន់របស់បក្សចលនាឆ្ពោះទៅមុខ ដោយពួកគេចង់កែប្រែមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ដែលផ្ដន្ទាទោសអ្នកប្រមាថព្រះមហាក្សត្រឲ្យជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ។
កាលពីខែមករា តុលាការធម្មនុញ្ញប្រកាសថា នោះគឺជាគោលនយោបាយដ៏ប្រថុយប្រថាន ដែលនឹងបំពានរដ្ឋធម្មនុញ្ញ ហើយបញ្ជាឲ្យគណបក្សនេះឈប់តស៊ូមតិទាមទារកែច្បាប់នេះតទៅទៀត។ លុះមកដល់ខែមីនា គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏បានដាក់ញត្តិ ដោយស្នើឲ្យតុលាការ រំលាយគណបក្សនេះចោលតែម្តង ដោយសំអាងថា ខ្លួនរកឃើញព័ស្តុតាងសមហេតុផលថា គណបក្សនេះព្យាយាមផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។
ជាមួយនឹងសេចក្តីសម្រេចខាងលើ គណបក្សចលនាឆ្ពោះទៅមុខ បានក្លាយជាក្រុមនយោបាយចុងក្រោយបង្អស់ ដែលត្រូវបញ្ជាឲ្យរំសាយ។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ គណបក្សផ្សេងទៀតជាច្រើន ត្រូវបានរំលាយ ក្នុងនោះក៏រួមមានទាំងគណបក្សមុនរបស់ ចលនាឆ្ពោះទៅមុខ គឺគណបក្សអនាគតឆ្ពោះទៅមុខ ដែលត្រូវតុលាការធម្មនុញថៃ បញ្ជាឲ្យរំលាយក្នុងឆ្នាំ២០២០ផងដែរ។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ចលនាឆ្ពោះទៅមុខ បានឈ្នះ១៥១អាសនៈ ក្លាយជាគណបក្សធំតែមួយគត់ នៅក្នុងសភាជាន់ទាបដែលមាន៥០០អាសនៈ។
ទោះបីជាយ៉ាងណាក៏ដោយ ដៃគូចម្រុះរបស់ចលនាឆ្ពោះទៅមុខ គឺគណបក្សភឿថៃ ដែលជាប់លេខ២ក្នុងការបោះឆ្នោត បាននិយាយថា ខ្លួនមិនយល់ស្របនឹងគោលនយោបាយរបស់ ចលនាឆ្ពោះទៅមុខ ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រទេ រួចក៏កាត់ផ្តាច់សម្ព័ន្ធភាពនេះទៅ។
បន្ទាប់មក ភឿថៃបានរួបរួម ជាមួយគណបក្សផ្សេង ដើម្បីបង្កើតសម្ព័ន្ធថ្មី នាំឲ្យរដ្ឋាភិបាលមួយលេចចេញជារូបរាង ដោយមានមហាសេដ្ឋីអចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន កាន់តំណែងជានាយករដ្ឋមន្ត្រី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បារម្ភខ្លាំង រឿងថៃ ចង់រំលាយគណបក្សចលនាឆ្ពោះទៅមុខ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់