ព័ត៌មានអន្ដរជាតិ
ត្រាំ៖ បើជាប់ឆ្នោត ខ្ញុំនឹងបន្ថយទណ្ឌកម្មលើប្រទេសនានា បើមិនអ៊ីចឹង ប្រាក់ដុល្លារនឹងស្លាប់
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃសៅរ៍ទី៧ខែកញ្ញាឆ្នាំ២០២៤, បេក្ខភាពជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានសន្យាថានឹងបន្ថយទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនដាក់លើប្រទេសនានា ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា។

អំឡុងពេលបង្ហាញខ្លួននៅក្លឹបសេដ្ឋកិច្ចទីក្រុងញូវយ៉ក គេសួរទៅលោក ត្រាំ ថាតើលោកមានផែនការបង្កើនឬបន្ថយការរឹតត្បិតផ្នែកសេដ្ឋកិច្ចរុស្ស៊ី និងប្រទេសដទៃទៀតដែរឬក៏អត់។ លោកក៏ឆ្លើយថា «ខ្ញុំចង់ប្រើទណ្ឌកម្មឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាអាចមានបញ្ហាជាមួយប្រាក់ដុល្លារ។ បើទណ្ឌកម្មនៅតែខ្លាំង ប្រាប់ដុល្លាររបស់អ្នកនឹងត្រូវស្លាប់។ គ្រប់យ៉ាងដែលប្រាក់ដុល្លារតំណាងឲ្យនឹងត្រូវចប់ ដូច្នេះវាមានសារៈសំខាន់ណាស់ ចំពោះការដែលរក្សាប្រាក់ដុល្លារឲ្យនៅតែជាឈរជារូបិយប័ណ្ណបម្រុងអន្តរជាតិ»។
លោកបន្តថា «ប្រសិនបើយើងបាត់បង់ប្រាក់ដុល្លារជារូបិយប័ណ្ណពិភពលោកហើយនោះ ខ្ញុំគិតថា វាស្មើនឹងការចាញ់សង្រ្គាម ដែលនឹងធ្វើឲ្យយើងក្លាយជាប្រទេសលោកទីបី អ៊ីចឹងយើងមិនអាចអនុញ្ញាតឲ្យរឿងនេះកើតឡើងបានជាដាច់ខាត»។
តាមពិតទៅ លោក ត្រាំ នេះហើយដែលបានដាក់ទណ្ឌកម្មខ្លាំងដៃលើរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង អំឡុងពេលកាន់តំណែងចន្លោះឆ្នាំ២០១៧ដល់ឆ្នាំ២០២១ ប៉ុន្តែក្រោយមកលោកទទួលស្គាល់ថា លោកសម្រេចចិត្តដកការរឹតត្បិតចេញវិញ ព្រោះមើលទៅ អាមេរិកហាក់ចាញ់អ៊ីរ៉ង់ និងរុស្ស៊ី។ ជាពិសេសដោយសារទណ្ឌកម្មនេះឯង ទើបជំរុញចិត្តប្រទេសចិន ឲ្យព្យាយាមប្រែក្លាយរូបិយប័ណ្ណរបស់ពួកគេក្លាយជារូបិយប័ណ្ណលេចធ្លោ លើពិភពលោក។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មចំនួន ២២ ០០០ លើទីក្រុងមូស្គូ ចាប់តាំងពីឆ្នាំ២០១៤មក នៅពេលរុស្ស៊ីកាត់យកតំបន់គ្រីមៀ និងពេលផ្ទុះជម្លោះអ៊ុយក្រែន-Donbass បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងកៀវ។ ក្រោយមកទៀត អាមេរិកដាក់ទណ្ឌកម្មរឹតខ្លាំងបន្ទាប់ពី ទីក្រុងមូស្គូ បើកប្រតិបត្តិការសឹកលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។
ដោយឡែកកាលពីខែកក្កដា កាសែត Washington Post បានរាយការណ៍ថា មួយភាគបីនៃប្រជាជាតិលើពិភពលោក ក្នុងនោះរួមទាំង៦០%នៃបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបផងដែរ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន