ព័ត៌មានអន្ដរជាតិ
ចិន និងហ្វីលីពីន ចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការប៉ះទង្គិចលើសមុទ្រចិនខាងត្បូង
ហ្វីលីពីន និងចិនបានចោទប្រកាន់គ្នាចុះឡើងអំពីចេតនាវាយប្រហារនាវាឆ្មាំសមុទ្រនៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង កាលពីថ្ងៃ៣១ខែសីហា ដែលជាការប៉ះទង្គិចគ្នាចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ។

ការប៉ះទង្គិចនៅក្បែរតំបន់ Sabina Shoal គឺជាការប្រឈមមុខគ្នារវាងចិន និងហ្វីលីពីន នៅដែនសមុទ្រជាលើកទី៥ ក្នុងរយៈពេល១ខែកន្លងទៅ។
ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនូវអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូង តែត្រូវបានច្រានចោល និងអះអាងដោយហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម។ ផ្លូវទឹកនៃសមុទ្រចិនខាងត្បូង ដែលមានទំហំពាណិជ្ជកម្មឆ្លងកាត់ជារៀងរាល់ឆ្នាំក្នុងតម្លៃ៣ទ្រីលានដុល្លារ ត្រូវបានគេជឿថាសម្បូរទៅដោយប្រេង ឧស្ម័នធម្មជាតិ និងមច្ឆាជាតិ។
តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថាការទាមទារដ៏ធំរបស់ប្រទេសចិនមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ យ៉ាងណា សេចក្តីសម្រេចនេះត្រូវបានទីក្រុងប៉េកាំងច្រានចោល។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Jay Tarriela បានបង្ហាញវីដេអូនៃការប្រឈមមុខគ្នាកាលពីថ្ងៃសៅរ៍នៅក្នុងសន្និសីទសារព័ត៌មាន ដោយនិយាយថា នាវាឆ្មាំសមុទ្រចិនលេខ 5205 «បានវាយប្រហារដោយផ្ទាល់និងដោយចេតនាលើកប៉ាល់ហ្វីលីពីន»។ លោក Tarriela បានបន្តថា ការវាយប្រហារនេះបានធ្វើឲ្យខូចខាតកប៉ាល់ Teresa Magbanua ប្រវែង ៩៧ម៉ែត្រ ដែលជាកប៉ាល់មួយក្នុងចំណោមកប៉ាល់ឆ្មាំសមុទ្រដ៏ធំបំផុតរបស់ហ្វីលីពីន ប៉ុន្តែការបង្កហេតុនេះមិនបានធ្វើកងកម្លាំងហ្វីលីពីនរងរបួសឡើយ។
ចំណែកលោក Liu Dejun អ្នកនាំពាក្យឆ្មាំសមុទ្រចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ហ្វីលីពីនបានធ្វើដំណើរដោយខុសច្បាប់នៅលើដែនទឹករបស់ខ្លួន ហើយបានលើកយុថ្កា និង «បើកបុកដោយចេតនា» លើនាវាចិន។ លោកបានអំពាវនាវឲ្យហ្វីលីពីនដកខ្លួនជាបន្ទាន់ បើមិនចង់ទទួលរងផលប៉ះពាល់ណាមួយ។
លោក Liu បានប្រាប់ថា៖ «ឆ្មាំសមុទ្រចិននឹងចាត់វិធានការចាំបាច់ ដើម្បីរារាំងសកម្មភាពបង្កហេតុ ភាពរំខាន និងការរំលោភបំពាន ហើយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ ក៏ដូចជាផលប្រយោជន៍ដែនសមុទ្ររបស់ចិន»។
ជាការឆ្លើយតប លោក Tarriela បានប្រកាសថា ទីក្រុងម៉ានីលនឹងមិនដកកប៉ាល់របស់ខ្លួនឡើយ «ទោះបីជាមានការយាយី សកម្មភាពគំរាមកំហែង និងសកម្មភាពកើនឡើងរបស់ឆ្មាំសមុទ្រចិនក៏ដោយ»។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីន បានសម្តែងការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនចំពោះហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួន។ លោកឯកអគ្គរដ្ឋទូត MaryKay Carlson បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «សហរដ្ឋអាមេរិកថ្កោលទោសការរំលោភដ៏គ្រោះថ្នាក់ជាច្រើននៃច្បាប់អន្តរជាតិដោយសាធារណៈរដ្ឋប្រជាមានិតចិន រួមទាំងការវាយលុកដោយចេតនានៅថ្ងៃនេះ»។
ហ្វីលីពីន បានដាក់ពង្រាយកប៉ាល់កាលពីខែមេសាទៅកាន់តំបន់ Sabina Shoal ដែលមានចម្ងាយប្រហែល ១៣៩គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្ត Palawan របស់ប្រទេសហ្វីលីពីន។ រដ្ឋាភិបាលក្រុងម៉ានីល បានចោទប្រកាន់ទីក្រុងប៉េកាំងថាបានសាងសង់កោះសិប្បនិម្មិត ហើយបានធ្វើឲ្យផ្កាថ្មខ្ទេចនិងងាប់ជាច្រើន។ ប៉ុន្តែការចោទប្រកាន់នេះត្រូវទីក្រុងប៉េកាំងបដិសេធ។
ក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាដែនសមុទ្រហ្វីលីពីន បានលើកឡើងថា យន្តហោះចិនបានធ្វើសមយុទ្ធដែលមានគ្រោះថ្នាក់មួយ ប្រឆាំងនឹងយន្តហោះស៊ីវិល ដែលកំពុងធ្វើការល្បាតលើតំបន់ជម្លោះចំនួន២គឺតំបន់ Scarborough Shoal និងតំបន់ថ្មប៉ប្រះទឹក Subi៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត