ព័ត៌មានអន្ដរជាតិ
តើដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី នៅអ៊ុយក្រែននៅថ្ងៃសុក្រ អាចពន្លត់សង្គ្រាមបានទេ?
នាយករដ្ឋមន្ត្រីឥណ្ឌាណារ៉េនដ្រា ម៉ូឌី (Narendra Modi) នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនជាលើកដំបូងក្រោយសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានផ្ទុះឡើងអស់រយៈពេល៣០ខែគត់។ ការបំពេញទស្សនកិច្ចដ៏កម្ររបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់ទីក្រុងកៀវនាពេលនេះចំពេលអ៊ុយក្រែនវាយលុកចូលទឹកដីរុស្ស៊ី ហើយវាទំនងក្លាយជារបត់ថ្មីក្នុងសង្គ្រាមធំបំផុតក្នុងសតវត្សន៍ទី២១នេះ។
នៅថ្ងៃសុក្រទី២៣ខែសីហានេះ នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី ដែលគេដឹងថា ជាមិត្តជិតស្និទ្ធមួយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងជាន់ទឹកដីអ៊ុយក្រែនលើកដំបូង ដោយជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលធ្លាប់រិះគន់ជំហររបស់ឥណ្ឌាដោយសារតែមិនអនុវត្តទណ្ឌកម្មប្រឆាំងរុស្ស៊ី ថែមទាំងរក្សាទំនាក់ទំនងត្រជាក់ល្អូកជាមួយរុស្ស៊ី។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានអះអាងជាផ្លូវការអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រទី២៣ខែសីហានេះ ដែលជាដំណើរទស្សនកិច្ចមួយត្រូវអ្នកវិភាគគេមើលឃើញថា នាយករដ្ឋមន្ត្រីឥណ្ឌាអាចនឹងនាំយកកញ្ចប់លក្ខខ័ណ្ឌសម្រាប់ភាគីជម្លោះដើម្បីដំណើរការចរចាក្នុងពេលខាងមុខ។
ការធ្វើដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌានាពេលនេះ គឺធ្វើឡើងត្រឹមតែជាង១ខែប៉ុណ្ណោះក្រោយលោក ណារ៉េនដ្រា ម៉ូឌី បានជួបប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក្នុងកិច្ចប្រជុំទ្វេភាគីកាលពីថ្ងៃទី៨និងទី៩ខែកក្កដា។
ឥណ្ឌាដែលរក្សាជំហរអព្យាក្រិត្យក្នុងជម្លោះដ៏មហាវិនាសកម្មនិងសែនបំផ្លិចបំផ្លាញរវាងមហាអំណាចរុស្ស៊ីនិងអ៊ុយក្រែន ដោយមិនចូលរួមដាក់ទណ្ឌកម្មរុស្ស៊ីតាមការអំពាវនាវរបស់បច្ចឹមប្រទេស ហាក់បានបង្ហាញវត្តមានដ៏សំខាន់ក្នុងពេលនេះ ខណៈភាគីជម្លោះដែលចង់បញ្ចប់សង្គ្រាម ប៉ុន្តែមិនអាចរកច្រកចេញពីសង្គ្រាមដ៏រាំរៃនេះ។
នៅមុនដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី មានសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងឥណ្ឌា និងអ៊ុយក្រែន។
ការពិភាក្សានឹងផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ លោក ហ្សេលេនស្គី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី នឹងរួមបញ្ចូលការចុះហត្ថលេខាលើ «ឯកសារមួយចំនួន»បន្ថែមទៀត ដែលពង្រឹងទំនាក់ទំនងការទូតរវាងអ៊ុយក្រែន និងឥណ្ឌា។
កាលពីខែមិថុនា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ម្តងរួចហើយក្នុងប្រទេសអ៊ីតាលី ក្នុងអំឡុងពេលប្រមុខរដ្ឋទាំងពីរចូលរួមកិច្ចប្រជុំកំពូល G7 ជាកន្លែងដែលពួកគេបានពិភាក្សាអំពីស្ថានភាពដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
តាមការផ្សព្វផ្សាយនាពេលនោះ នាយករដ្ឋមន្ត្រីឥណ្ឌា បានរំលឹកឡើងវិញនូវជំហររបស់ឥណ្ឌាលើសារៈសំខាន់នៃ «កិច្ចសន្ទនា និងការទូត» ហើយបានធានាថា ឥណ្ឌានឹងបន្តគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី។
រដ្ឋាភិបាលឥណ្ឌាបានបដិសេធមិនអនុវត្តការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីពីសំណាក់ប្រទេសលោកខាងលិច តាមរយៈការផ្អាកទិញទំនិញមានឥន្ធនៈជាដើមពីប្រទេសរុស្ស៊ី។ ដោយអនុវត្តផ្ទុយពីការអំពាវនាវនោះ ឥណ្ឌាបាននាំចូលឥន្ធនៈយ៉ាងច្រើនពីរុស្ស៊ីក្នុងតម្លៃថោកៗ ដោយសារតែតែប្រទេសអឺរ៉ុបផ្អាកការនាំចូលទាំងស្រុងពីរុស្ស៊ី។
ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលដើម្បីខែកក្កដា លោកម៉ូឌីបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងបានយល់ព្រមលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ថាមពល និងទំនិញ ថ្មីៗជាមួយភាគីរុស្ស៊ី។
នាយករដ្ឋមន្តី្រឥណ្ឌា ជាប្រមុខរដ្ឋនិយាយត្រង់ៗ និងខ្លាំងៗចំពោះលោកពូទីន។ ជាក់ស្តែង ក្នុងកិច្ចប្រជុំមួយក្នុងប្រទេសឧបេគីស្ថាន កាលខែកញ្ញាឆ្នាំ២០២២ លោក ម៉ូឌី បានប្រាប់លោកពូទីនថា «សម័យនេះមិនមែនជាសម័យកាលដែលគេប្រើសង្គ្រាមនោះទេ»។
នាយករដ្ឋមន្ត្រីឥណ្ឌា ជារឿយៗ បានស្តីបន្ទោសលោកពូទីនដែលកងទ័ពរុស្ស៊ីវាយប្រហារលើមន្ទីរពេទ្យ និងជនស៊ីវិលនៅអ៊ុយក្រែន។
ដំណើរទស្សនកិច្ចរបស់លោកម៉ូឌីនៅថ្ងៃទី២៣ខែសីហានេះ បានកើតឡើងស្របពេលជាមួយនឹងការវាយប្រហារទៅលើមន្ទីរពេទ្យក្នុងទីក្រុងកៀវ ដែលជំរុញឱ្យលោក ម៉ូឌី ស្តីបន្ទោសជាសាធារណៈទៅកាន់លោក ពូទីនដោយបង្ហាញពីការឈឺចាប់ និងការភ័យខ្លាចរបស់គាត់ចំពោះការស្លាប់របស់កុមារស្លូតត្រង់។
លោក បានប្រាប់លោកពូទីនក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ការស្លាប់របស់កុមារស្លូតត្រង់គឺឈឺចាប់ និងគួរឱ្យភ័យខ្លាចមួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៍សាហាវលើមន្ទីរពេទ្យកុមារក្នុងទីក្រុងកៀវ។
លោកម៉ូឌី បាននិយាយថ៖«មិនថាវាជាសង្គ្រាមជម្លោះ ឬការវាយប្រហារភេរវកម្ម បុគ្គលណាដែលជឿជាក់លើមនុស្សជាតិ មានការឈឺចុកចាប់នៅពេលមានការខាតបង់ជីវិត។ ប៉ុន្តែសូម្បីតែនៅក្នុងនោះ នៅពេលដែលកុមារស្លូតត្រង់ត្រូវបានសម្លាប់ បេះដូងហូរឈាម ហើយការឈឺចាប់នោះពិតជាគួរឱ្យភ័យខ្លាចខ្លាំងណាស់»៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់