ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រកាសមិនឈប់រុករកប្រេងនៅសមុទ្រចិនខាងត្បូង ទោះក្រុងប៉េកាំងជំទាស់
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកនឹងមិនបញ្ឈប់ការរុករកប្រេង និងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ បើទោះបីជាមានការអះអាងពីទីក្រុងប៉េកាំងដែលថាម៉ាឡេស៊ីកំពុងរំលោភលើទឹកដីរបស់ខ្លួនក៏ដោយ។

លោក Anwar បានថ្លែងអំឡុងពេលទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ីថា សកម្មភាពរុករករបស់ម៉ាឡេស៊ី ស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ហើយមិនមានចេតនាបង្កហេតុ ឬអរិភាពចំពោះចិន ដែលជាប្រទេសមានទំនាក់ទំនងមិត្តភាពល្អជាមួយម៉ាឡេស៊ីនោះទេ។
លោក Anwar បានបន្តថា៖ «ជាការពិតណាស់ យើងនឹងត្រូវធ្វើប្រតិបត្តិការនៅក្នុងដែនទឹករបស់យើង និងធានានូវអត្ថប្រយោជន៍សេដ្ឋកិច្ច រួមទាំងការខួងយកប្រេងនៅក្នុងទឹកដីរបស់យើង។ យើងមិនដែលបានបដិសេធលទ្ធភាពនៃការពិភាក្សា (ជាមួយប្រទេសចិន) នោះទេ។ ប៉ុន្តែវាមិនមែនមានន័យថា យើងត្រូវបញ្ឈប់ប្រតិបត្តិការនៅក្នុងតំបន់របស់យើងនោះឡើយ»។
ការប្រកាសរបស់មេដឹកនាំម៉ាឡេស៊ី ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍បែកធ្លាយពីឯកសារសម្ងាត់មួយដែលស្ថានទូតម៉ាឡេស៊ីទទួលបានពីក្រសួងការបរទេសចិនតាំងតែពីខែកុម្ភៈមកម៉្លេះ ពាក់ព័ន្ធនឹងសកម្មភាពរ៉ុករកធនធានធម្មជាតិនៅលើសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃទី៤ខែកញ្ញាថា ខ្លួននឹងស៊ើបអង្កេតវែកមុខរកអ្នកដែលធ្វើឲ្យមានការបែកធ្លាយឯកសារទាំងនោះ។
ក្នុងរបាយការណ៍បែកធ្លាយដែលចេញផ្សាយសារព័ត៌មានហ្វីលីពីនមួយ ទីក្រុងប៉េកាំងបានអះអាងថា ការរុករកប្រេង និងឧស្ម័នរបស់ម៉ាឡេស៊ីនៅសមុទ្រចិនខាងត្បូងបានរំលោភលើទឹកដីរបស់ខ្លួន។
ប្រទេសចិនទាមទារអធិបតេយ្យភាពលើស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល រួមទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZs) នៃប្រទេសហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ដែលធ្វើឲ្យមានការលំបាកក្នុងការរុករកធនធានថាមពលរបស់ប្រទេសទាំងនោះ។
នៅក្រោមច្បាប់អន្តរជាតិ តំបន់សេដ្ឋកិច្ចផ្តាច់មុខលើសមុទ្រចិនខាងត្បូង មិនទាន់មានការបែងចែកពីអធិបតេយ្យភាពទេ ប៉ុន្តែផ្តល់សិទ្ធិជាអធិបតេយ្យភាពរបស់ប្រទេសមួយក្នុងការទាញយកធនធានធម្មជាតិពីដែនទឹកទាំងនោះ។
ក្រុមហ៊ុនថាមពលរដ្ឋរបស់ម៉ាឡេស៊ី Petronas ឬ Petroliam Nasional Berhad បានធ្វើប្រតិបត្តិការអណ្តូងប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូងក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ EEZ របស់ប្រទេសម៉ាឡេស៊ី ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានប្រឈមមុខជាមួយនាវាចិនជាច្រើនគ្រឿងនៅទីនោះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រាប់ថា ប្រទេសចិនបានផ្ញើសារព្រមានម្ដងឬ២ដងរួចមកហើយ ដើម្បីបញ្ឈប់សកម្មភាពរុករកប្រេងរបស់ម៉ាឡេស៊ី ដោយមិនបានបញ្ជាក់លម្អិតពីមូលហេតុ ប៉ុន្តែបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងបន្តពន្យល់ដល់ទីក្រុងប៉េកាំងអំពីជំហររបស់ខ្លួន។
លោកបានបន្ថែមថា៖ «យើងបាននិយាយហើយថា យើងនឹងមិនបំពានព្រំដែនអ្នកដទៃទេ។ នោះគឺជាគោលនយោបាយ និងគោលការណ៍ដ៏តឹងរ៉ឹងរបស់យើង។ ពួកគេដឹងពីជំហររបស់យើង ពួកគេបានអះអាងថាយើងកំពុងរំលោភលើទឹកដីរបស់ពួកគេ។ វាមិនដូច្នោះទេ។ យើងនិយាយថាទេ វាជាទឹកដីរបស់យើង»។
តុលាការមជ្ឈត្តកម្មអន្តរជាតិនៅទីក្រុងឡាអេក្នុងឆ្នាំ២០១៦ បានបដិសេធទទួលស្គាល់នូវការទាមទារ៩០%របស់ចិននៅលើសមុទ្រចិនខាងត្បូងថាមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ។ យ៉ាងណា សេចក្ដីសម្រេចនេះមិនត្រូវរដ្ឋាភិបាលក្រុងប៉េកាំងទទួលស្គាល់នោះឡើយ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?