ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីកំពុងស៊ើបអង្កេតការលេចធ្លាយឯកសារចិនទាក់ទងជម្លោះដែនសមុទ្រ
ក្រសួងការបរទេសម៉ាឡេស៊ីកំពុងស៊ើបអង្កេតលើការលេចធ្លាយឯកសារសង្ស័យដែលចិនបានផ្ញើទៅកាន់ស្ថានទូតរបស់ខ្លួននៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈ បន្ទាប់ពីមានការបោះពុម្ពផ្សាយកាលពីខែមុនក្នុងអត្ថបទមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៥ខែកញ្ញានេះ។

ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ប៉ូលីសកំពុងស៊ើបអង្កេតផ្ទៃក្នុងជុំវិញឯកសារដែលបានលេចធ្លាយនេះ ខណៈឯកសារនេះមិនបានដាក់ឈ្មោះចេញ ឬបញ្ជាក់អំពីភាពត្រឹមត្រូវនៃខ្លឹមសារនោះទេ ប៉ុន្តែបានបញ្ជាក់លម្អិតអំពីការទាមទាររបស់ម៉ាឡេស៊ីនៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ។
គួររម្លឹកថា សារព័ត៌មាន Philippine Daily Inquirer បានរាយការណ៍កាលពីថ្ងៃទី២៩ខែសីហាថា ប្រទេសចិនបានផ្ញើឯកសារទៅកាន់ស្ថានទូតម៉ាឡេស៊ី ដើម្បីបញ្ឈប់រាល់សកម្មភាពរុករក និងខួងយកប្រេងនៅ Luconia Shoals ដែលស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីរដ្ឋ Sarawak របស់ម៉ាឡេស៊ី។
ដោយដកស្រង់កំណត់ត្រាដែលមានក្នុងឯកសារនោះ ប្រទេសចិនបានអះអាងថា សកម្មភាពរបស់ម៉ាឡេស៊ីបានរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ ការលេចធ្លាយឯកសារនេះ អាចនឹងធ្វើឲ្យមានការព្រួយបារម្ភអំពីទំនាក់ទំនងផ្លូវការរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងសម្រាប់ការគ្រប់គ្រងសមុទ្រចិនខាងត្បូង ដែលត្រូវបានកាត់ក្តីនៅក្នុងឆ្នាំ២០១៦ ដោយតុលាការអន្តរជាតិ ខណៈម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ ក៏ទាមទារផ្នែកខ្លះនៃផ្លូវទឹកនេះផងដែរ។ ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជាមួយនឹងការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀត រវាងនាវាឆ្មាំសមុទ្រចិននិងហ្វីលីពីននៅឯ Second Thomas Shoal និងតំបន់ជម្លោះផ្សេងទៀត។
ទោះយ៉ាងណាក្រសួងការបរទេសម៉ាឡេស៊ី បានកត់សម្គាល់ថា ទីក្រុងប៉េកាំង និងគូឡាឡាំពួ បានប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍មួយរបស់ម៉ាឡេស៊ីបាននិយាយថា៖«ជំហររបស់ម៉ាឡេស៊ីលើសមុទ្រចិនខាងត្បូងនៅតែមិនផ្លាស់ប្តូរ ដោយម៉ាឡេស៊ីនឹងបន្តការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់ដែនសមុទ្ររបស់ខ្លួន»។
ពាក់ព័ន្ធបញ្ហានេះស្ថានទូតចិនប្រចាំទីក្រុងកូឡាឡាំពួមិនបានឆ្លើយតបតាមទូរស័ព្ទ និងឆ្លើយតបតាមអ៊ីមែលសំណើសុំការអត្ថាធិប្បាយនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?