ព័ត៌មានអន្ដរជាតិ
៤ចំណុចចាប់អារម្មណ៍ខ្លាំង ក្នុងការដេញដោលគ្នាតឹងសរសៃ.ក រវាងលោក ត្រាំ និងលោកស្រី ហារីស
នៅថ្ងៃពុធទី១១ខែកញ្ញឆ្នាំ២០២៤បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សទាំងសងខាង បានជួបជជែកដេញដោលតទល់គ្នាជាលើកដំបូង មុនការបោះឆ្នោតដែលនឹងឈានចូលមកដល់នៅប៉ុន្មានខែខាងមុខ។

លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋនិង លោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ បានជជែកគ្នាតឹងសរសៃ.ក រយៈពេល៩០នាទី ក្នុងកម្មវិធីដែលរៀបចំដោយ ABC News នៅទីក្រុង Philadelphia នៃរដ្ឋPennsylvania។
ខាងក្រោមនេះ គឺជាចំណុចគួរឲ្យចាប់អារម្មណ៍ចំនួន៤ ដែលកម្ពុជាថ្មី ដកស្រង់ចេញពីការជជែកដេញដោលនោះ៖
១. ត្រាំនិយាយវិលចុះវិលឡើងៗ អំពីបញ្ហាអន្តោរប្រវេសន៍
លោក ត្រាំ ហាក់ដូចជាវិលវល់បន្តិច ហើយនិយាយចុះឡើង ដែលមើលទៅដូចជាមិនច្បាស់ជាមួយសំណួររបស់អ្នកសម្របសម្រួល។ លោក ត្រាំ បាននិយាយអំពីបញ្ហាសេដ្ឋកិច្ច ហើយបន្ទាប់ទៀត គាត់និយាយអំពីបំពង់បង្ហូរប្រេង។ ក្រោយពីនោះ គាត់ក៏និយាយអំពីការថែទាំសុខភាព រួចក៏លើកឡើងពីបញ្ហាអន្តោប្រវេសន៍។ ចប់ពីនេះ គាត់ក៏និយាយអំពីអ្វីផ្សេងទៀត រួចក៏បកមកនិយាយអំពីបញ្ហាអន្តោប្រវេសន៍ម្តងទៀត។

មើលទៅក៏អាចចាត់ទុកថាលោក ត្រាំ ឆ្លាតដែរព្រោះបញ្ហាអន្តោប្រវេសន៍នេះហើយ ដែលគាត់មានសង្ឃឹមទទួលបានការសរសើរច្រើន ហើយអាចឈ្នះលើលោកស្រី ហារីស ព្រោះលោកស្រីហារីស មិនសូវមានកំណត់ត្រាល្អទេទាក់ទងនឹងរឿងនេះ។
ត្បិតគ្មានអ្វីសំអាង តែលោកត្រាំ បានចោទប្រកាន់ជនអន្តោប្រវេសន៍និងជនភៀសខ្លួនហៃទីនៅទីក្រុង Springfield រដ្ឋ Ohio ថាជាអ្នកហូបសត្វចិញ្ចឹមរបស់ប្រជាជន។ លោកនិយាយថា «នៅ Springfield ពួកគេហូបសត្វសុនក និងជាអ្នកដែលចូលមកបរិភោគឆ្មា»។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជារឿងថ្មីឡើយព្រោះគេស្គាល់ច្បាស់ថា លោកត្រាំ គឺជាមនុស្សនិយាយមិនសំចៃមាត់បែបនេះ។
២. ហារីស បន្ទោស ត្រាំ កប់ៗមាត់
ចប់ប្រធានបទនេះ លោកស្រី ហារីស បានបន្ទោសលោក ត្រាំ កប់ៗមាត់ ហើយថែមទាំងស្តីឲ្យគាត់ថាជាមនុស្សមិនចេះខ្មាសទៀតផង។

អនុប្រធានាធិបតីរូបនេះ បានហៅបេក្ខជនមកពីគណបក្សសាធារណរដ្ឋថា «លោកខ្សោយណាស់» ហើយលោកស្រីក៏ទាត់ចោលការចោទប្រកាន់របស់យុទ្ធនាការលោកត្រាំផងដែរ ដែលថា ពិភពលោកនឹងសើចចំអកឲ្យការដឹកនាំរបស់សហរដ្ឋអាមេរិក។
លោកស្រី ហារីស ប្រាប់ទៅលោក ត្រាំ ថា «គេដឹងច្បាស់ហើយថា មានមេដឹកនាំផ្តាច់ការនិងក្រុមផ្តាច់ការ កំពុងចាក់ឫសឲ្យអ្នកក្លាយជាប្រធានាធិបតីម្តងទៀត។ អ្នកកំពុងត្រូវគេបោក ហើយមេដឹកនាំយោធាជាច្រើនដែលអ្នកធ្លាប់ធ្វើការជាមួយអ្នក បានប្រាប់ខ្ញុំថា អ្នកជាមនុស្សមិនចេះខ្មាស»។
៣. បញ្ហានៅហ្គាហ្សា
នៅពេលសួរអំពីសង្រ្គាមនៅហ្គាហ្សា បេក្ខជនទាំងពីរបានបញ្ចេញមតិរៀងៗខ្លួន។
លោកស្រី ហារីស និយាយថា លោកស្រីគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ ហ្គាហ្សា ដែលនឹងនាំឲ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ប៉ុន្តែលោកស្រីក៏ប្តេជ្ញាបន្តផ្តល់អាវុធដល់អ៊ីស្រាអែល និងគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរផងដែរ។

តាមការលើកឡើងរបស់លោកស្រីហារីស, «អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន តែយ៉ាងណា មានប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ជាច្រើននាក់ត្រូវបានសម្លាប់ ដូចជាកូនៗ ម្តាយជាដើម។ អ្វីដែលយើងដឹងគឺសង្គ្រាមនេះត្រូវតែបញ្ចប់។ ខ្ញុំនឹងផ្តល់លទ្ធភាពឲ្យជានិច្ចដល់អ៊ីស្រាអែលដើម្បីការពារខ្លួន ជាពិសេសបើអ៊ីរ៉ង់និងចលនាប្រដាប់អាវុធរបស់ពួកគេ គំរាមកំហែងនិងរករឿងអ៊ីស្រាអែល»។
ចំណែកលោកត្រាំវិញ បានបញ្ជាក់ជំហររបស់លោកដដែលថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងមិនផ្ទុះឡើងឡើយ ប្រសិនបើលោកកាន់តំណែងនោះ។ លោកថែមទាំងចោទលោកស្រីហារីស ថា ប្រឆាំងនឹងអ៊ីស្រាអែលទៅវិញ។ «ហារីស ស្អប់អ៊ីស្រាអែលណាស់។ នាងស្អប់ប្រជាជនអារ៉ាប់ ពីព្រោះកន្លែងទាំងមូលនឹងមានការបំផ្លិចបំផ្លាញ! អ៊ីស្រាអែលនឹងរលាយបាត់»។
៤. បេក្ខជនទាំង២ បញ្ចេញទស្សនៈខុសៗគ្នាលើបញ្ហាអ៊ុយក្រែន
លោក ត្រាំ និយាយថា លោកនឹងជំរុញឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះ ខណៈលោកស្រី ហារីស បានសង្កត់ធ្ងន់លើតម្រូវការ ជួយដល់កងកម្លាំងអ៊ុយក្រែនដើម្បីវាយបកប្រឆាំងរុស្ស៊ីវិញ។
នៅពេលសួរថាតើសហរដ្ឋអាមេរិកគួរតែបន្តជួយអ៊ុយក្រែនឲ្យឈ្នះសង្រ្គាមដែរឬក៏អត់នោះ លោក ត្រាំ ឆ្លើយថា «ខ្ញុំគិត បើអាមេរិកជួយសង្រ្គាមនេះបញ្ចប់វាជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ខ្លួនឯង ហើយយើងត្រូវចរចាលើកិច្ចព្រមព្រៀងមួយ ពីព្រោះយើងត្រូវបញ្ឈប់កុំឲ្យមានការសម្លាប់មនុស្សតទៅទៀត។ លោកអះអាងថា កង្វះភាពជាអ្នកដឹកនាំនៅក្នុងរដ្ឋបាលរបស់លោក បៃដិន នោះហើយ បានបើកដៃឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

ងាកទៅហារីសវិញ លោកស្រីបានរិះគន់ថា លោក ត្រាំ ហាក់ស្ទាក់ស្ទើរមិនគាំទ្រពេញទំហឹងដល់អ៊ុយក្រែនសោះ។ បើលោក ត្រាំ កាន់តំណែងមែន ថ្ងៃនេះប្រហែលជាប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ស្ថិតនៅក្នុងទីក្រុង កៀវ បាត់ទៅហើយ។
អ្នកស្រីអះអាងថា «យល់ទេ! សម្ព័ន្ធមិត្តអឺរ៉ុបរបស់យើងក៏ដូចជាសម្ព័ន្ធមិត្តណាតូ ពិតជាត្រេកអរខ្លាំងណាស់ដែលអ្នកលែងជាប្រធានាធិបតី។ យើងយល់ពីសារៈសំខាន់នៃយោធាដ៏អស្ចារ្យបំផុតដែលពិភពលោកបានស្គាល់នោះគឺ NATO»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើលក្ខខណ្ឌនៃការជជែកដេញដោលរវាងត្រាំ និង ហារីស ត្រូវកំណត់យ៉ាងណា?

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?