ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនបើកទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានពីអាមេរិក
ហ្វីលីពីនជាប្រទេសដំបូងគេបានយល់ព្រមបណ្តោះអាសន្នក្នុងការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលកំពុងស្នាក់សហរដ្ឋអាមេរិក ក្រោយពួកគេភៀសខ្លួនចេញពីប្រទេសកំណើតដោយសារតែការចូលកាន់កាប់ប្រទេសរបស់ក្រុមតាលីបង់កាលឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ថ្ងៃទី២០ខែសីហានេះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រចំពោះ«សេវាកម្មចាំបាច់» សម្រាប់ជនជាតិអាហ្វហ្គានីស្ថាន ខណៈដែលពួកគេកំពុងដំណើរការទិដ្ឋាការសម្រាប់ការតាំងទីលំនៅនៅប្រទេសហ្វីលីពីន រួមទាំងអាហារ លំនៅដ្ឋាន សន្តិសុខ វេជ្ជសាស្ត្រ និងការដឹកជញ្ជូន។
លើសពីនេះក្រសួងការបរទេសសហរដ្ឋអាមេរិកកោតសរសើរចំពោះប្រវត្តិសាស្រ្តដ៏យូរអង្វែង និងភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយហ្វីលីពីន និងអរគុណរដ្ឋាភិបាលហ្វីលីពីនសម្រាប់ការគាំទ្រសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានរបស់សហរដ្ឋអាមេរិក។ ចំណែកក្រសួងការបរទេសហ្វីលីពីនក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរថា កិច្ចព្រមព្រៀងនេះកំពុងដំណើរការនីតិវិធីដើម្បីធានាប្រសិទ្ធភាពរបស់វា។
ទោះយ៉ាងណាសហរដ្ឋអាមេរិកនិងហ្វីលីពីនមិនបានបញ្ជាក់នូវចំនួនជនជាតិអាហ្វហ្គានីស្ថានដែលនឹងទទួលបានការដំណើរការទិដ្ឋាការក្នុងប្រទេសហ្វីលីពីនទេ។ ប៉ុន្តែការសែត The Washington Post ដែលដកស្រង់សម្តីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ប្រជាជនអាហ្វហ្គានីស្ថានប្រហែល៣០០នាក់នឹងត្រូវទទួលបានទិដ្ឋការទៅកាន់ប្រទេសហ្វីលីពីន។
កិច្ចព្រមព្រៀងនេះគឺជាសញ្ញាចុងក្រោយបំផុតនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ដែលបានជាប់ឆ្នោតនៅឆ្នាំ ២០២២ ដែលលោកបង្ហាញពីការផ្លាស់ប្តូរឆ្ងាយពីជំហរមិត្តភាពចិនខុសពីអ្នកកាន់តំណែងមុនដ៏មានប្រជាប្រិយភាព គឺលោក Rodrigo Duterte ។

គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានជាង ១៦០០០០ នាក់ត្រូវបានតាំងទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលពួកតាលីបង់ បានកាន់កាប់ប្រទេសនេះឡើងវិញ បន្ទាប់ពីការដកទ័ពរបស់ទីក្រុងវ៉ាស៊ីនតោន។
មនុស្សរាប់ពាន់នាក់ផ្សេងទៀតស្ថិតនៅក្នុងប្រទេសទីបីកំពុងរង់ចាំដំណើរការទិដ្ឋាការសម្រាប់ការផ្លាស់ទីលំនៅដែលអាចកើតមានក្រោមគំនិតផ្តួចផ្តើមមួយដែលមានឈ្មោះថា Operation Allies Welcome។ ភាគច្រើននៃអ្នកដែលមានសិទ្ធិសម្រាប់ការតាំងទីលំនៅថ្មីបានធ្វើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក មុនពេលការដួលរលំនៃកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថានដែលគាំទ្រដោយលោកខាងលិច។
ទោះបីជាយ៉ាងណា ព័ត៌មានដែលអាមេរិកបានស្នើសុំសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីពិចារណារៀបប្រជាជនអាហ្វហ្គានីស្ថានបានជំរុញឱ្យមានការប្រឆាំងពីប្រជាជនហ្វីលីពីនមួយចំនួនលើហេតុផលផ្លូវច្បាប់ និងសុវត្ថិភាព នៅពេលដែលកិច្ចព្រមព្រៀងនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីឆ្នាំមុន។ ជាមួយគ្នានេះ លោក Marcos ក៏បានឲ្យដឹងដែរថា កាលពីខែមិថុនាឆ្នាំមុនថា សំណើនេះបង្កបញ្ហាសន្តិសុខជាច្រើន ទោះបីជាលោកបានលើកឡើងពីប្រពៃណីដ៏យូរអង្វែងរបស់ហ្វីលីពីនក្នុងការទទួលយកជនភៀសខ្លួនក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?