ព័ត៌មានអន្ដរជាតិ
តួលេខអ្នកស្លាប់ដោយការបំផ្ទុះឧបករណ៍ទាក់ទងនៅលីបង់ កើនឡើងដល់៣៧នាក់ហើយ
រដ្ឋមន្ត្រីសុខាភិបាលលីបង់ លោក Firas Abiad បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការបំផ្ទុះឧបករណ៍ទាក់ទងកាលពីថ្ងៃអង្គារ និងថ្ងៃពុធ បានកើនឡើងដល់៣៧នាក់ ខណៈដែលអ្នករងរបួសមានដល់ទៅ ២ ៩៣១នាក់។

លោក Abiad បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការបំផ្ទុះនៅថ្ងៃអង្គារក្នុងប្រទេសលីបង់បានសម្លាប់មនុស្ស ១២នាក់ និង ២ ៣២៣នាក់ផ្សេងទៀតបានរងរបួស ដោយបន្ថែមថាមនុស្ស ២២៦នាក់ដែលរងរបួសកាលពីថ្ងៃអង្គារកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ចំណែកនៅរសៀលថ្ងៃពុធវិញ ចំនួនអ្នកស្លាប់មាន ២៥នាក់ ជាមួយនឹងការរងរបួសរហូតដល់ ៦០៨នាក់។
លោកបានបន្ថែមថា មន្ទីរពេទ្យសរុបចំនួន៦៤កន្លែងបានទទួលព្យាបាលអ្នករងរបួស។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ប្រទេសលីបង់ បានចេញសារាចរមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយហាមប្រាម «ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ Rafic Hariri មិនឲ្យដឹកជញ្ជូនឧបករណ៍ទាក់ទង pager ឬ walkie-talkie នៅលើយន្តហោះឡើយ»។
ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បាននិងកំពុងកើនឡើងចាប់តាំងពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ នៅពេលដែលក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ុកកែតជាច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធមានការគាំទ្រដោយអ៊ីរ៉ង់ដូចគ្នា។ អ៊ីស្រាអែលបានសងសឹកដោយការបាញ់មីស៊ីលចូលទៅភាគអាគ្នេយ៍នៃប្រទេសលីបង់។ ជម្លោះនេះបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់នៅលីបង់ ហើយក្រុមហេសបូឡា អះអាងថា ការវាយប្រហាររបស់ខ្លួនបានបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសផងដែរនៅក្នុងប្រទេសអ៊ីស្រាអែល ប៉ុន្តែមិនមានតួលេខច្បាស់លាស់នោះឡើយ។
ការបំផ្ទុះឧបករណ៍ទាក់ទងនាពេលថ្មីៗនេះបានបន្ថែមកម្ដៅមួយកម្រិតទៀតលើការប៉ះទង្គិចគ្នារវាងភាគីទាំង២នៅក្នុងរយៈពេល១១ខែកន្លងមកនេះ។
ថ្លែងទៅកាន់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាននិយាយថា អ៊ីស្រាអែលបានឈានចូលដល់ «ដំណាក់កាលថ្មី» នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហេសបូឡា។
គ្មានមន្ត្រីអ៊ីស្រាអែលរូបណា រួមទាំងលោក Gallant បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះឧបករណ៍ទាក់ទងនៅលីបង់ ដែលក្រុមហេសបូឡា សន្មតថាជាអ៊ីស្រាអែលនោះទេ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?