ព័ត៌មានអន្ដរជាតិ
ឧបករណ៍ទាក់ទង ផ្ទុះដំណាលគ្នាទូទាំងប្រទេសលីបង់ ស្លាប់និងរបួសមនុស្សជិត ៣ ០០០នាក់
មនុស្សចំនួន៩នាក់ ត្រូវស្លាប់ និងជិត៣ ០០០នាក់រងរបួសនៅលីបង់ ខណៈឧបករណ៍ទាក់ទងដែលប្រើដោយក្រុមហេសបូឡា ផ្ទុះដំណាលគ្នា សឹងទូទាំងប្រទេស ហើយក្រោយហេតុការណ៍នេះ ចលនាប្រដាប់អាវុធសម្ព័ន្ធអ៊ីរ៉ង់ បានប្រកាសសងសឹកអ៊ីស្រាអែល ដោយមិនប្រណីដៃ។

ក្រុមហេសបូឡា ពេញនិយមប្រើឧបករណ៍ទាក់ទង ឬ ប៉េកឺ (Pager) នេះណាស់ ព្រោះពួកគេឈប់ប្រើទូរស័ព្ទចល័តជាយូរមកហើយ ដោយសារតែមិនទុកចិត្ត តួយ៉ាងដូចជាកាលពីឆ្នាំ១៩៩៦អ៊ីចឹង ដែលអ្នកជំនាញផលិតគ្រាប់បែករបស់ក្រុមហាម៉ាសឈ្មោះ Yahya Ayyash ត្រូវគេធ្វើឃាត ដោយការបំផ្ទុះទូរស័ព្ទនៅក្នុងដៃរបស់គាត់។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាលលីបង់, ក្រៅពីមនុស្សស្លាប់ មានមនុស្សយ៉ាងតិច២ ៧៥០នាក់បានរងរបួស ដោយក្នុងនោះ ២០០នាក់របួសធ្ងន់។

ការបំផ្ទុះបានចាប់ផ្តើមនៅភាគខាងត្បូងទីក្រុងបេរូត និងតំបន់មួយចំនួនទៀតនៃប្រទេសលីបង់ កាលពីរសៀលថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០២៤ (ពេលវេលានៅលីបង់) ហើយអូសបន្លាយពេលប្រហែលមួយម៉ោង ខណៈសាក្សីប្រាប់ថា ពួកគេបានឃើញផ្សែងហុយចេញពីហោប៉ៅខោមនុស្ស មុនលាន់ស្នូរផ្ទុះដូចកាំជ្រួច និងគ្រាប់កាំភ្លើង។
ប្រភពស្និទ្ធនឹងក្រុម ហេសបូឡា បានប្រាប់ AFP ថា ពីរនាក់ក្នុងចំណោមអ្នកស្លាប់ គឺជាកូនប្រុសរបស់សមាជិកសភាហេសបូឡា។ ចំណែកក្នុងចំណោមអ្នករបួស ក៏រួមមានទាំងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសលីបង់លោក Mojtaba Amani ផងដែរ។

ពាក់ព័ន្ធការផ្ទុះនេះដែរ មានអ្នកជំនាញមួយចំនួនលើកឡើងថា ប្រហែលជាមានការ hack ធ្វើឲ្យថ្មឧបករណ៍ទាក់ទង ឬ ប៉េកឺ (Pager) ឡើងក្តៅ បណ្តាលឲ្យឧបករណ៍នេះផ្ទុះតែម្តង។

ត្បិតតែ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ពិតមែន ប៉ុន្តែលីបង់ និងក្រុមហេសបូឡា បានចង្អុលចំមុខទៅអ៊ីស្រាអែល ដោយលោកនាយករដ្ឋមន្ត្រី Najib Mikati អះអាងថា ការផ្ទុះនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពលីបង់។
ការវាយប្រហារនេះ ពិតជាបង្កក្តីព្រួយបារម្ភខ្លាំងណាស ជាពិសេសបានរុញស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាឲ្យឡើងកម្តៅដល់កម្រិតខ្ពស់សាជាថ្មី បន្ទាប់ពីធូរស្រាលបានត្រឹមមួយរយៈប៉ុណ្ណោះ។

ជុំវិញរឿងនេះដែរ ក្រុមហ៊ុន Lufthansa Group និយាយថា ខ្លួនសម្រេចចិត្តផ្អាករាល់ការហោះហើរទៅនិងមកពីទីក្រុង Tel Aviv ក្នុងប្រទេសអ៊ីស្រាអែល និងទីក្រុង Tehran នៅប្រទេសអ៊ីរ៉ង់ ហើយក៏នឹងលែងឆ្លងកាត់ដែនអាកាសអ៊ីស្រាអែលនិងអ៊ីរ៉ង់ ជាបណ្តោះអាសន្នសិនដែរ។
យ៉ាងណា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនអាកាសចរណ៍ ផ្អាកសេវាកម្មទៅកាន់តំបន់នេះចាប់តាំងពីថ្ងៃទី៧ខែតុលាមក ជាក់ស្តែង Lufthansa Group និងក្រុមហ៊ុនផ្សេងទៀតក៏ផ្អាកជើងហោះហើរមួយចំនួនក្នុងតំបន់នេះដែរ កាលពីខែមេសា បន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារលើអ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល សម្លាប់មេបញ្ជាការម្នាក់ទៀតហើយរបស់ក្រុមហាម៉ាស

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?