Connect with us

ព័ត៌មានអន្ដរជាតិ

កុមារ៤០០​នាក់​​ត្រូវ​ជួយសង្គ្រោះ​​ពី​កន្លែងថែទាំ​បន្ទាប់​ពីមានការ​​សង្ស័យ​​បំពាន​ផ្លូវ​ភេទ

បានផុស

នៅ

អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះកុមារជាង៤០០នាក់ដែលត្រូវបានគេសង្ស័យថា ត្រូវបានរំលោភបំពានផ្លូវភេទ និងរាងកាយនៅកន្លែងមើលថែទាំក្មេងគ្រប់គ្រងដោយ ក្រុមហ៊ុនអាជីវកម្មដ៏លេចធ្លោមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ខែកញ្ញានេះ។

(រូបភាព​៖ Royal Malaysia Police)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការវាយឆ្មក់លើទីតាំងចំនួន ២០ នៅទូទាំងរដ្ឋចំនួនពីរកាលពីថ្ងៃពុធ ប៉ូលិសបានជួយសង្គ្រោះកុមារចំនួន ៤០២ នាក់ និងបានចាប់ខ្លួនមនុស្សពេញវ័យចំនួន១៧១នាក់ រួមទាំងគ្រូបង្រៀន(សាសនា) និងអ្នកមើលថែទាំក្មេងផងដែរ។

កុមារដែលត្រូវបានជួយសង្គ្រោះរួមមានក្មេងប្រុស២០១នាក់និងក្មេងស្រី២០១នាក់ដែលមានអាយុចន្លោះពី១ឆ្នាំដល់ ១៧ឆ្នាំ។ កុមារ​ទាំង​នោះ​នឹង​ត្រូវ​បាន​គេ​ដាក់​បណ្ដោះអាសន្ន​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប៉ូលិស​ក្នុង​រដ្ឋធានី​គូឡាឡាំពួ ហើយ​នឹង​ទទួល​ការ​ពិនិត្យ​សុខភាព។

យោងតាមប៉ូលិស ទីតាំងទាំងនោះត្រូវបានគ្រប់គ្រងដោយ Global Ikhwan Services and Business (GISB) ខណៈការស៊ើបអង្កេតបឋមរបស់ប៉ូលិសបានកំណត់ថា កុមារដែលរងផលប៉ះពាល់គឺជាកូនប្រុសស្រីរបស់បុគ្គលិក GISB ដែលជាក្រុមហ៊ុន «អ៊ីស្លាម» ដែលពាក់ព័ន្ធនឹងអាជីវកម្មរាប់ចាប់ពីផ្សារទំនើបរហូតដល់កន្លែងបោកគក់។

កុមារទាំងនោះត្រូវបានបញ្ជូនទៅកន្លែងថែទាំភ្លាមៗបន្ទាប់ពីពួកគេកើត ហើយពួកគេត្រូវបានទទួលរងនូវការរំលោភបំពានជាច្រើនទម្រង់ រួមមានការបំពានផ្លូវភេទដោយមនុស្សពេញវ័យដែលមើលថែពួកគេ ហើយក្រោយមកបង្រៀនឱ្យបំពានផ្លូវភេទកុមារផ្សេងទៀត។ លើសពីនេះ​កុមារ​ដែល​ឈឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្វែងរក​ការ​ព្យាបាល​ទេ​រហូត​ដល់​ស្ថានភាព​របស់​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរ​​ ខណៈកុមារតូចៗមួយចំនួនក៏ត្រូវបានដុតដោយស្លាបព្រាក្តៅផងដែរ នៅពេលដែលពួកគេធ្វើខុស។

(រូបភាព​៖ Royal Malaysia Police)

ប៉ូលិសជឿថា GISB ដែលមានប្រតិបត្តិការនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងបារាំង បានកេងប្រវ័ញ្ចលើកុមារ និងប្រើប្រាស់មនោសញ្ចេតនាសាសនាដើម្បីប្រមូលអំណោយ និងការឧបត្តម្ភ។ ទោះបីជាយ៉ាងណានៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុននេះបាននិយាយថា គោលបំណងរបស់ក្រុមហ៊ុនគឺ «ដើម្បីអភិវឌ្ឍរបៀបរស់នៅរបស់ឥស្លាម ហើយគោលការណ៍របស់ក្រុមហ៊ុនមិនផ្ទុយនឹងសាសនាអ៊ីស្លាម និងច្បាប់នោះទេ»។

បន្ទាប់ពីការវាយឆ្មក់នេះនាយកដ្ឋានសាសនាឥស្លាម Selangor (JAIS) បានស្នើសុំឱ្យប៉ូលិសប្រគល់សម្ភារៈបង្រៀនដែលរឹបអូសបានក្នុងអំឡុងពេលវាយឆ្មក់នៅក្នុងរដ្ឋ Selangor និង Negeri Sembilanto ដើម្បីអាចសម្រេច ថាតើបទល្មើសណាមួយត្រូវបានប្រព្រឹត្តនៅក្រោមច្បាប់ឥស្លាម ដែលត្រូវបានអនុវត្តស្របគ្នានឹងច្បាប់សាសនានៅក្នុង ប្រព័ន្ធផ្លូវច្បាប់របស់ប្រទេស។

ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ក្រោម​ច្បាប់​ដែល​គ្របដណ្តប់​លើ​បទល្មើស​ផ្លូវភេទ​លើ​កុមារ និង​ការជួញដូរ​មនុស្ស​ ខណៈវាគឺជាករណីដែលបង្កឲ្យមហាជនម៉ាឡេស៊ីមានការភ្ញាក់ផ្អើលទូទាំងប្រទេសផងដែរ។

គួរបញ្ជាក់ថា GISB ត្រូវបានភ្ជាប់ជាមួយនិកាយសាសនា Al-Arqam ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលក្នុងឆ្នាំ ១៩៩៤៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម