ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិនរលីងរលោងទឹកភ្នែក ពេលថ្លែងក្នុងសមាជបក្សថ្ងៃដំបូង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចេញទឹកភ្នែករលីងរលោងក្នុងពេលដែលលោកបានឡើងថ្លែងសុន្ទរកថាក្នុងថ្ងៃដំបូងនៃសមាជគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Chicago នៅពេលដែលលោកថ្លែងដល់របត់នយោបាយដែលធ្វើឱ្យលោកត្រូវបោះបង់ឱកាសប្រជែងតំណែងប្រធានាធិបតីសម្រាប់អាណត្តិទី២របស់លោក ជាមួយគូប្រជែងចាស់ គឺលោក ដូណាល់ ត្រាំ។

នៅក្នុងសុន្ទរកថាផ្ទាល់មាត់រយៈពេលជិត១ម៉ោងរបស់ប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃដិន បានរំឭកឡើងវិញនូវសមិទ្ធផលនានាក្នុងអាណត្តិ៤ឆ្នាំរបស់លោក ដោយការចាប់ផ្តើមពីការជម្នះស្ថានភាពដ៏លំបាកស្មុគស្មាញនៃជម្ងឺរីករាលដាលកូវីដ១៩ ដល់ការផ្តួចផ្តើមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការជំរុញឧស្សាហកម្មបន្ទះឈីប និងការជួយគាំទ្រដល់សង្គ្រាមនៅអ៊ុយក្រែនទប់ស្កាត់ការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង ការព្រលះដៃគូប្រជែងនយោបាយរបស់លោក គឺលោក ដូណាល់ ត្រាំ។
ក្នុងសម្តីថ្លែងសារទៅកាន់សមាជិកគណបក្សជាង៤០០០នាក់ដែលប្រជុំគ្នាក្នុងថ្ងៃដំបូងក្នុងរដ្ឋ Chicago លោក ចូ បៃដិន ហាក់ទប់ទឹកភ្នែកលែងជាប់ពេលឃើញការគាំទ្ររបស់សមាជិកបក្សរបស់លោក ហើយលោកថ្លែងដល់ការដកខ្លួនចេញពីការប្រណាំងប្រជែងកៅអីនៅសេតវិមាននៅដើមខែវិច្ឆិកាខាងមុខ។

លោក ចូ បៃដិន បានប្រកាសដកបេក្ខភាពរបស់លោកចេញពីការប្រជែងកៅអីប្រធានាធិបតីកាលពីថ្ងៃទី២១ខែកក្កដា ក្រោយមានការស្នើសុំឱ្យបោះបង់ ដោយសារតែការធ្លាក់ចុះការគាំទ្រខ្លាំង បន្ទាប់ពីលោកឡើងជជែកដេញដោលជាសាធារណៈលើកដំបូងនៅទូរទស្សន៍ CNN កាលពីដើមខែមិថុនា។
លោក បានប្រកាសបោះបង់និងប្រគល់បេក្ខភាពនេះទៅកាន់អនុប្រធានាធិបតីសហរដ្ឋអាមេរិក គឺ លោកស្រី កាម៉ាឡា ហារីស (Kamala Harris)ដើម្បីដឹកនាំបន្ត ដែលជាផ្នែកនៃការសាកល្បងប្រជាប្រិយភាពរបស់លោកស្រី ហារីស ក្នុងអន្តរកាលនេះ មុនឈានដល់កាលបរិច្ឆេទសមាជគណបក្សទូទាំងប្រទេសដែលចាប់ធ្វើពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែសីហានេះ។

ក្រោយបានការយល់ព្រមពីលោក បៃដិន ភ្លាមៗ លោកស្រី កាម៉ាឡា ហារីស បានដឹកនាំការធ្វើយុទ្ធនាការជួបជុំមួយចំនួនដែលជាផ្នែកមួយនៃការរៃអង្គាសប្រាក់ផង និងមួយផ្នែកដើម្បីស្ទង់ប្រជាប្រិយភាពផង។ ក្នុងចន្លោះពេលនេះ មានការស្ទង់មតិជាបន្តបន្ទាប់ ពីស្ថាប័នស្ទង់មតិនានា ដោយបង្ហាញពីប្រជាប្រិយភាពរបស់លោកស្រី ហារីស កើនឡើងខ្ពស់រហូតវ៉ាដាច់លោកដូណាល់ ត្រាំ ដែលឈ្នះលោក ចូ បៃដិន ក្នុងពេលកន្លងមក។
នៅពេលបរិយាយក្នុងសុន្ទរកថារបស់លោក លោក ចូ បៃដិន និយាយថា៖«តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកគឺសម្រាប់ប្រជាជនអាមេរិកគ្រប់គ្នា»។ នៅពេលថ្លែងក្រោយៗមកទៀតជុំវិញការបោះបង់ឱកាសប្រជែងតំណែងប្រធានាធិបតីនេះ លោក ចូ បៃដិន បាននិយាយថា៖«ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំជាង»។
CNN បានស្រងសម្តី លោក ចូ បៃដិន ដូចនិយាយថា៖«ទាំងអស់នេះនិយាយអំពីរបៀបដែលខ្ញុំខឹងចំពោះមនុស្សទាំងអស់ដែលនិយាយថាខ្ញុំគួរតែចុះចេញពីតំណែង នោះមិនមែនជាការពិតទេ។ ខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំច្រើនជាង ហើយយើងត្រូវការរក្សាលទ្ធិប្រជាធិបតេយ្យរបស់យើង»។
នៅក្នុងសុន្ទរកថានោះដែរ លោក ចូ បៃដិន បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថា នឹងក្លាយជាអ្នកផ្តាច់ការនៅពេលណាមួយពេលលោក ត្រាំ ឈ្នះឆ្នោត ព្រោះថា លោកដូណាល់ ត្រាំ ធ្លាប់បានបដិសេធការចាញ់ឆ្នោត។
សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ខែវិច្ឆិកា ដែលជាហេតុការណ៍ដ៏សំខាន់ក្នុងសកលលោក ព្រោះវាជារបត់នយោបាយក្នុងពិភពលោកដែលកំពុងប្រឈមសង្គ្រាមនៅរុស្ស៊ី-អ៊ុយក្រែនផង និងតំបន់មជ្ឈិមបូព៌ាផង៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា