Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម កំពុង​បារម្ភ​អត្រា​កំណើត​ធ្លាក់​ចុះ ខណៈអាយុរៀបការ​ជាមធ្យម​កាន់​តែ​កើនឡើង

បានផុស

នៅ

អាយុ​​រៀប​អាពាហ៍ពិពាហ៍​ជាមធ្យម​សម្រាប់​មនុស្ស​ប្រុសស្រី​នៅ​វៀតណាម​នា​ពេល​បច្ចុប្បន្នគឺ​នៅ​អាយុ​​ ២៧,២​​ឆ្នាំ កើន​ឡើង​២​ឆ្នាំ បើ​ធៀប​នឹង​​ទិន្នន័យ​កាល​ពី​ឆ្នាំ​២០១៩។

រូប​តំណាង (រូបភាព៖ Bliss)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pham Vu Hoang អនុប្រធានការិយាល័យប្រជាជន និងផែនការគ្រួសារ បាននិយាយ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​​ថា ក្នុងឆ្នាំ​១៩៩៩ អាយុជាមធ្យមសម្រាប់អាពាហ៍ពិពាហ៍ដំបូងគឺ ២៤,១​ឆ្នាំ ហើយវាបានកើនឡើងដល់ ២៥,២​ឆ្នាំ​នៅឆ្នាំ​២០១៩។

លោក​ Hoang បាន​បន្ត​ថា និន្នាការ​នេះ​​ បង្ហាញ​ថា ​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ជ្រើសរើស​នៅ​លីវ ដែល​​ជា​ហេតុផល​​ជំរុញ​​ឲ្យ​មាន​ការ​​ធ្លាក់​ចុះ​នៃ​​អត្រា​កំណើត។

លោក​បាននិយាយ​ទៀត​ថា នៅក្នុងទីក្រុង​ហូជីមិញ អាយុជាមធ្យមនៃអាពាហ៍ពិពាហ៍គឺ ៣០,៤​ឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រទេស ហើយ​វា​មិនត្រឹមតែធ្វើ​ឲ្យមានអត្រាកំណើតទាបប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើ​ឲ្យ​មានចំនួនប្រជាជនវ័យចំណាស់​ច្រើន​ផងដែរ។

ហេតុផលសម្រាប់ការពន្យារពេល​ឬមិនរៀបការ រួមមាន កាលវិភាគការងារដ៏មមាញឹក ការលំបាកផ្នែកហិរញ្ញវត្ថុ និងបំណងប្រាថ្នាចង់បន្តអាជីព។

អត្រាកំណើតរបស់វៀតណាមបច្ចុប្បន្នស្ថិតក្នុងកម្រិត «ទាបគួរឲ្យ​ព្រួយបារម្ភ»។ អត្រានៃការមានកូនក្នុងឆ្នាំ២០២៣ គឺស្ត្រីម្នាក់​មាន​កូន​ត្រឹម ១,៩៦​នាក់ ដែលជាអត្រាទាបបំផុតមិនធ្លាប់មាន ហើយវាត្រូវបានគេព្យាករថានឹងធ្លាក់ចុះបន្ថែមទៀត។

នៅ​តំបន់​ភាគអាគ្នេយ៍​ដែល​ស្ថិត​នៅ​ទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្ត Dong Nai ហើយ​ជាកន្លែង​សម្បូរ​វិស័យ​ឧស្សាហកម្មធំៗ អត្រា​មាន​កូន​ជាមធ្យម​របស់​ស្ត្រី​គឺ​ចំនួន ១,៤៧​​នាក់​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជាតួ​លេខ​ទាប​ជាង​គេ​បំផុតនៅក្នុងប្រទេសវៀតណាម។

លោក Hoang បាននិយាយ​ទៀត​ថា នគរូបនីយកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច សម្ពាធក្នុងការស្វែងរកការងារធ្វើ លំនៅឋាន និងថ្លៃរស់នៅ​ បូករួម​​ទាំង​ការចំណាយលើការចិញ្ចឹមកូន កំពុងក្លាយ​ជា​​ចំណែក​រួម​ផ្សំ​នៃ​​ការធ្លាក់ចុះ​អត្រាកំណើត។

យោងតាមក្រសួងសុខាភិបាលវៀតណាម បើអត្រាកំណើតបន្តធ្លាក់ចុះដោយមិនបានត្រួតពិនិត្យតាមអត្រាបច្ចុប្បន្ន នៅ​ចន្លោះ​ឆ្នាំ​២០៥៤​ដល់​ឆ្នាំ​២០៥៩ ចំនួនប្រជាជនវៀតណាមនឹងចាប់ផ្តើមធ្លាក់ចុះ​យ៉ាង​ឆាប់​រហ័ស​មិន​ខាន។ គេ​បាន​ប៉ាន់ប្រមាណថា អត្រាកំណើនប្រជាជននឹងមាន ០,៩%នៅឆ្នាំ​២០២៤ រួច​​ធ្លាក់ចុះមកត្រឹម ០,០៦% នៅឆ្នាំ​២០៥៤ ហើយ​កំណើនអវិជ្ជមាននឹង​ចាប់ផ្តើមនៅឆ្នាំ​២០៥៩។

អ្នកជំនាញបានព្រមានថា ប្រសិនបើវៀតណាមមិនមានគោលនយោបាយសេដ្ឋកិច្ចសង្គម និងប្រជាជនសមស្របទេ អត្រាកំណើតនឹងបន្តធ្លាក់ចុះយ៉ាងខ្លាំងដូចនៅប្រទេសមួយចំនួន​រួម​មាន ចិន កូរ៉េខាងត្បូង និងជប៉ុន៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម