Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! កូនស្រី​ពៅ​លោក ថាក់ស៊ីន ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ​ទី​៣១

បានផុស

នៅ

សភាថៃ បានបោះឆ្នោតនៅ​ថ្ងៃ​សុក្រ​ទី​១៦​ខែ​សីហា​នេះ ឲ្យ​កូន​​ស្រី​ពៅ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺ​លោកស្រី ផែថងថាន ស៊ីណា​វ៉ាត្រា (Paetongtarn Shinawatra) ក្លាយជានាយករដ្ឋមន្ត្រី​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ។

លោកស្រី Paetongtarn (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នយោបាយ​ចំណូលថ្មី លោកស្រី ផែថងថាន អាយុ៣៧​ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃ និងជា​វង្ស​ត្រកូល ស៊ីណាវ៉ាត្រា ទីបីដែលកាន់តំណែងកំពូល ហើយ​​ជាការភ្ញាក់ផ្អើលមួយដែល​ថា​ត្រកូល ស៊ីណាវ៉ាត្រា អាច​​ដណ្ដើម​អំណាច​​​សាជា​ថ្មី​ម្ដង​ទៀត​បើ​ទោះ​ជា​កំពុង​​មាន​ភាពចលាចលនយោបាយក៏​ដោយ។

ការ​តែងតាំង​លោកស្រី ផែថងថាន ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការធម្មនុញ្ញថៃកាលពីថ្ងៃពុធ បោះឆ្នោត​ដក​តំណែង​​លោក សេដ្ឋា ថាវីស៊ីន ជា​នាយករដ្ឋមន្ត្រី ពាក់ព័ន្ធការរំលោភរដ្ឋធម្មនុញ្ញ ដោយតែងតាំងទណ្ឌិតឲ្យធ្វើការក្នុងគណៈរដ្ឋមន្ត្រី។ សាលក្រមរបស់តុលាការ គឺពាក់ព័ន្ធ​ការដែលលោក សេដ្ឋា ​តែង​តាំង​អតីត​មេធាវី​មានទំនាក់ទំនងជាមួយគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ឈ្មោះថា Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ ​ពី​បទ​មើលងាយ​តុលាការ​ក្នុង​ឆ្នាំ២០០៨។

លោកស្រី ផែថងថាន នឹង​​ត្រូវ​រង់ចាំ​ការ​យល់​ស្រប​ពីព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn មុនពេលលោកស្រី​អាចចូលកាន់តំណែងជាផ្លូវការ និងតែងតាំងគណៈរដ្ឋមន្ត្រី។ លោកស្រី​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ទី​ពីរ​របស់​ប្រទេស​ថៃ បន្ទាប់​ពី​ម្តាយ​មីង​របស់​លោកស្រីគឺ​លោកស្រី យីងឡាក់ (Yingluck) និង​ជា​បុគ្គល​នយោបាយ​វ័យ​ក្មេង​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​​ថៃ ដែល​​​​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី៕

ដោយ៖ ឈាង

ចុចអាន៖ ប្រវត្តិត្រួសៗ​របស់​កូនស្រីពៅ​លោក​ថាក់ស៊ីន​ដែល​​ទំនង​ក្លាយ​ជា​​នាយករដ្ឋមន្ត្រី​ថៃ​​ទី​៣១​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម