ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងថា កាន់កាប់ទឹកដីរុស្ស៊ីបាន១០០០គីឡូម៉ែត្រការ៉េហើយ
មេបញ្ជាការកំពូលអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ទីក្រុងកៀវគ្រប់គ្រងទឹកដីរុស្ស៊ីទំហំ១០០០គីឡូម៉ែត្រការ៉េ ដែលនេះគឺជាការវាយបកដ៏ធំបំផុតរបស់ពួកគេនៅក្នុងសង្រ្គាមរយៈពេល២ឆ្នាំកន្លះកន្លងទៅ។
មេបញ្ជាការកំពូល លោក Oleksandr Syrskyi បាននិយាយថា អ៊ុយក្រែនបន្តប្រតិបត្តិការវាយលុកនៅក្នុងតំបន់ Kursk អស់រយៈពេល៧ថ្ងៃមកហើយបន្ទាប់ពីខ្លួនអាចវាយលុកចូលដល់ដីរុស្ស៊ីជាលើកដំបូងកាលពីសប្ដាហ៍មុន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា រុស្ស៊ីបាននាំសង្រ្គាមដល់អ្នកដទៃ ហើយឥឡូវនេះវាកំពុងត្រលប់ទៅរករុស្ស៊ីវិញម្ដង។ ពាក់ព័ន្ធនឹងការលើកឡើងនេះ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពណ៌នាការវាយលុកនេះថាជា «ការបង្ករឿងដ៏ធំ» ហើយបានបញ្ជាឲ្យកងកម្លាំងរុស្ស៊ីធ្វើយ៉ាងណាត្រូវបណ្ដេញសត្រូវរបស់ខ្លួនចេញពីទឹកដីទាល់តែបាន។
ចំនួនមនុស្សកាន់តែច្រើនឡើងត្រូវបានជម្លៀសចេញពីតំបន់ភាគខាងលិចនៃប្រទេសរុស្ស៊ី ដើម្បីសុវត្ថិភាពរបស់ពួកគេ ខណៈបច្ចុប្បន្នមានការជម្លៀសមនុស្សចំនួន ១២១ ០០០នាក់នៅតំបន់ Kursk រួចមកហើយ ដោយនៅសេសសល់មនុស្សប្រមាណ ២០០០នាក់ទៀតស្ថិតនៅក្នុងទឹកដីដែលកំពុងកាន់កាប់ដោយអ៊ុយក្រែន។
អភិបាលក្នុងតំបន់ Kursk បានប្រាប់ថា ស្ថានភាពនៅទីនោះកំពុងស្ថិតនៅក្នុងភាពលំបាក ហើយភូមិចំនួន២៨ បានធ្លាក់ទៅលើកងកម្លាំងអ៊ុយក្រែន ព្រមទាំងមានជនស៊ីវិល ១២នាក់ត្រូវបានសម្លាប់។
ទាហានអ៊ុយក្រែនបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយវាយចូលដីរុស្ស៊ីបានចម្ងាយ៣០គីឡូម៉ែត្រ។
ការវាយលុកនេះ ត្រូវបានគេនិយាយថាជាការជំរុញទឹកចិត្តដល់ភាគីអ៊ុយក្រែន ប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញថា វាជាយុទ្ធសាស្ត្រនាំមកនូវគ្រោះថ្នាក់ថ្មីដល់អ៊ុយក្រែនទៅវិញ។
ប្រភពយោធាអង់គ្លេសជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន BBC ថា ស្ថានការណ៍នេះអាចមានហានិភ័យដែលទីក្រុងមូស្គូនឹងខឹងសម្បារយ៉ាងខ្លាំងចំពោះការលុកលុយ ហើយរុស្ស៊ីនឹងអាចបង្កើនការវាយប្រហាររបស់ខ្លួនទ្វេដងលើប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន។
បើយោងតាមការចុះផ្សាយរបស់ RT ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា លែងមានកិច្ចពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន ទៀតហើយ បន្ទាប់ពីកងទ័ពទីក្រុងបើកការវាយប្រហារលើជនស៊ីលនៅតំបន់ព្រំដែន Kursk។ តាមការលើកឡើងរបស់លោក សកម្មភាពថ្មីៗរបស់អ៊ុយក្រែនបែបនេះ បង្ហាញឲ្យឃើញច្បាស់ពីមូលហេតុដែលខ្លួនបដិសេធពិនិត្យសំណើដោះស្រាយជម្លោះរបស់រុស្ស៊ី ឬគោលការណ៍ដែលដាក់ជូនដោយភាគីអព្យាក្រឹត៕
ដោយ៖ ឈាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ