ព័ត៌មានអន្ដរជាតិ
ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា
ក្រសួងសុខាភិបាលលីបង់ បានបញ្ចេញតួលេខចុងក្រោយថា ចំនួនមនុស្សស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសខ្លួន បានកើនឡើងដល់៤៩២នាក់ហើយ ខណៈ ១ ៦៤៥នាក់ទៀតរងរបួស។

ក្រសួងបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ ក៏មានកុមារ២៤នាក់ និងស្ត្រី៤២នាក់ផងដែរ ហើយនេះគឺជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងអំពើហិង្សានៅប្រទេសលីបង់ចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ១៩៧៥-១៩៩០។
នេះគឺជាការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើលីបង់ ហើយវាកើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែល ប្រកាសឲ្យពលរដ្ឋរស់នៅក្នុងឬក្បែរទីតាំងឈរជើងរបស់ក្រុមហេសបូឡា ត្រូវជម្លៀសចេញជាបន្ទាន់ ហើយជុំវិញស្ថានការណ៍ឡើងកម្តៅនេះ សហរដ្ឋអាមេរិកក៏ប្រកាសបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ។

កងកម្លាំងអាកាសអ៊ីស្រាអែលបានបង្ហោះលើបណ្តាញសង្គម X ថា ខ្លួនបានធ្វើបេសកកម្មវាយប្រហារប្រហែល៦៥០លើកក្នុងរយៈពេល២៤ម៉ោង ដោយប្រើមីស៊ីលជាង ១ ៤០០គ្រាប់ វាយប្រហារលើគោលដៅជាង១ ១០០កន្លែង។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari និយាយថា អ៊ីស្រាអែល បានបាញ់កម្ទេចទីតាំងលាក់គ្រាប់មីស៊ីលនិងរ៉ុកកែតទម្ងន់ធ្ងន់របស់ក្រុមហេសបូឡា ហើយចោទថា ចលនាសកម្មប្រយុទ្ធលីបង់មួយនេះ កំពុងរៀបផែនការសម្លាប់រង្គាលទ្រង់ទ្រាយធំជាងការវាយប្រហារឆ្លងដែន ដែលក្រុមហាម៉ាស ធ្វើនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ចេញពីតំបន់ហ្គាហ្សាកាលពីឆ្នាំមុនទៅទៀត។

ពាក់ព័ន្ធការឡើងកម្តៅនេះ មន្ទីរបញ្ចកោណប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានបន្ថែមមួយចំនួនទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសារភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ ឈានដល់កម្រិតខ្ពស់ ប៉ុន្តែខ្លួនមិនបញ្ជាក់ឡើយថា ទ័ពដែលនឹងត្រូវបញ្ជូនទៅមានចំនួនប៉ុន្មាននាក់។
យ៉ាងណា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បាននិងកំពុងព្យាយាមទប់ស្កាត់មិនឲ្យជម្លោះនៅតំបន់ហ្គាហ្សាពុះកញ្ជ្រោលដល់ថ្នាក់គ្រប់គ្រងលែងបានឡើយ ហើយអំពាវនាវជាថ្មីឲ្យដោះស្រាយវិបត្តិព្រំដែនអ៊ីស្រាអែល-លីបង់តាមរយៈផ្នែកការទូត។

ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ឯណោះ ក៏បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះចំនួនជនស៊ីវិលដែលបាត់បង់ជីវិតនៅក្នុងប្រទេសលីបង់។
លើសពីនេះ បណ្តាមេដឹកនាំពិភពលោក សុទ្ធតែចេញមុខថ្កោលទោសទង្វើរបស់អ៊ីស្រាអែល ហើយនាំគ្នាអំពាវនាវឲ្យភាគីទាំងសងខាង ត្រូវបន្តអត់ធ្មត់និងជ្រើសរើសដោះស្រាយសន្តិវិធីចំពោះជម្លោះនេះវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ប្រកាសឲ្យពលរដ្ឋនៅលីបង់ ប្រញាប់ចាកចេញពីទីតាំងក្រុមហេសបូឡា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?