ព័ត៌មានអន្ដរជាតិ
លោក បៃដិន ដាក់សម្ពាធលើលោក Netanyahu ពីភាពបន្ទាន់នៃបទឈប់បាញ់នៅហ្គាហ្សា
សេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ហើយបានចង្អុលបង្ហាញថា ការពិភាក្សានៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីបនាពេលខាងមុខថាមានសារៈសំខាន់ណាស់។

កិច្ចសន្ទនាតាមទូរសព្ទនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចបន្ទាន់មួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលទើបបញ្ចប់កាលពីថ្ងៃអង្គារ តែមិនទទួលបានលទ្ធផលជាផ្លែផ្កាសមប្រកបអ្វីឡើយ ពោលគឺគ្មានកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ស្តីពីបទឈប់បាញ់នៅហ្គាហ្សា។
ក្រុមអ្នកសម្របសម្រួលដែលបានប្រឹងប្រែងអស់រយៈពេលជាច្រើនខែដើម្បីសម្រេចបាននូវបទឈប់បាញ់ គ្រោងនឹងធ្វើការប្រជុំគ្នាម្ដងទៀតនៅប៉ុន្មានថ្ងៃខាងមុខក្នុងទីក្រុងគែរ។
សេចក្តីថ្លែងការណ៍របស់សេតវិមាន បានរៀបរាប់ថា៖ «លោកប្រធានាធិបតីបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការនាំយកកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងឈានទៅដល់ការបិទបញ្ចប់ និងការពិភាក្សាអំពីកិច្ចចរចាពេលខាងមុខនៅទីក្រុងគែរ ដើម្បីដកចេញនូវឧបសគ្គដែលនៅសេសសល់»។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ទៀតថា លោក បៃដិន និងលោក Netanyahu ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រអ៊ីស្រាអែល ដោយដាក់ពង្រាយកងកម្លាំងការពារអាមេរិក «ប្រឆាំងនឹងការគំរាមកំហែងទាំងអស់ពីប្រទេសអ៊ីរ៉ង់ រួមទាំងក្រុមភេរវករដែលជាបក្ខពួក ដូចជា ក្រុមហាម៉ាស ក្រុមហេសបូឡា និងក្រុមហ៊ូធី»។
អ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ខែកក្កដា ហើយបានចោទប្រកាន់អ៊ីស្រាអែលថាជាអ្នកប្រព្រឹត្ត។ អ៊ីស្រាអែលមិនបានបញ្ជាក់ ឬបដិសេធថាខ្លួនស្ថិតនៅពីក្រោយការសម្លាប់នេះឬក៏យ៉ាងណានោះទេ។
សហរដ្ឋអាមេរិក បានបញ្ជាឲ្យដាក់ពង្រាយនាវាមុជទឹកបំពាក់មីស៊ីលស្វ័យប្រវត្តិទៅកាន់មជ្ឈិមបូព៌ា និងបានបញ្ជាឲ្យនាវាផ្ទុកយន្តហោះចម្បាំង Abraham Lincoln ពន្លឿនការដាក់ពង្រាយរបស់ខ្លួនទៅកាន់តំបន់ ដើម្បីពង្រឹងការការពាររបស់អ៊ីស្រាអែល។
លោក Blinken និងបណ្ដាប្រទេសសម្របសម្រួលមកពីអេហ្ស៊ីប និងកាតា បានកំណត់ក្តីសង្ឃឹមរបស់ពួកគេលើ «សំណើផ្សារភ្ជាប់» របស់សហរដ្ឋអាមេរិក ក្នុងគោលបំណងកាត់បន្ថយចន្លោះប្រហោងរវាងភាគីជម្លោះទាំងពីរនៅក្នុងសង្គ្រាមហ្គាហ្សាដែលមានអាយុកាលជាង១០ខែមកនេះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?