ព័ត៌មានអន្ដរជាតិ
UN៖ យោធាមីយ៉ាន់ម៉ាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងកម្រិតគួរឱ្យព្រួយបារម្ភ
ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានព្រមានថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយដោយយោធារបស់មីយ៉ាន់ម៉ាបានកើនឡើងក្នុងកម្រិត«គួរឱ្យព្រួយបារម្ភ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែសីហា។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/202305asia_myanmar_soldiers_marching.png)
ស្ថាប័នអង្គការសហប្រជាជាតិស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា (IIMM) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារថា ការធ្វើទារុណកម្មជាប្រព័ន្ធ អំពើហិង្សា និងការរំលោភលើកុមារបានកើនឡើងនៅក្រោមការគ្រប់គ្រងរបស់របបយោធាមីយ៉ាន់ម៉ា ខណៈមនុស្សជាង៣លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ស្របពេលជម្លោះកាន់តែតានតឹងខ្លាំង។
លោក Nicholas Koumjian ប្រធានក្រុមការងារស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា (IIMM) បាននិយាយថា៖«យើងបានប្រមូលភស្តុតាងជាច្រើនដែលបង្ហាញពីកម្រិតដ៏គួរឱ្យរន្ធត់នៃភាពឃោរឃៅ និងអមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា» ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/as-1-1024x614.jpg)
នៅក្នុងរបាយការណ៍របស់ខ្លួន ដែលគ្របដណ្តប់ក្នុងរយៈពេលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៣ដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ ២០២៤ ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងរបាយការណ៍អំពីឧក្រិដ្ឋកម្មដ៏ញឹកញាប់ និងឃោរឃៅដែលបានប្រព្រឹត្តនៅទូទាំងប្រទេស។
ឧក្រិដ្ឋកម្មសង្រ្គាមដ៏ឃោរឃៅកាន់តែច្រើនឡើងត្រូវបានរកឃើញដោយអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ រាប់ចាប់ពីការវាយប្រហារពីលើអាកាសលើសាលារៀន អគារសាសនា និងមន្ទីរពេទ្យ ដែលមិនមែនជាគោលដៅយោធា រហូតដល់ការកាត់ក្បាល និងការបង្ហាញជាសាធារណៈនៃសាកសពខូចទ្រង់ទ្រាយ និងការរំលោភផ្លូវភេទ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/download-66.png)
ជាមួយគ្នានេះអ្នកស៊ើបអង្កេតក៏កំពុងពិនិត្យមើលការចាប់ដាក់គុកដោយខុសច្បាប់នៃអ្នកប្រឆាំងរបបយោធា ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន និងជាច្រើននាក់ត្រូវបានគេធ្វើទារុណកម្ម ឬសម្លាប់នៅក្នុងការឃុំឃាំង។
របាយការណ៍នេះបានចងក្រងជាឯកសារអំពីវិធីធ្វើទារុណកម្ម រាប់ចាប់ពីការឆក់ដោយអគ្គិសនី និងការដកក្រចកដៃអ្នកជាប់ឃុំដោយកាំបិត ការចាក់សាំងដុតពួកគេ និងការធ្វើទារុណកម្មផ្សេងទៀត។ លើសពីនេះ IIMM បានរកឃើញថា ឧក្រិដ្ឋកម្ម រួមទាំងការរំលោភសេពសន្ថវៈ ត្រូវបានប្រព្រឹត្តលើគ្រប់ភេទ ក៏ដូចជាកុមារ និងកំពុងកសាងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃនេះ។
គួរបញ្ជាក់ថា ក្រុមយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈឆ្នាំ២០២១។ ទោះយ៉ាងណា របបយោធាបានប្រឈមមុខនឹងការតស៊ូកាន់តែខ្លាំងឡើងចំពោះការគ្រប់គ្រងរបស់ពួកគេពីក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីយោធាបានបើកការបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួន៕
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image1170x530cropped-1.jpg)
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?