ព័ត៌មានអន្ដរជាតិ
UNESCO៖ ក្រុមតាលីបង់ហាមក្មេងស្រី ១,៤លាននាក់មិនឲ្យទៅសាលារៀន
អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានឲ្យដឹងថា ក្រុមតាលីបង់ដែលបានដណ្តើមអំណាចគ្រប់គ្រងអាហ្គានីស្ថានកាលពីឆ្នាំ២០២១ បានហាមក្មេងស្រីអាហ្វហ្គានីស្ថានចំនួន១,៤លាននាក់ដោយចេតនាឲ្យមិនទៅសាលារៀន ខណៈអាហ្វហ្គានីស្ថាន ជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលហាមប្រាមស្ត្រីមិនឲ្យទទួលបានការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៦ខែសីហានេះ។
ចាប់តាំងពីពួកតាលីបង់បានឡើងកាន់អំណាចក្នុងឆ្នាំ២០២១បានរារាំងការអប់រំចំពោះក្មេងស្រីលើសពីថ្នាក់ទី៦ ដោយសារតែពួកគេនិយាយថា វាមិនគោរពតាមការបកស្រាយរបស់ Sharia ឬច្បាប់អ៊ីស្លាម។ ចំណែកអង្គការយូណេស្កូបាននិយាយថា ក្មេងស្រីយ៉ាងហោចណាស់ ១,៤លាននាក់ត្រូវបានបដិសេធដោយចេតនាក្នុងការចូលរៀននៅកម្រិតមធ្យមសិក្សា ដែលបានកើនឡើងចំនួន ៣០ម៉ឺននាក់ចាប់តាំងពីខែមេសាឆ្នាំ២០២៣។
អង្គការយូណេស្កូបាននិយាយថា៖«ប្រសិនបើយើងបន្ថែមក្មេងស្រីដែលបានបោះបង់ចោលការសិក្សាមុនពេលការហាមឃាត់ត្រូវបានដាក់ចេញ ឥឡូវនេះមានក្មេងស្រីជិត ២,៥ លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានដកហូតសិទ្ធិទទួលបានការអប់រំ ដែលស្មើនឹង៨០ភាគរយនៃក្មេងស្រីដែលមានអាយុចូលរៀននៅអាហ្វហ្គានីស្ថាន»។
លទ្ធភាពទទួលបានការអប់រំបឋមសិក្សាក៏បានធ្លាក់ចុះផងដែរ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១ ដោយមានកុមារី និងក្មេងប្រុសចំនួន ១,១លាននាក់ប៉ុណ្ណោះបានចូលរៀន ខណៈទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា អាជ្ញាធរស្ទើរតែលុបចោល ការអប់រំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈអនាគតនៃជំនាន់ទាំងមូលឥឡូវនេះស្ថិតក្នុងគ្រោះថ្នាក់។
អាហ្វហ្គានីស្ថានមានក្មេងស្រី និងក្មេងប្រុសចំនួន៥,៧ លាននាក់នៅក្នុងសាលាបឋមសិក្សាក្នុងឆ្នាំ ២០២២ ធៀបនឹង ៦,៨ លាននាក់ក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនៃការចុះឈ្មោះចូលរៀនគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់ពួកតាលីបង់ក្នុងការរារាំងគ្រូបង្រៀនស្ត្រីពីការបង្រៀនក្មេងប្រុស លើសពីនេះក៏កង្វះការលើកទឹកចិត្តពីឪពុកម្តាយក្នុងការបញ្ជូនកូនរបស់ពួកគេទៅសាលារៀនក្នុងពេលសេដ្ឋកិច្ចកាន់តែលំបាកបែបនេះ។អង្គការយូណេស្កូក៏មានការព្រួយបារម្ភចំពោះផលវិបាកនៃអត្រាបោះបង់ចោលការសិក្សានេះដែរ ខណៈការកើនឡើងដ៏ច្រើននេះអាចនាំឲ្យមានការកើនឡើងនៃពលកម្មកុមារ និងការរៀបការមុនអាយុ។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានប្រារព្ធខួន៣ឆ្នាំនៃការគ្រប់គ្រងប្រទេសនេះនៅឯមូលដ្ឋានទ័ពអាកាស Bagram ប៉ុន្តែមិនមានការលើកឡើងពីភាពលំបាករបស់ប្រទេសនេះនោះទេ ហើយក៏មិនមានការសន្យាជួយដល់ប្រជាជនដែលកំពុងជួបការលំបាកដែរ ខណៈជម្លោះ និងអស្ថិរភាពជាច្រើនទសវត្សរ៍បានធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ស្ថិតនៅលើមាត់ជ្រោះនៃភាពអត់ឃ្លាននិងភាពអត់ការងារធ្វើកាន់តែច្រើនឡើង៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា