Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​តៃវ៉ាន់ សួរ​ចិន​ថាចុះ​​ម្ដេច​មិន​ហ៊ាន​ទៅ​វាយ​យក​ដី​ពី​រុស្ស៊ី​វិញ​ផង

បានផុស

នៅ

ប្រសិនបើការទាមទាររបស់ចិនលើកោះតៃវ៉ាន់គឺដើម្បីបូរណភាពទឹកដីនោះ ចិនគួរណាស់​តែយកមកវិញនូវទឹកដីពីប្រទេសរុស្ស៊ី​ផង​ដែរ ដែលបានចុះហត្ថលេខា​ឲ្យ​ក្រុង​មូស្គូ​កាត់​យក​​ក្នុង​អំឡុង​រាជវង្សចុងក្រោយ​​របស់​ខ្លួន​កាល​ពី​សតវត្សរ៍​ទី​១៩។ នេះ​​ជា​​ការ​លើក​ឡើង​របស់​​ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍​​រដ្ឋ ដែល​បាន​ចាក់​ផ្សាយ​​កាល​ពី​យប់​ថ្ងៃ​ទី​១​ខែ​កញ្ញា។

លោក Lai Ching-te ប្រធានាធិបតី​កោះ​តៃវ៉ាន់ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lai ដែលចិនហៅថាជា «ជន​ផ្ដាច់​ខ្លួន​និយម» បានលើកឡើងនូវសន្ធិសញ្ញា Aigun ឆ្នាំ​១៨៥៨ ដែលចិនបានចុះហត្ថលេខាលើ​ការ​កាត់​​ទឹកដី​ក្នុង​ទំហំ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ឲ្យ​ចក្រភពរុស្ស៊ី ដែល​បច្ចុប្បន្ន​​មាន​ព្រំប្រទល់​​នៅ​តាមដងទន្លេ Amur។

រាជវង្ស Qing របស់ប្រទេសចិន ដើមឡើយបានបដិសេធ​ទទួល​ស្គាល់​សន្ធិសញ្ញា​ឆ្នាំ​១៨៥៨​នេះ​ ប៉ុន្តែ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​អំណាច​របស់​ខ្លួន​និង​ការ​កើត​មាន​ចលនា​បះបោរ​ក្នុង​ប្រទេស សន្ធិសញ្ញា​នេះ​ក៏​ត្រូវ​បាន​​ទទួល​យក​ជា​ផ្លូវការ​​ក្រោម​អនុសញ្ញា Peking ជាអ្វីដែលចិន​តែង​ចាត់ទុក​ថា​ជាសន្ធិសញ្ញា «មិនស្មើគ្នា» ជាមួយមហាអំណាចបរទេសក្នុងសតវត្សរ៍ទី​១៩។ ក្នុង​សន្ធិសញ្ញា​​ឆ្នាំ​១៨៥៨ រុស្ស៊ី​ទទួល​បាន​ដី​​ទំហំ​ច្រើន​ជាង ៦០​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ដែល​ឥលូវ​មាន​ឈ្មោះ​​ថា​តំបន់ Outer Manchuria។

ប្រធានាធិបតី​តៃវ៉ាន់ បាននិយាយថា៖ «ចេតនារបស់ចិនក្នុងការវាយប្រហារ និងយក​ដី​តៃវ៉ាន់ មិនមែនដោយសារតែ​ការ​និយាយ​ឬ​ការ​ធ្វើ​អ្វី​​មួយ​របស់​នរណាម្នាក់ ឬគណបក្សនយោបាយណាមួយនៅតៃវ៉ាន់​ឡើយ។ វាមិនមែនសម្រាប់ជាប្រយោជន៍នៃបូរណភាពទឹកដី​ទេ ដែលចិនចង់យកតៃវ៉ាន់។ ប្រសិនបើ​នេះដើម្បី​បូរណភាព​ទឹកដី ហេតុអ្វី​មិន​យក​ទឹកដី​រុស្ស៊ី​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​សន្ធិសញ្ញា Aigun មកវិញផង? រុស្ស៊ី​ឥលូវ​នេះ​កំពុង​​ចុះ​ទន់​ខ្សោយ​ខ្លាំង ត្រូវ​អត់?»។

លោក Lai បាន​បន្ត​​ទៀត​ថា៖ «សន្ធិសញ្ញា Aigun ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលរាជវង្ស Qing អ្នកអាចសុំឲ្យរុស្ស៊ី (ប្រគល់ទឹកដីមកវិញ) ប៉ុន្តែអ្នកធ្វើមិនបាន។ ដូច្នេះ វាច្បាស់ណាស់ថា ពួកគេមិនមែនចង់ឈ្លានពានតៃវ៉ាន់សម្រាប់ហេតុផលទឹកដីឡើយ»។

លោក Lai បាន​សង្កត់​ធ្ងន់​ថា អ្វីដែលចិនពិតជាចង់ធ្វើ​ក្នុង​ការ​ទាមទារ​យក​កោះតៃវ៉ាន់ គឺ​ការផ្លាស់ប្តូរ​សណ្ដាប់ធ្នាប់​ដែលត្រូវ​បាន​ចែង​ដោយ​​​ច្បាប់អន្តរជាតិ។ មេដឹក​នាំ​តៃវ៉ាន់ ថា ចិន«ចង់សម្រេចបាននូវ​ការ​​គ្រប់គ្រង​​នៅក្នុងតំបន់អន្តរជាតិ ក្នុង​ប៉ាស៊ីហ្វិកខាងលិច ដែល​នោះគឺជាគោលដៅពិតប្រាកដ»។

ការិយាល័យកិច្ចការតៃវ៉ាន់របស់​ប្រទេស​ចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធ​​នឹង​ការ​លើក​ឡើង​របស់​លោក Lai នោះ​ទេ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​​និយាយ​ថា តៃវ៉ាន់​ជា​ទឹកដី​របស់​ចិន​តាំងពី​បុរាណកាល​មក និង​តែង​ចាត់ទុក​តៃវ៉ាន់​ជា​អធិបតេយ្យភាព​​របស់ខ្លួន​ ហើយ​​ក៏​មិនបដិសេធ​ក្នុង​ការ​ប្រើប្រាស់​កម្លាំងយោធា​​​ដើម្បី​យក​កោះ​នេះ​ឲ្យ​​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ឡើយ​។ រដ្ឋាភិបាល​តៃវ៉ាន់​​បាន​ច្រានចោល​ការ​អះអាង​ទាំង​នោះ ដោយ​និយាយ​ថា​មាន​តែ​ប្រជាជន​​​តៃវ៉ាន់​​ទេ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេ។

រាជវង្ស Qing បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ទៅប្រទេសជប៉ុន​នៅ​ក្នុងឆ្នាំ១៨៩៥ ក្រោម​សន្ធិសញ្ញា​មួយ​ផ្សេង​ទៀត ហើយឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះ​នេះ​ត្រូវបានប្រគល់ទៅឲ្យ​រដ្ឋាភិបាលសាធារណៈរដ្ឋចិន។ នៅ​៤​ឆ្នាំ​​បន្ទាប់​ក្រោយ​ចាញ់​សង្គ្រាម​ស៊ីវិល​​ជាមួយ​​បក្ស​កុម្មុយនិស្ត​​របស់​លោក ម៉ៅ សេទុង រដ្ឋាភិបាល​សាធារណៈរដ្ឋ​ចិន​បាន​រត់​ភៀសខ្លួនទៅ​គ្រប់គ្រង​នៅ​កោះ​តៃវ៉ាន់​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១១ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម