Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្ដេជ្ញា​កម្ចាត់​មេ​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហាម៉ាស

បានផុស

នៅ

អ៊ីស្រាអែល​ បាន​ប្តេជ្ញា​ថា​នឹង​​កម្ចាត់​​មេក្រុម​ហាម៉ាស​ថ្មី​ លោក Yahya Sinwar ដែល​ជា​មេខ្លោង​នៃ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៧​ខែ​តុលា ខណៈ​សង្គ្រាម​តានតឹង​រវាង​ភាគី​ទាំង​​២​នៅ​តំបន់​ហ្គាហ្សា​​បាន​អូ​សបន្លាយ​​អស់​រយៈពេល​​ចំនួន​១១​ខែ​មក​ហើយ។

លោក Yahya Sinwar (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជ្រើស​តាំង​លោក Sinwar ជា​​អ្នក​ដឹក​នាំ​ថ្មី​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​ដឹក​នាំ​​ពី​មុន​គឺ​លោក Ismail Haniyeh ត្រូវ​បាន​​​​គេ​សម្លាប់​ក្នុង​រដ្ឋធានី​តេហេរ៉ង់ កាលពី​​ថ្ងៃ​ទី​៣១​ខែ​កក្កដា។ អ៊ីរ៉ង់​បាន​ប្រកាស​នឹង​សងសឹក​យ៉ាង​ចាស់​ដៃ ហើយ​អ៊ីស្រាអែល​វិញ​ក៏​បាន​ប្រកាស​ត្រៀម​​​លក្ខណៈ​សម្រាប់​ការ​វាយ​បក​ពី​អ៊ីរ៉ង់​វិញ​ផង​ដែរ។

ថ្លែងនៅឯមូលដ្ឋានយោធាកាលពីថ្ងៃទី៧​ខែសីហា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល «បានប្តេជ្ញាចិត្ត» ដើម្បីការពារខ្លួន ហើយ​អ៊ីស្រាអែល «បានរៀបចំទាំង​ការ​ការពារ និង​ការ​វាយលុក»។

ចំណែក​ឧត្តមសេនីយឯក​​អ៊ីស្រាអែល លោក Herzi Halevi ក៏​​​បានប្តេជ្ញាថានឹង​តាម​ស្វែង​រក​លោក Sinwar រួច​កម្ចាត់​ចោល ហើយ​បង្ខំក្រុមហាម៉ាស​ឲ្យ​ស្វែងរកមេដឹកនាំផ្សេងទៀត​ក្រៅ​តែ​ពី Sinwar។

ក្រុម​ហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់​ក្រុម​ហាម៉ាស​​​​មាន​មូលដ្ឋាន​នៅ​​ប្រទេស​លីបង់ បានអបអរសាទរ​ចំពោះ​ការ​ចាត់​តាំង​លោក Sinwar ហើយបាននិយាយថា​នេះ​​គឺ​ជា​ការ​​ឆ្លុះ​បញ្ចាំង​ថា «សត្រូវបានបរាជ័យក្នុងការសម្រេចបាននូវគោលបំណងរបស់ខ្លួន» ក្រោយ​ពី​​សម្លាប់មេដឹកនាំ និង​មន្ត្រី​របស់ហាម៉ាស។

ក្រុម​អ្នកវិភាគជឿថា លោក Sinwar ទំនង​មានភាពស្ទាក់ស្ទើរក្នុងការយល់ព្រមចំពោះបទឈប់បាញ់​នៅ​ហ្គាហ្សា ហើយ​​មេដឹក​​នាំ​ថ្មី​នេះ​​មាន​ភាព​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​អ៊ីរ៉ង់​ជាង​លោក Haniyeh ដែល​ជា​អតីត​មេ​ដឹក​នាំ​​ពី​មុន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មានថា វាអាស្រ័យលើ​លោក Sinwar ដើម្បីជួយសម្រេចបានបទឈប់បាញ់ ហើយ​និយាយថា​លោក Sinwar គឺ​ជា «អ្នកសម្រេចចិត្តចម្បង» ចំពោះ​សង្គ្រាម​​រវាង​​អ៊ីស្រាអែល​និង​ហាម៉ាស។

ជនស៊ីវិលទាំងនៅអ៊ីស្រាអែល និងហ្គាហ្សា បាន​សម្ដែង​ការ​មិន​ពេញ​ចំពោះ​​លោក Sinwar ដែល​ត្រូវ​កាន់​តំណែង​បន្ត​ពី​លោក Haniyeh។ លោក Mohammad al-Sharif ជន​​​ភៀស​ខ្លួន​ម្នាក់​នៅ​ហ្គាហ្សា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «គាត់គឺជាអ្នកប្រយុទ្ធ។ តើ​ការ​ចរចា​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា?»។

ទន្ទឹម​នោះ អ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូន​​ម្នាក់ឈ្មោះ​ Hanan ​នៅ​​​ទីក្រុង​ Tel Aviv ប្រទេស​អ៊ីស្រាអែល បាននិយាយថា ការតែងតាំង​លោក Sinwar មានន័យថា ក្រុម​ហាម៉ាស​មិន​បាន​រក​​​បុគ្គល​ដឹក​នាំ​ណា​ដែល​មិន​សូវ​ប្រើ​សកម្មភាព​យោធា និង​មាន​​​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​មនុស្ស​​ស្លាប់​​តិច​នោះ​ទេ។

សូម​បញ្ជាក់​ថា លោក Sinwar អាយុ៦១ឆ្នាំមកពីទីក្រុង Khan Younis គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុមហាម៉ាស ដែលអ៊ីស្រាអែល​ដាក់ក្នុងបញ្ជីខ្មៅ ដោយចោទថា គាត់ជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។

លោក Sinwar បានក្លាយជា​អ្នក​ស្នង​តំណែង​​ថ្មីរបស់ក្រុមហាម៉ាស ពោលគឺជិតមួយសប្តាហ៍បន្ទាប់ពី​លោក Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុង តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ ការធ្វើឃាតនោះ បានដុតបញ្ឆេះស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាឲ្យក្តៅឆួល ខណៈអ៊ីរ៉ង់ និងក្រុមហាម៉ាស​ សុទ្ធតែចោទអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយការធ្វើឃាតនេះ និងប្តេជ្ញាសងសឹកឥតប្រណីដៃ៕

ដោយ៖ ឈាង

ចុចអាន៖ មេក្រុមហាម៉ាសថ្មី ជាអ្នកធ្លាប់ត្រូវអ៊ីស្រាអែល កាត់ទោសដាក់គុក ៤ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម