ព័ត៌មានអន្ដរជាតិ
មេដឹកនាំវៀតណាម និងចិន ត្រៀមជួបគ្នាសប្ដាហ៍ក្រោយ ពិភាក្សារឿងតភ្ជាប់ផ្លូវដែក
ការតភ្ជាប់ផ្លូវដែកនឹងក្លាយជារបៀបវារៈសំខាន់ ក្នុងជំនួបសប្ដាហ៍ក្រោយនៅក្រុងប៉េកាំងរវាងមេដឹកនាំថ្មីរបស់វៀតណាមគឺលោក To Lam និងលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ខណៈប្រទេសជិតខាងទាំងពីរកំពុងស្វែងរកការជំរុញសេដ្ឋកិច្ចរួមគ្នា។
ការតភ្ជាប់ផ្លូវដែកនេះ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារការកើនឡើងនៃសកម្មភាពរោងចក្ររបស់ចិនក្នុងប្រតិបត្តិការតម្រង់ទិសនាំចេញមួយចំនួនទៅកាន់ប្រទេសវៀតណាម ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។
ចិន និងវៀតណាម ត្រូវបានតភ្ជាប់ដោយផ្លូវដែកចំនួន២ខ្សែ ដោយ១ខ្សែតភ្ជាប់ពីទីក្រុង Pinxiang និងទីក្រុង Nanning នៃប្រទេសចិនទៅកាន់រដ្ឋធានីហាណូយប្រទេសវៀតណាម ហើយ១ខ្សែទៀតតភ្ជាប់ពីទីក្រុង Lao Cai វៀតណាមទៅកាន់ខេត្ត Kunming ប្រទេសចិន។ ខ្សែរថភ្លើងទាំង២របស់វៀតណាម ត្រូវបានកសាងតាំងតែពីសម័យអាណានិគមបារាំងមកម៉្លេះ ខុសពីប្រភេទផ្លូវដែកល្បឿនលឿនរបស់ចិន ដែលជាហេតុធ្វើឲ្យអ្នកដំណើរ និងការដឹកជញ្ជូនទំនិញត្រូវចុះផ្លាស់ប្ដូរទូរថភ្លើងនៅតាមព្រំដែន ពោលគឺមិនអាចធ្វើដំណើរត្រង់ទៅត្រង់មកតែម្ដងនោះទេ។
ការមិនទុកចិត្តគ្នារវាងប្រទេសកុម្មុយនិស្តទាំង២ បានចាប់ផ្ដើមកើតឡើងដោយសារសង្គ្រាមនៅតាមព្រំដែនរយៈពេលខ្លីមួយកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយជារឿយៗនៅតែប៉ះទង្គិចគ្នានៅលើព្រំដែនសមុទ្រចិនខាងត្បូង។ ការប៉ះទង្គិចនេះ បានរារាំងដំណើរការរឿងតភ្ជាប់ផ្លូវដែករវាងប្រទេសទាំង២ ប៉ុន្តែក្នុងពេលប៉ុន្មានខែថ្មីៗនេះ កិច្ចពិភាក្សាលើរឿងនេះក៏បានចាប់ផ្ដើមឡើងសាជាថ្មីម្ដងទៀត។
កាលពីខែធ្នូឆ្នាំ២០២៣ លោក ស៊ី ជីនពីង បានផ្តល់ជំនួយ និងកម្ចី ដើម្បីជួយកែលម្អផ្លូវដែកវៀតណាម ហើយប្រទេសទាំង២បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែក។
បើតាមសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសវៀតណាម ដំណើរទស្សនកិច្ចលើកដំបូងនៅបរទេសរបស់លោក Lam ទៅកាន់ប្រទេសចិន ចាប់តាំងពីទទួលតំណែងជាប្រធានាធិបតីកាលពីដើមខែសីហានេះ គឺផ្ដោតសំខាន់លើការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និង «ការសម្រេចបាននូវលទ្ធផលកិច្ចសហប្រតិបត្តិការសំខាន់ៗថ្មីៗ ជាពិសេសក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាការតភ្ជាប់ផ្លូវដែក»។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងហាណូយ លោក Xiong Bo បានប្រាប់ថា ក្រៅតែពីធ្វើទំនើបកម្មផ្លូវដែកចំនួន២ដែលមានស្រាប់នៅវៀតណាម ភាគីទាំង២ក៏គ្រោងសាងសង់ផ្លូវដែកថ្មីទី៣តភ្ជាប់ទីក្រុងចំនួន២បន្ថែមទៀតនៅវៀតណាមគឺទីក្រុង Mong Cai និងទីក្រុង Haiphong។
គម្រោងអភិវឌ្ឍផ្លូវដែកទាំង៣ខ្សែ មានចម្ងាយ ៧០០គីឡូម៉ែត្រ ដែលនឹងជួយជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀតរវាងចិន និងវៀតណាមនាពេលអនាគត៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា