Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទើប​ជាប់​ឆ្នោត ប្ដេជ្ញា​បន្ត​គម្រោង​រដ្ឋធានី​ថ្មី​ពី​មេដឹកនាំ​ចាស់

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោត​ថ្មី​របស់​ឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា លោកប្តេជ្ញាបន្ត ហើយប្រសិនបើអាចធ្វើទៅបាន បញ្ចប់​គម្រោង​រដ្ឋធានីថ្មី​តែ​ម្ដង ដើម្បី​លុបបំបាត់ភាពមិនច្បាស់លាស់​ថាតើ​មេដឹកនាំ​ថ្មី​នា​ពេល​ខាង​មុខ​នឹង​បោះបង់ចោល​គម្រោង​រាប់ពាន់​លានដុល្លារ​របស់​អ្នកកាន់​តំណែង​មុន​ដែរ​ឬ​​ក៏​យ៉ាង​ណា។

លោក Prabowo Subianto (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ទស្សនកិច្ច​​នៅ​រដ្ឋធានី​ថ្មី​ «នូសាន់តារ៉ា» កាល​ពី​ថ្ងៃ​ទី​១២​ខែ​សីហា លោក Prabowo ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៨​របស់ឥណ្ឌូណេស៊ី​ក្នុងខែតុលា​ខាង​មុខ បានប៉ាន់ប្រមាណថា រដ្ឋធានីថ្មីនឹង​​អាច​ដាក់​ដំណើរ​បាន​ពេញ​លេញ​​​ក្នុងរយៈពេល ៤​ឬ​៥​​ឆ្នាំ​​​ខាង​មុខ។

លោក Prabowo និងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Joko Widodo កំពុងត្រួតពិនិត្យរដ្ឋធានីថ្មីនៅមុនថ្ងៃបុណ្យឯករាជ្យ ដែលគ្រោងនឹងប្រារព្ធឡើងនៅតំបន់នោះនៅថ្ងៃទី១៧​ខែសីហា។ អ្នកសង្កេតការណ៍នយោបាយ និងអ្នកសេដ្ឋកិច្ចមួយចំនួន បានចោទសួរថាតើលោក Prabowo នឹងបន្តគម្រោងរដ្ឋធានីថ្មី​ដែរ​ឬ​ក៏​អត់ ដោយសារលោក​ធ្លាប់​ប្រកាស​ផ្តោត​សំខាន់​ក្នុង​ការ​បែងចែកថវិកា​រដ្ឋ​​នៅ​ក្នុង​​គោលនយោបាយសុខុមាលភាពរបស់លោក​នា​ពេល​កន្លង​មក។

លោក Joko Widodo បាន​និង​កំពុងព្យាយាមបំបាត់ការសង្ស័យលើអនាគតគម្រោង​តម្លៃ​ ៣៥​ពាន់លានដុល្លារ ចាប់តាំងពីប្រធាន​គម្រោង​រដ្ឋធានីថ្មីបានលាលែងពីតំណែងកាលពីខែមិថុនា។ ជាមួយនឹង​ដំណើរការ​យឺតយ៉ាវ និងគ្មានការ​ដាក់​បណ្ដាក់​ទុន​វិនិយោគ​ពី​បរទេស លោក Joko បានបង្កើន​​ការ​បើក​ឲ្យ​ចូល​ទស្សនា​នៅ​ទីតាំង​ផ្ទាល់ និងជំរុញគោលនយោបាយថ្មីដើម្បីកសាង​ឲ្យ​បានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលអាណត្តិរបស់លោកបញ្ចប់។

(រូបភាព៖ ក្រសួង​សាធារណការ និងលំនៅឋានឥណ្ឌូណេស៊ី)

នូសាន់តារ៉ា នឹង​ក្លាយ​​ជា​រដ្ឋធានី​ថ្មី​ជំនួស​ឲ្យ​រដ្ឋធានី​​ចាកាតា ​នា​ពេលបច្ចុប្បន្ន ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ ២៥៦០​គីឡូម៉ែត្រ​ការ៉េ​​​ ស្ថិត​នៅ​​ភាគ​ខាង​កើត​កោះ Borneo ក្នុង​​ខេត្ត​កាលីម៉ាន់តាន់​ខាង​កើត។ គម្រោង​សាងសង់​ បាន​ចាប់​ផ្ដើម​នៅ​​ខែ​កក្កដា ឆ្នាំ​២០២២​កន្លង​ទៅ ដោយ​ជា​ជំហាន​ដំបូង មាន​គម្រោង​ចង់​ផ្លាស់​មន្ត្រី​រាជការ​ចំនួន ១២ ០០០​នាក់​ទៅ​រស់នៅ​លើ​ទីតាំង​ថ្មី​នេះ នៅ​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ​២០២៤ តែ​ត្រូវ​បាន​​ពន្យារ​ពេល​ចំនួន​២លើក​​រួច​មក​ហើយ ខណៈ​រដ្ឋាភិបាល​​​មិន​​អាច​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ឲ្យ​បាន​ទាន់​ពេល​វេលា។

អ្នក​វិភាគ​នយោបាយ លោក Yohanes Sulaiman បាន​កត់​សម្គាល់​ពី​​ភាព​ខកខាន​នៃ​ដំណើរ​សាងសង់​​រដ្ឋធានី​ថ្មី ហើយ​និយាយ​ថា ការ​កំណត់​ពេល​បញ្ចប់​គម្រោង​បាន​ក្លាយ​ជា “ភាព​មិន​ប្រាកដ​ប្រជា”។ លោក បន្ថែម​ថា​ មាន​ការ​ខ្សឹបខ្សៀវ​​នៅ​ក្នុង​​រង្វង់​​អ្នក​នយោបាយ​ឥណ្ឌូណេស៊ី ព្រម​ទាំង​សាធារណជន​អំពីលទ្ធភាព​​សេដ្ឋកិច្ច​នៃ​គម្រោង​រដ្ឋធានី​នូសាន់តារ៉ា។

បើ​យោង​តាម​ក្រុម​អ្នកវិភាគ ភាព​មិន​ច្បាស់លាស់​លើ​គម្រោង​នេះ បាន​​ធ្វើ​ឲ្យ​​មាន​​ការ​សង្ស័យ​​ក្នុង​ចំណោម​​​ក្រុម​អ្នក​វិនិយោគ ដែល​បាន​​បង្អាក់​ក្រុមហ៊ុន​​បរទេស​ពី​ការ​បណ្ដាក់ទុន​​​នៅ​ក្នុង​គម្រោង។ តួ​យ៉ាង​ដូចជា សម្ព័ន្ធ​ក្រុមហ៊ុន SoftBank របស់​ជប៉ុន បាន​ដក​ទុន​វិនិយោគ​ទាំង​ស្រុង​ចេញ​ពី​គម្រោង​រដ្ឋធានី​នូសាន់តារ៉ា កាល​ពី​ឆ្នាំ​២០២២​។

បើ​តាម​លោក Widodo ថវិកា​គម្រោង​ចំនួន ២០% គឺ​ជា​លុយ​រដ្ឋ ខណៈ​​ចំណែក​​នៅ​សេសសល់​​បាន​មក​ពី​ការ​វិនិយោគ​ឯកជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៥ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៧ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម