Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី សួរ​ថា ម្ដេច​លោក​ខាង​លិច​ស្ងាត់​មាត់​ឲ្យ​ជ្រាប ពេល​អ៊ុយក្រែន​​វាយដល់​ដី​រុស្ស៊ី

បានផុស

នៅ

រុស្ស៊ី បានរិះគន់​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់​អ៊ុយក្រែន​នៅ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៣​ខែ​សីហា ដែល​មិន​​ធ្វើ​​ការ​ថ្កោល​ទោស​ទៅ​លើ​ការ​ឈ្លាន​ពាន​របស់​​ទីក្រុង​កៀវ​​​ក្នុង​​តំបន់ Kursk លើ​ទឹក​ដី​ប្រទេស​រុស្ស៊ី ដោយ​​ចោទ​ប្រកាន់​កង​កម្លាំង​អ៊ុយក្រែន​ថា​បាន​សម្លាប់​ជន​​ស៊ីវិល ហើយ​​រុស្ស៊ី​​បាន​ចោទ​សួរ​ពី​គោល​បំណង​អ្វី​បាន​ជា​អ៊ុយក្រែន​ហ៊ានដល់​ថ្នាក់​វាយ​ឆ្លង​ដែន​​ចូល​​ដល់​ទឹក​ដី​របស់​ខ្លួន​យ៉ាង​ដូច្នេះ។

តំបន់ Kursk ក្រោយ​ការ​វាយ​លុក​របស់​អ៊ុយក្រែន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន​នៅ​ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បាន​​បង្ហាញពី​​គោល​ជំហរ​យ៉ាងរឹងមាំគាំទ្រទីក្រុងកៀវ អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាក្រៅផ្លូវការមួយដែលត្រូវបានកោះ​ហៅ​​​​​ប្រជុំដោយប្រទេសរុស្ស៊ី។ សម្ព័ន្ធមិត្ត​អ៊ុយក្រែន​ទាំង​អស់​មិនបាន​លើក​ឡើង​អំពីការវាយលុក​នៅ​តំបន់ Kursk នោះ​​ឡើយ។

ឯកអគ្គរដ្ឋទូតរង​អង្គ​ការ​សហ​ប្រជាជាតិ​របស់រុស្ស៊ី លោក Dmitry Polyanskiy បានប្រាប់អង្គប្រជុំក្រុមប្រឹក្សាថា៖ «យើងមិនបានឮពាក្យថ្កោលទោស​សូម្បី​មួយ​ម៉ាត់​ ចំពោះសកម្មភាពទាំងនេះពីលោកខាងលិច​ដែល​គាំទ្រ​​របប​ទីក្រុង​កៀវ ដែលបន្តបិទបាំងឧក្រិដ្ឋកម្មដ៏គួរឲ្យ​ស្អប់ខ្ពើមនៃអាយ៉ងរបស់ពួកគេ»។ បន្ថែម​ពី​នេះ លោក Polyanskiy ក៏​បាន​ចោទ​ជា​សំណួរ​ផង​ដែរ​ចង់​ដឹង​ពី​មូលហេតុ​អ្វី​បាន​ជា​អ៊ុយក្រែន​ចូល​វាយ​ដល់​ទឹក​ដី​រុស្ស៊ី ជា​ពិសេស​គឺ​តំបន់ Kursk ទាំង​ដែល​ទីនោះ​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ ឬ​សព្វាវុធ​យោធា​ទាល់​​តែ​សោះ។

លោក Klemen Ponikvar ដែលជា​មន្ត្រី​ការទូតជាន់ខ្ពស់ស្លូវេនី បាន​និយាយ​ថា៖ «យើង​នឹង​មិន​ទទួល​ស្គាល់​អ្នក​​ឈ្លាន​ពាន​​ថា​ជា​ជន​រងគ្រោះ​ទេ»។ លោក Klemen រួម​ទាំង​សមាជិក​មួយ​ចំនួន​នៅ​ក្នុង​អង្គ​ប្រជុំ​ បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​ភាព​លាក់​ពុត គោលនយោបាយ​មិន​ស្មើ​ភាព និង​ខ្ជះខ្ជាយ​ពេល​វេលា​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ។

ទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានចាប់ផ្តើម​ធ្វើ​ការ​វាយប្រហារដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កាល​ពី​សប្តាហ៍មុន​​នៅ​លើ​ទឹក​ដី​រុស្ស៊ី ហើយ​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា អ៊ុយក្រែន​ធ្វើ​ដូច​នេះ​ព្រោះ​​មានគោលបំណង​ចង់​បាន​​ការ​ចរចា​ និង​ទប់​ស្កាត់​ការវាយ​សម្រុក​​បច្ចុប្បន្ន​នៃ​កង​ទ័ព​​​ជួរ​មុខ​របស់​រុស្ស៊ី​។

សម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់​អ៊ុយក្រែន បាន​ព្យាយាម​បញ្ចៀស​ការ​កើន​ឡើង​នៃ​ជម្លោះ​​​មិន​ឲ្យ​ក្លាយ​ជា​ការ​ប្រឈម​មុខ​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​​អង្គការ​ណាតូ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក។ ពួក​គេ​ បាន​លើក​ឡើង​ថា ពួក​គេ​មិន​បាន​ដឹង​មុន​នោះ​ទេ​​ថា អ៊ុយក្រែន​​វាយ​លុក​​ចូល​ដល់​ដី​រុស្ស៊ី​បែប​នេះ​ឡើយ។

រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០២២ ហើយ​គ្រប់គ្រង​ទឹកដី​មិន​ដល់​​មួយ​ភាគ​ប្រាំ​ដែល​អន្តរជាតិ​ទទួល​ស្គាល់​ថា​ជា​​ទឹក​ដី​របស់​អ៊ុយក្រែន។ ទាំង​ទីក្រុងកៀវ​ និងទីក្រុងមូស្គូបានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលក្នុងអំឡុងពេលសង្រ្គាម​ឡើយ។ សង្គ្រាម​រវាង​ភាគី​ទាំង​ពីរ​ បានសម្លាប់មនុស្សរាប់​ម៉ឺន​នាក់ និង​បណ្ដាល​ឲ្យ​មាន​​ការ​ជម្លៀស​ខ្លួន​ប្រជាជន​អ៊ុយក្រែនរាប់លាននាក់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាក្រៅផ្លូវការ​កាល​ពី​ថ្ងៃ​អង្គារ មន្ត្រី​​ការទូតអាមេរិក អង់គ្លេស និងបារាំង បាន​នាំ​គ្នា​ចោទប្រកាន់​រុស្ស៊ីអំពីការរំលោភ​ច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្សនៅអ៊ុយក្រែន។

មន្ត្រី​ការទូតអាមេរិក លោក Caleb Pine បាននិយាយថា៖ «មិន​ចាំបាច់​សួរ​​នាំ​ទេ​ថាតើប្រទេសណាបានប្រព្រឹត្តអំពើឃោរឃៅ​ជាក់ស្ដែង​ជាច្រើន រួមទាំងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅលើទឹកដីអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ប្រទេសនោះគឺរុស្ស៊ី»។

ចំណែក​​​ឯ​មន្ត្រី​ការទូតបារាំង លោកស្រី Clarisse Paolini បាន​ថ្លែង​ថា ប្រទេសបារាំងនៅតែបន្តគាំទ្រអធិបតេយ្យភាពឯករាជ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន។

មន្ត្រី​ការទូតអង់គ្លេស លោកស្រី Kate Jones បាន​រៀបរាប់​ថា៖ «យើងនឹងមិន​ស្ទាក់​ស្ទើរ​ក្នុងការគាំទ្រអ៊ុយក្រែន ដរាបណាទទួលបានសន្តិភាពដោយយុត្តិធម៌ និងនិរន្តរភាព ដោយផ្អែកលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

យ៉ាង​ណា​មិញ មន្ត្រី​​ការទូតមកពីប្រទេសស៊ីរី បេឡារុស និងកូរ៉េខាងជើង បាន​បង្ហាញ​ពី​ការ​គាំទ្ររុស្ស៊ីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខក្រៅផ្លូវការ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម